រឿងរ៉ាវរបស់ ប៊ូ សុភាពនិង ស្មីញ ហៀត មករស់នៅស្រុកអន្លង់វែង

ខ្ញុំឈ្មោះ ប៊ូ សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិថ្នឹង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំរស់នៅ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ គឺប្រុសទាំងអស់។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិថ្នឹង ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក។ ប្រជាជនដែលនៅក្នុងភូមិខ្ញុំ រត់ភៀសខ្លួនពីភូមិមួយទៅភូមិមួយ។ ចំណែកឯ គ្រួសារខ្ញុំបានរត់ទៅជាមួយប្រជាជនដទៃទៀតដែរ។ រហូតដល់ឆ្នាំ១៩៧៥ គ្រួសារខ្ញុំ រួមទាំងអ្នកភូមិជាច្រើននាក់ទៀត រត់ភៀសខ្លួនទៅដល់ទីរួមខេត្តព្រៃវែង។ បន្ទាប់ពីទៅដល់ទីនោះហើយ ម្ដាយខ្ញុំបង្ខំឲ្យឪពុកខ្ញុំរត់ចូលទៅប្រទេសវៀតណាម ដោយសារតែឪពុកខ្ញុំគឺជាកម្ពុជាក្រោម។ ក្រោយពីនិយាយពិភាក្សាគ្នារួចហើយ ក៏នាំគ្នាដើរទៅមុខ ភ្លាមៗនោះឪពុករបស់ខ្ញុំត្រូវខ្មែរក្រហមបាញ់សម្លាប់។ កាលណោះ ខ្ញុំទើបតែមានអាយុ១២ឆ្នាំតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំចូលក្នុងកងកុមារ។ ការងារនៅក្នុងកងកុមារដែលខ្ញុំត្រូវធ្វើគឺកាប់ទន្ទា្រនខេត្ត និងធ្វើជី។ ក្នុងមួយកងកុមារ មានកុមាររាប់រយនាក់។ ចំណែកការហូបចុកនៅក្នុងកងកុមារ គឺពិបាកណាស់ ក្នុងមួយថ្ងៃហូបបបរទាំងព្រឹក ទាំងល្ងាច។ ម្ដាយរបស់ខ្ញុំត្រូវបានគេយកទៅដាក់គុក និងដាក់ច្រវាក់ជើងនៅទីរួមខេត្តព្រៃវែង។ ម្ដាយរបស់ខ្ញុំ ត្រូវដាក់ច្រវាក់ជើងជាប់រហូត ទាល់តែដល់ម៉ោងធ្វើការក្នុងរោងបាយទើបឈ្លបគុកដោះច្រវាក់ចេញ។ ពេលម្ដាយខ្ញុំ ចេញមកធ្វើការគាត់តែងតែមកលេងខ្ញុំ រួមទាំងមានអាហារដូចជា បាយក្ដាំង និងដំឡូងមកផ្ញើខ្ញុំរាល់ដង។ ខ្ញុំរស់នៅក្នុងកងកុមាររហូតដល់ឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមចូលមកដល់។ ខ្ញុំ រួមទាំងកុមារជាច្រើននាក់ទៀតបានរត់ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ពេលទៅដល់ស្រុកកំណើតវិញ ខ្ញុំមិនឃើញម្ដាយខ្ញុំទេ ដល់រយៈពេល៣ខែ ទើបម្ដាយខ្ញុំទៅដល់ស្រុកកំណើត។ ក្រោយមក ខ្ញុំសម្រេចចិត្តចូលសិក្សាបន្ត។ នៅឆ្នាំ១៩៨៩ ខ្ញុំបញ្ចប់ការសិក្សានៅវិទ្យាល័យកំពង់ត្របែក ដែលស្ថិតនៅក្នុងខេត្តព្រៃវែង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យហើយ ខ្ញុំសម្រេចចិត្តចូលធ្វើកងទ័ពខាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមាណិតកម្ពុជា។ ក្រោយមកទៀត ខ្ញុំត្រូវបញ្ជូនឲ្យមកវាយនៅតាទុំ និងភ្នំវល្លិ៍។ រហូតដល់ឆ្នាំ១៩៩៣ ខ្ញុំមកវាយនៅភ្នំវល្លិ៍។ រហូតដល់ឆ្នាំ២០០១ ខ្ញុំបានមកកាន់ខេត្តឧត្តរមានជ័យ។ ខ្ញុំរស់នៅទីនោះបានមួយរយៈខ្ញុំក៏ធ្វើដំណើរមកកាន់ស្រុកអន្លង់វែងវិញ។ នៅពេលដែលខ្ញុំមកដល់អន្លង់វែងខ្ញុំក៏ទិញបានដីផ្ទះ និងដីចម្ការបានមួយចំនួន ហើយខ្ញុំក៏សម្រេចចិត្តរស់នៅក្នុងភូមិអូរតាម៉េងនេះរហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំឈ្មោះ ស្មីញ ហៀត ភេទស្រី អាយុ៦៧ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីកុមារខ្ញុំរស់នៅជាមួយឪពុកម្ដាយ ដោយប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ដែលបងប្អូនខ្ញុំម្នាក់ស្លាប់នៅសម័យខ្មែរក្រហម។ ខ្ញុំមិនដែលបានរៀនសូត្រទេ ព្រោះនៅភូមិខ្ញុំសុទ្ធតែព្រៃមិនមានសាលារៀននោះទេ។ ក្រោយមកប្រហែលនៅឆ្នាំ១៩៧៣ ខ្ញុំចាំថាមានយន្តហោះទម្លាក់គ្រាប់បែកច្រើនណាស់នៅក្នុងភូមិលំទងនេះ។ ប្រជាជនលាក់ខ្លួនពួននៅតាមដំបូក តាមព្រៃ ដោយពុំសូវ មានជីកលេណដ្ឋានបម្រុងទុកនោះទេ។ អ្នកភូមិត្រូវរត់គេចពីគ្រាប់ជារឿយៗតាំងពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។ ក្រោយពីការទម្លាក់គ្រាប់បែកស្ងាត់ទៅវិញ ប្រជាជនចេញមកធ្វើការងារប្រកបរបររកស៊ីធម្មតា ទៅតាមគ្រួសាររៀងៗខ្លួន។ មុនពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រង ខ្ញុំបានរៀបការមានគ្រួសារ និងមានកូនប្រុសម្នាក់។ លុះនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបង្កើតឲ្យមានជាសហករណ៍នៅតាមភូមិ។ ទ្រព្យសម្បត្តិផ្ទះសម្បែង ខ្ញុំទាំងអស់ត្រូវចាត់ចូលជាសម្បត្តិរួមនៅក្នុងសហករណ៍។ អ្នកគ្រប់គ្រងនៅក្នុងសហករណ៍ខ្ញុំ មិនមែនជាប្រជាជននៅក្នុងភូមិទេ សុទ្ធតែជាអ្នកដែលមកពីភូមិផ្សេងៗដូចជា ភូមិផ្អាវ , ភូមិឫស្សី ដែលអ្នកភូមិហៅថា ខាងនិរតី ។ កាលណោះនរណាដែលមិនចេះអក្សរ, ល្ងង់អវិជ្ជាគឺសុទ្ធតែត្រូវជ្រើសរើសឲ្យឡើងធ្វើតួនាទីធំ។ ចំណែកអ្នកដែលមានចំណេះដឹង ជានាយទុនគឺខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការដកស្ទូង។ យើងហូបចុកមិនគ្រប់គ្រាន់នោះទេ។ យើងទទួលបានត្រឹមតែបបរមួយចានចង្កឹះប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ក្នុងមួយពេល។  កិច្ចការងារភាគច្រើនដែលខ្មែរក្រហមបានដាក់ឲ្យយើងធ្វើគឺការដកស្ទូងស្រូវ។ យើងប្រឹងធ្វើការគ្រប់ៗគ្នាគ្មាននរណាម្នាក់ហ៊ានត្អូញថាហត់នោះទេ ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់។  តាធឹក គឺជាប្រជាជនជម្លៀសមកពីស្រុកចុងកាល់ ហើយគាត់ងងឹតភ្នែកត្រូវខ្មែរក្រហម បណ្ដើរយកទៅវាយចោលដោយគ្មានមូលហេតុ។ បន្ទាប់មកនៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិ ទៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ នៅពេលដែលជម្លៀសទៅស្រុកក្រឡាញ់អ្វីៗគ្រប់យ៉ាងរួមទាំងស្រូវអង្ករនៅទីនេះទុកចោលទាំងអស់។ យើងធ្វើដំណើរទៅតែខ្លួន ខ្លះក៏ជិះឡាន ខ្លះទៀតក៏ថ្មើរជើង។ កិច្ចការងារខ្ញុំនៅ ស្រុកក្រឡាញ់គឺធ្វើការនៅក្នុងកងចល័តនារី។ ខ្ញុំដើរ ដកស្ទូង  គាស់គល់ឈើ គ្រប់កន្លែងតាមការបញ្ជាមិនថាយប់ឬថ្ងៃ។ បន្ទាប់មកខ្មែរក្រហមបញ្ជូនគ្រួសារខ្ញុំមកវត្តមោង  ដែលជាកន្លែងខ្មែរក្រហមបម្រុងយកប្ដីខ្ញុំយកទៅវាយចោល ដោយចោទប្ដីខ្ញុំថាលួចរត់មកស្រុកកំណើត។  សំណាងល្អរថក្រោះវៀតណាមក៏ចាប់ផ្ដើយវាយលុកចូលមក ប្ដីខ្ញុំរួចខ្លួនពីពេលនោះមក។ ជំនាន់នោះគ្រួសារខ្ញុំផ្លាស់ប្ដូរទីតាំងរស់នៅច្រើនកន្លែងណាស់ទម្រាំបានមករស់នៅភូមិលំទងចាស់ ដល់សព្វថ្ងៃនេះ។

អត្ថបទនិងរូបថត៖ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

អត្ថបទផ្សេងទៀត៖

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣» ជូនសាធារណជន បានចំនួន៨០២៤០ក្បាល គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមទទួលបានការសរសើរទៅលើកិច្ចសហការអង្គការជាដៃគូក្នុងការជំរុញការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងដាក់តាំងពិព័រណ៍ស្ដីពីស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ និងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ