ពិព័រណ៍ស្តីអំពីអំពើប្រល័យពូជសាសន៍ និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា

ដើម្បីអបអរពិធីខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ អបអរ​សាទរ​ខួប​២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងខួប៥ឆ្នាំនៃវិមានឈ្នះ ឈ្នះ មជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសដែលត្រូវបានផ្តល់ការអនុញ្ញាតឲ្យរៀបចំការតាំងពិព័រណ៍ ស្តីអំពីអំពើប្រល័យ​ពូជសាសន៍ និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២២ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាគណៈអធិបតី។

ពិព័រណ៍ស្តីអំពីអំពើប្រល័យពូជសាសន៍ និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជាបានរួមចំណែកដល់នយោបាយឈ្នះ​ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ខ្លឹមសារជាកម្មវត្ថុរួមនៃពិព័រណ៍ប្រវត្ដិសាស្រ្ដខ្មែរក្រហម ដើម្បីបង្ហាញឲ្យឃើញពីដំ​ណើរដើមទងនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការដួលរលំរបស់ខ្មែរក្រហម ការតស៊ូក្នុងសង្គ្រាមស៊ីវិលក្រោយការដួលរលំរបស់របបខ្មែរក្រហមឆ្នាំ១៩៧៩ រហូតដល់មានគោលនយោ​បាយឈ្នះ ឈ្នះ និងការរស់ឡើងវិញនៃប្រទេសកម្ពុជា។

នៅក្នុងខ្លឹមសារពិព័រណ៍ទាំងមូលមាន៣ផ្នែកសំខាន់ៗគឺ ទី១) អង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលមានរូបភាពចាប់ពីឆ្នាំ១៩​៧៥ ដល់ ឆ្នាំ១៩៧៩ ដែលពីកម្មាភិបាលខ្មែរក្រហម មេដឹកនាំកំពូលៗ បានថតនៅទីតាំងព្រលានយន្ដហោះ តាមមន្ទីរនានានៅក្នុងរដ្ឋធានីភ្នំពេញក្នុងរបបខ្មែរក្រហម ដែលបង្ហាញអំពីវត្ដមានរបស់ខ្មែរក្រហមនៅទីនោះ ខណៈដែលមេដឹកនាំក្នុងរបបនេះបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយបារម្ភខ្លាចមានការទម្លាក់គ្រាប់បែក។ ទាំងនេះ គឺជាការភូតកុហកមួយ។ នៅក្នុងផ្នែកដដែលនេះក៏បានបង្ហាញថា នៅពេលដែលរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅក្នុងឆ្នាំ១៩​៧៩ មេដឹកនាំ និងអ្នកដើរតាមរបបនេះ បានភៀសខ្លួនទៅនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ដើម្បីប្រមូលកម្លាំងតស៊ូឡើងវិញ។ ទោះបីរបបខ្មែរក្រហមបានដួលរលំហើយក៏ដោយ ក៏ក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំងរបស់ខ្មែរក្រហមនៅមានវត្ដមាននៅឡើយ។ ម្យ៉ាងទៀត ប្រជាជនដែលរត់កាត់ព្រៃ និងឆ្លងកាត់គ្រោះថ្នាក់ផ្សេងៗទៅកាន់ព្រំដែន ក៏ទទួលរងគ្រោះ ដោយសារជំងឺ អត់អាហារ និងជាន់មីនផ្ទុះស្លាប់នៅតាមផ្លូវ។ ប្រជាជនមួយចំនួនទៀត ក៏បានចូលរួមក្នុងការតស៊ូនៅតាមព្រំដែនរហូតដល់ឆ្នាំ១៩៩៨។

ខ្លឹមសារនៅក្នុងផ្នែកទី២) បទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបង្ហាញអំពីការធ្វើការងាររបស់ប្រជាជននៅតាមសហករណ៍ ការដ្ឋាន លើកទំនប់ ជីកប្រឡាយ និង ប្រព័ន្ធធារាសាស្រ្ដផ្សេងៗ ដែលសុទ្ធតែការងារដោយបង្ខំ និងភ័ស្ដុតាងដែលបានកើតឡើង។ នៅក្នុងផ្នែកដដែលនេះ ក៏បង្ហាញអំពីទីតាំងបទឧក្រិដ្ឋ ដូចជា ការគាស់រណ្ដៅសាកសពជនរងគ្រោះដែលខ្មែរក្រហមសម្លាប់ នៅតាមបណ្ដាភូមិឋាននានានៅក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០។ ទោះបីមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមរត់ភៀសខ្លួនទៅកាន់ព្រំដែនកម្ពុជា-ថៃ ក៏ប្រជាជនកម្ពុជានៅតែទទួលរងនូវសម្ពាធផ្លូវអារម្មណ៍នូវការបែកបាក់ និងព្រាត់ប្រាស់ក្រុមគ្រួសារ ការស្វែងរកសាច់ញាតិ និងការគាស់រណ្ដៅសាកសពរួម ដើម្បីធ្វើបុណ្យឧទ្ទិសកុសលតាមព្រះពុទ្ធសាសនា។ នៅក្នុងផ្នែកនេះ ក៏បង្ហាញអំពីភស្ដុតាងនៃអំពើទារុណកម្មនៅតាមមន្ទីរសន្ដិសុខរបស់ខ្មែរក្រហម ក្នុងនោះមានមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង ការចាប់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់ជាប្រព័ន្ធទៅលើប្រជាជនរាប់ពាន់នាក់។

ចុងក្រោយ គឺផ្នែកទី៣) បង្ហាញពីការរស់ឡើងវិញរបស់ប្រទេសកម្ពុជា​ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្នែកនេះគឺបង្ហាញអំពីការតស៊ូ និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិចេញពីអំពើប្រល័យពូជសាសន៍ និងបង្ហាញអំពីជីវិតនៃការរស់ឡើងវិញនៅក្រោយឆ្នាំ១៩៧៩ រួមមានផ្នែក សិល្បៈ តន្ដ្រី  មុខរបរអាជីពកាត់ដេរ ជីវិតដើរកម្សាន្តនៅតាមមាត់ទន្លេ រមណីយដ្ឋានផ្សេងៗ រួមមានទាំងការស្វែងរកយុត្ដិធម៌ តាមរយៈការកាត់ទោសមេដឹកនាំខ្មែរក្រហម ដូចជា ប៉ុល ពត, អៀង សារី, ខៀវ សំផន ដាក់គុកអស់មួយជីវិតដោយកំបាំងមុខកាលពីខែសីហា ឆ្នាំ១៩៧៩, ការរស់ឡើងវិញនៃសាសនា សិក្សាធិការ ជនជាតិភាគតិច រួមជនជាតិភាគតិចតំបន់ភ្នំ និងជនជាតិភាគតិចចាមជាដើម។ ជារួម ផ្នែកនេះ គឺនិយាយអំពីការរស់ឡើងវិញក្រោយការដួលរលំនៃរបបប៉ុល ពត និងការកសាងសង្គមជាតិឡើងវិញបន្ដិចម្ដងៗ រហូតដល់ប្រទេសកម្ពុជាទទួលបានការរីកចម្រើនក្រោមដំបូលនៃសុខសន្ដិភាពដូចនាពេលបច្ចុប្បន្ននេះ។ នៅក្នុងពិព័រណ៍នេះ ក៏មានការរំលេចនូវរូបថតរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការដំណើរតស៊ូឆ្លងកាត់តំបន់អិច១៦ចូលទៅក្នុងប្រទេសវៀតណាម ដើម្បីស្នើសុំជំនួយដែរ។ នៅក្នុងរូបថតនេះ មជ្ឈមណ្ឌលឯកសារកម្ពជាបង្ហាញនូវពាក្យស្លោកមួយឃ្លាដែលនិយាយអំពី «រវាងលំហរមេឃ និងផែនដី គឺវិមានឈ្នះ ឈ្នះ នៃមនុស្សជាតិ​ដែលបានប្រសូត្រចេញពីដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

អត្ថបទ ៖ សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក