នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ វេទិកាថ្នាក់រៀនដំបូងដើមឆ្នាំ២០២៣នេះ រៀបចំឡើងសម្រាប់សិស្សានុសិស្សចំនួន២៥នាក់មកពីវិទ្យាល័យអន្លង់វែង ក្នុងគោលបំណង «ឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) និងការទប់ស្កាត់ការកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍»។
ចាប់ផ្ដើមដំបូងនៃថ្នាក់រៀន សិស្សទាំងអស់ត្រូវធ្វើការបែងចែកចេញជា៦ក្រុម ដោយក្នុងមួយក្រុមមានសមាជិកចំនួន៤នាក់ និងមានរូបភាពមួយផ្ទាំង។ ក្រុមនីមួយៗត្រូវធ្វើការពិភាក្សាគ្នាទៅលើរូបភាពដែលខ្លួនទទួលបានរួចឆ្លើយនឹងសំណួរ។
ខ្លឹមសាររូបភាពទី១) ធ្វើការងារដោយបង្ខំរបស់ប្រជាជនខ្មែរនៅក្នុងសម័យខ្មែរក្រហម រួមមាន ការលើកទំនប់ និង ជីកប្រឡាយ ដោយមានសិស្សានុសិស្សក្រុមទី៤ និងទី៥ធ្វើការពិភាក្សា។ សិស្សម្នាក់តំណាងឲ្យក្រុមទី៥លើកឡើងថា «នៅក្នុងរូបភាពនេះខ្ញុំឃើញមនុស្សទាំងចាស់ក្មេងនាំគ្នាសាងសង់ទំនប់ ជីកដី រែកដី គ្មានពេលសម្រាក។ មនុស្សគ្រប់គ្នាស្លៀកពាក់ពណ៌ខ្មៅទៅធ្វើការ។ ចំណែកតំណាងក្រុមទី៤ បានបកស្រាយថា «រូបភាពមួយនេះបានបង្ហាញពីប្រជាជននៅសម័យខ្មែរក្រហមធ្វើការងារកាប់ដី កសាងទំនប់ទឹក កសាងផ្លូវសម្រាប់ធ្វើដំណើរ ហើយប្រជាជនមួយក្រុមទៀតកំពុងនាំគ្នាលើកភ្លឺស្រែ និងដកស្ទូង។ នៅពេលឃើញរូបភាពនេះខ្ញុំពិតជាមានការអាណិតអាសូរដល់ប្រជាជននៅសម័យនោះដែលខំធ្វើការទាំងយប់ទាំងថ្ងៃ និងទទួលអាហារមិនគ្រប់គ្រាន់។ ប្រជាជនធ្វើការទាំងឈឺ គ្មានពេលសម្រាក ហើយត្រូវព្រាត់ប្រាស់ប្រពន្ធប្ដី បងប្អូន កូនចៅ និងក្រុមគ្រួសារឪពុកម្ដាយថែមទៀត»។
ខ្លឹមសាររូបភាពទី២) ការប្រមូលភ័ស្ដុតាងពីរណ្ដៅសាកសពដែលនៅសេសសល់ក្រោយសម័យសង្គ្រាម ដែលមានក្រុមទី៦ និងទី១ ធ្វើការពិភាក្សា។ បន្ទាប់មកសិស្សម្នាក់តំណាងឲ្យក្រុម៦ឡើងបកស្រាយថា « រូបភាពដែលខ្ញុំឃើញគឺសាកសពដែលនៅសល់ពីសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៩។ សាកសពទាំងនោះមានដូចជា លលាដ៏ក្បាល និងឆ្អឹងជនរងគ្រោះ ដែលស្លាប់យ៉ាងវេទនា។ ក្រោយពីមើលរូបភាពនេះហើយ ខ្ញុំភ័យខ្លាច និងរន្ធត់ និងអាណិតអ្នកដែលស្លាប់។ ខ្ញុំមិនចង់ឲ្យរឿងបែបនេះកើតឡើងម្ដងទៀតឡើយ។ ចំណែកក្រុមទី១ បកស្រាយថា «ទាក់ទងអំពីរូបភាពនេះខ្ញុំយល់ឃើញថាចំនួនអ្នកស្លាប់ប្រមាណ១០០៤៥នាក់ និងរកឃើញឆ្អឹង។ តាមរយៈរូបភាពនេះ គឺបង្ហាញទីកន្លែងមួយដែលមានផ្ទុកពោរពេញទៅដោយគ្រោងឆ្អឹង និងលលាដ៏ក្បាលសាកសពប្រជាជនខ្មែរដែលស្លាប់ដោយអយុត្តិធម៌។ ខ្ញុំឃើញបុរសម្នាក់មកអុជធូប និងរំឭកដល់ប្រជាជនខ្មែរបានស្លាប់។ ខ្ញុំអាណិតជាតិសាសន៍ខ្លួនឯងដែលត្រូវបានសម្លាប់អស់រាប់ម៉ឺននាក់ ហើយបន្សល់ទុកតែលលាដ៏ក្បាល។ ឆ្អឹងលលាដ៏ក្បាលនេះ ខ្ញុំមិនដឹងថាស្លាប់ដោយវិធីណាខ្លះទេ ប៉ុន្តែខ្ញុំយល់ថា វាពិតជាគួរឲ្យសង្វេគណាស់។ ខ្ញុំចូលរួមសោកស្ដាយចំពោះគ្រួសារសពដែលបាត់បង់សមាជិកគ្រួសារ សោកស្ដាយទៅលើធនធានមនុស្សដែលស្លាប់ទៅដោយអយុត្តិធម៌។ លើសពីនេះទៅទៀត ការស្លាប់នេះបានបន្សល់ទុក្ខយ៉ាងក្រៀមក្រំ និងប្រវត្តិសាស្រ្តដ៏ជូរចត់ដល់កូនខ្មែរជំនាន់ក្រោយ។
ខ្លឹមសាររូបភាពទី៣) ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមក្រោយឆ្នាំ១៩៧៩ ដោយមានក្រុមទី៣និងក្រុមទី២ ធ្វើការពិភាក្សា។ សិស្សម្នាក់តំណាងក្រុមទី៣ឡើងបកស្រាយថា «ខ្ញុំឃើញរូបភាពប្រជាជនឈរនៅមុខតុលាការច្រើនកុះករ ដើម្បីចូលរួមស្តាប់សវនាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ខ្ញុំឃើញប៉ូលិសនៅក្នុងតុលាការប្រជាជនបដិវត្តន៍ និងឃើញប្រជាជនប្រុសស្រីនៅពីមុខតុលាការធ្វើដំណើរមកមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម។ តាមរយៈរូបភាពនេះ ខ្ញុំយល់ឃើញថាប្រជាជនជាច្រើនមកកាន់តុលាការដើម្បីចូលរួមស្តាប់ការកាត់ទោស។ ប្រជាជនគាំទ្រទៅលើការកាត់ទោសមេដឹកនាំខ្មែរក្រហម និងលែងអស់បារម្ភពីការសម្លាប់តទៅទៀត»។ ចំណែកក្រុមទី២ បកស្រាយថា «បន្ទាប់ពីខ្ញុំបានមើលរូបភាពនេះហើយ ឃើញមានមនុស្សមួយក្រុមហើយនៅខាងមុខមានស្លាកមួយសរសេរថា ប្រធានតុលាការ ដែលអាចឲ្យខ្ញុំសន្និដ្ឋានថាគឺជាការកាត់ទោស ប៉ុល ពត និង អៀង សារី ពីបទអំពើប្រល័យពូជសាសន៍ ដែលមានលោក កែវ ចិន្តា គឺជាប្រធានតុលាការ។
ក្រោយពីរបបខ្មែរក្រហមបញ្ចប់ទៅបានបន្សល់ទុកស្រ្តីមេម៉ាយ កុមារកំព្រា និងបញ្ហាផ្លូវចិត្តដល់ប្រជាជនកម្ពុជាដែលបាត់បង់សមាជិកគ្រួសារ។ ដូច្នេះការកាត់ទោសនេះ ក៏ជាផ្នែកមួយធ្វើឲ្យប្រទេសកម្ពុជាបានធូរស្បើយ។ ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញមានការបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម»។
បន្ទាប់មក បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសសន្តិភាពអន្លង់វែង ធ្វើការពន្យល់អំពីខ្លឹមសារសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដែលបង្ហាញនូវប្រវត្តិព្រឹត្តិការណ៍ជាច្រើនដោយរាប់ចាប់តាំងពីការកកើតរបបខ្មែរក្រហម រហូតដល់របបត្រូវបានផ្ដួលរំលំ។ របបខ្មែរក្រហមគឺដឹកនាំដោយ បក្សកុម្មុយនិស្តកម្ពុជា។ ដោយសារតែការដឹកនាំបែបជ្រុលនិយម ធ្វើឲ្យប្រជាជនខ្មែរប្រមាណជា២លាននាក់ត្រូវស្លាប់បាត់បង់ជីវិតព្រោះតែការធ្វើការងារដោយបង្ខំ ការបង្អត់អាហារនិងការធ្វើទារុណកម្មដែលឈានដល់ការប្រព្រឹត្តនូវអំពើប្រល័យពូជសាសន៍។ ពាក្យថាប្រល័យពូជសាសន៍នេះក៏ត្រូវបានពន្យល់យ៉ាងស៊ីជម្រៅនៅក្នុងថ្នាក់រៀនដែរ។
នៅត្រង់ជំពូក១២ ទំព័រទី៦៩ សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បានធ្វើការពន្យល់យ៉ាងច្បាស់នូវមូលហេតុបីយ៉ាងនាំឲ្យរបបខ្មែរក្រហមដួលរលំ។ ទី១) សុខភាពទ្រុឌទ្រោមរបស់ប្រជាជន ទី២)ការធ្វើបន្សុទ្ធកម្ម និងទី៣)ការប៉ះទង្គិចជាមួយវៀតណាម។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ និងចូលគ្រប់គ្រងប្រទេសកម្ពុជា។ ក្រោយពីរបបនេះដួលរលំ កងទ័ពកម្មាភិបាល និងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនាំគ្នារត់ភៀសខ្លួនទៅកាន់ព្រំដែនខ្មែរ-ថៃ ដើម្បីធ្វើការប្រមូលកម្លាំងក្រោកតស៊ូឡើងវិញ។
នៅពេលចប់កម្មវិធី សិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ហ៊ូ ចាន់ម៉ីម៉ី ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យអន្លង់វែង លើកឡើងថា «ខ្ញុំ ស្ញើចសរសើរអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម ព្រោះគាត់ខិតខំប្រឹងតស៊ូដើម្បីរួចជីវិតពីសង្គ្រាមរហូតមកដល់សព្វថ្ងៃ។ ប្រវត្តិសាស្រ្តនេះបានបង្រៀនដល់យុវជនយ៉ាងច្រើន អំពីផលវិបាកនៃសង្គ្រាម និងការដឹកនាំបែបផ្ដាច់ការរបស់ខ្មែរក្រហម។ ប្រជាជនភាគច្រើនបាត់បង់ជីវិត ដោយសារការធ្វើការងារដោយបង្ខំ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងសម្លាប់ ដែលសុទ្ធតែជាអំពើរំលោភបំពានទៅលើសិទ្ធិមនុស្ស»។
នន់ ថារិទ្ធី ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យអន្លង់វែង បានរៀបរាប់ថា « យើងអាចទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតឡើងវិញ អាស្រ័យលើប្រជាជន គឺប្រជាជនត្រូវចេះស្រឡាញ់គ្នា យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក បញ្ឈប់រាល់ការរើសអើងគ្នាតាមរយៈ វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនា។ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ និងចូលរួមផ្សព្វផ្សាយឲ្យបានច្រើនអំពីផលប៉ះពាល់អំពើប្រល័យពូជសាសន៍នេះ»។
អត្ថបទ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា