ខ្ញុំឈ្មោះ ជុំ ហាច អាយុ៦១ឆ្នាំ រស់នៅភូមិទី១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ជុំ សំ និងម្ដាយឈ្មោះ នង កេង និងមានបងប្អូនបង្កើតចំនួន៨នាក់។ កាលពីក្មេងខ្ញុំរៀននៅសាលាបឋមសិក្សាចុងកោះរហូតដល់ថ្នាក់ទី១១។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ បន្ទាប់មកក៏មានបាតុកម្មទាមទារអំណាចថ្វាយព្រះអង្គវិញ។ ពេលនោះខ្ញុំរស់នៅជាមួយក្រុមគ្រួសារ។ នៅឆ្នាំ១៩៧២ ខ្ញុំឈប់រៀនដោយសារមានការវាយប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពរំដោះខ្មែរក្រហម និងកងទ័ព លន់ នល់។ នៅឆ្នាំ១៩៧៣ ក្រុមគ្រួសារខ្ញុំរត់ភៀសខ្លួនទៅរស់នៅខាងកោះចិនបានមួយរយៈបានរយៈមួយឆ្នាំ ក៏វិលត្រឡប់មករស់នៅស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៥ អង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារជាក្រុមនៅក្នុងកងប្រវាស់ដៃ គឺនៅពេលយើងប្រមូលផលដំណាំរួចហើយ ត្រូវចែកផលដំណាំគ្នាហូប។ នៅពេលនោះអង្គការបង្កើតក្រុមសិល្បៈដើម្បីជំរុញដល់ការបង្កបង្កើនផល។ ខ្ញុំក៏បានចូលរួមក្នុងកងសិល្បៈដែរ ហើយត្រូវបានជ្រើសរើសជាតួសម្តែង។
នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងខ្ញុំឲ្យទៅ រែកដី ជីកប្រឡាយ លើកទំនប់ ដកស្ទូងនិងជញ្ជូនសំណាបនៅ នៅការដ្ឋានឆ្ន័ត្រ។ ខ្ញុំធ្វើការពីម៉ោង៦ដល់ម៉ោង១១ថ្ងៃត្រង់ទើបសម្រាកហូបបបរ និងចាប់ផ្ដើមធ្វើការបន្តពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ចាប់ពីម៉ោង៦ដល់ម៉ោង៧យប់ អង្គការចាត់ខ្ញុំឲ្យធ្វើការងារសង្គមនិយម ដូចជា កាប់ទន្រ្ទានខែត្រ កំប្លោក យកមកធ្វើជី។
នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងខ្ញុំឲ្យជញ្ជូនសំណាបយកឲ្យកងចល័តស្ទូង ដោយពេលនោះខ្ញុំត្រូវអូសសំណាបកាត់តាមប្រឡាយទឹកដែលមានប្រវែង៤គីឡូម៉ែត្រ និងមានឈ្លើងជាច្រើនទាមខ្ញុំ។ ប្រធានកងចល័តខ្ញុំបានយកបបរចាក់ចូកក្នុងធុងសាំងធំ រួចយកច្រវ៉ាទូកកូរ បន្ទាប់ដួសបបរដាក់ចានឲ្យសមាជិកកងដែលនៅឈរតម្រងជួរ។ នៅថ្ងៃមួយ អង្គការបានដឹកពោតទៅឲ្យប្រជាជននៅការដ្ឋាននៅឆ្ន័ត្រ ពេលនោះប្រធានកងចល័តបានចាត់តាំងសមាជិកកង៤នាក់ ទៅជញ្ជូនពោតចេញពីឡានទៅដាក់ក្នុងរោងបាយរួម។ ដោយសារស្រេកឃ្លានខ្លាំងពេក ខ្ញុំនិងសមមិត្ត ឃីម បានលួចពោតម្នាក់មួយផ្លែហូប។
ខ្ញុំបន្តធ្វើការងារនៅការដ្ឋាននេះរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមកដល់រំដោះ ទើបខ្ញុំបានរួចផុតពីសេចក្ដីស្លាប់។ ក្រោយមក ខ្ញុំរៀបការប្រពន្ធឈ្មោះ ណៃ សំអឿន និងមានកូនប្រុសស្រីចំនួន៥នាក់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំមានបងប្អូន៤នាក់បានចូលបម្រើក្នុងបដិវត្តន៍ ដោយម្នាក់ធ្វើពេទ្យធ្មប់ ម្នាក់ទៀតធ្វើវេជ្ជបណ្ឌិត និងពីរនាក់ទៀតធ្វើកងទ័ព ក្រោយមកអង្គការយកបងប្អូនខ្ញុំទៅសម្លាប់ចោលនៅក្បាលកោះទាំងអស់។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម