របបខ្មែរក្រហមបានប្រព្រឹត្តការបំពារបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសតវត្សរ៍ទី២០ ដែលបណ្តាលឲ្យប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏សោកសង្វេងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កម្ពុជាបានទទួលរងទុក្ខទោម្នេញពីរបបនេះដោយផ្ទាល់ ក៏ប៉ុន្តែ កម្ពុជា បានស្វះស្វែងស្តារប្រទេសរបស់ខ្លួនពីបាតដៃទទេ រហូតមានថ្ងៃនេះ។ កម្ពុជា នឹងបន្តអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីមនុស្សជំនាន់ក្រោយនិងជាផ្នែកមួយនៃពិភពលោកដ៏ត្រចះត្រចង់។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការចងក្រងឯកសារអំពីប្រវត្តិសាស្ត្រដ៏លំបាកលំបិននេះ ដើម្បីបុព្វហេតុយុត្តិធម៌, ការចងចាំ និងការផ្សះផ្សា សម្រាប់ប្រជាជាតិរបស់ខ្លួននិងពិភពលោក។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា