វត្តខ្នារកកោះ ស្រុកបូរីជលសា ខេត្តតាកែវ

ព្រះវិហារវត្តខ្នារកកោះ ស្ថិតនៅក្នុងភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ នៅតែបន្សល់ទុកស្លាកស្នាមដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមរហូតមកដល់សព្វថ្ងៃនេះ។ អ្នកភូមិ ពុទ្ធបរិស័ទចំណុះព្រមទាំងគណៈកម្មការវត្តខ្នារកកោះ បានបោះបង់ព្រះវិហារនេះចោលមួយអន្លើរ ហើយបាននិងកំពុងកសាងព្រះវិហារថ្មីសន្លាងមួយស្ថិតនៅក្បែរព្រះវិហារ​ចាស់ប្រមាណ២០ម៉ែត្រ ដោយសារតែព្រួយបារម្ភពីការបាក់ស្រុតនៃអគារព្រះវិហារនេះ។ នៅខាងក្នុងព្រះវិហារចាស់ទ្រុឌទ្រោមមួយនេះ មានបន្សល់ទុកព្រះពុទ្ធបដិមាធ្វើពីស៊ីម៉ង់ត៍ធំមួយភ្នែន និងក្តារមឈូសបាក់បែកធ្វើពីឈើមួយស្ថិតនៅពីក្រោយបល្ល័ង្គព្រះ។ ជើងសសរទាំងអស់ដែលទ្រតួព្រះវិហារទាំងមូល មានសភាពប្រេះស្រាំខ្លាំង និងបែកជាបំណែកៗ។

ព្រះតេជគុណចៅអធិការវត្ត និងគណៈកម្មការវត្តបានប្រាប់ឲ្យដឹងថា សភាពប្រេះស្រាំទាំងនេះគឺបណ្តាលមកពីជាតិប្រៃនៃអំបិលដែលខ្មែរក្រហមបានស្តុកទុកកាលពីរជ្ជកាលគ្រប់គ្រងដោយ ប៉ុល ពត។ ជញ្ជាំងព្រះវិហារទាំងបួនទិស ក៏ត្រូវបានបាក់ស្រុត និងរបេះដោយដុំៗ។ គំនូរពណ៌នៅតាមជញ្ជាំង និងដំបូល គឺនៅមានសភាពស្រស់ស្អាត ចម្រុះពណ៌ និងច្បាស់ៗ។ ក្រៅពីប្រើប្រាស់ជាឃ្លាំងអំបិល ខ្មែរក្រហមបានប្រើប្រាស់អគារព្រះវិហារនេះជាមន្ទីរពេទ្យ និងកន្លែងដាក់អ្នកជំងឺទៀត។ មិនមានអ្នកជំងឺស្លាប់នៅក្នុងព្រះវិហារនេះច្រើនទេ ហើយសាកសពទាំងនោះត្រូវបានសែងចេញយកទៅកប់ចោលនៅបរិវេណមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងព្រះវិហារ។

នៅក្រោយឆ្នាំ១៩៧៩ ផ្នែកខ្លះនៃព្រះវិហារ ត្រូវបានជួសជុលឡើងវិញ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាដែលទើបងើបឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម។ បើតាមប្រវត្តិរបស់វត្តខ្នារកកោះដែលរៀបរាប់ដោយព្រះចៅអធិការបានឲ្យដឹងថា បរិវេណវត្តនេះត្រូវបានបង្កើតឡើងនៅលើទីទួលមួយកន្លែងកាលពីឆ្នាំ១៨០៦ ហើយមកដល់ពេលបច្ចុប្បន្នមានអាយុកាល២១៧ឆ្នាំ គ្រប់គ្រងដោយព្រះគ្រូចៅអធិការ១៥ជំនាន់រួចមកហើយ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖