ខ្ញុំឈ្មោះ អ៊ុក សឿន អាយុ៧៣ឆ្នាំ កើតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំគឺជាប្រជាជនរស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូនបង្កើត៨នាក់ ស្លាប់អស់៧នាក់ ហើយសព្វថ្ងៃនៅសល់តែខ្ញុំម្នាក់ ប៉ុណ្ណោះ។ ខ្ញុំមានប្រពន្ធឈ្មោះ សុខ រៀង និងមានកូន៧នាក់ ស្រីម្នាក់ និងប្រុស៦នាក់។
កាលពីកុមារ ខ្ញុំរៀនសូត្រ និងរស់នៅជាមួយព្រះសង្ឃនៅវត្តអង្គតាសោម។ ពេលព្រឹក ខ្ញុំដើរតាមព្រះសង្ឃបិណ្ឌបាតចង្ហាន់នៅតាមភូមិ រហូតដល់ម៉ោង៩ទើបត្រឡប់មកវត្តវិញ។ លុះម៉ោង២រសៀល ខ្ញុំចូលរៀនរហូតដល់ម៉ោង៤រសៀលទើបឈប់សម្រាប់។ ព្រះសង្ឃព្រះនាម គក គឺជាគ្រូបង្រៀនខ្ញុំ ហើយព្រះអង្គទទួលបន្ទុកបង្រៀនសិស្សថ្នាក់ទី១ និងទី២។ បន្ទាប់ពី គ្រូគក គឺ គ្រូឯម ទទួលបន្ទុកបង្រៀនសិស្សថ្នាក់ខ្ពស់ជាងខ្ញុំ។
ខ្ញុំរៀនបានត្រឹមថ្នាក់ទី២តែប៉ុណ្ណោះ។ នៅអាយុ២០ឆ្នាំ ខ្ញុំចូលបួសជាព្រះសង្ឃនៅវត្តអង្គតាសោម។ បន្ទាប់ពីខ្ញុំបួសបានពីរព្រះវស្សាក៏សឹកវិញ ប៉ុន្តែខ្ញុំសុំព្រះសង្ឃរស់នៅក្នុងវត្តដដែល។ ខ្ញុំសឹកបានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែមានកងឈ្លបខ្មែរក្រហម២នាក់បានចូលមកបាញ់សម្លាប់ព្រះសង្ឃចំនួន៧អង្គនៅវេលាម៉ោង៥ល្ងាច និងបានបញ្ជាឲ្យព្រះសង្ឃនៅក្នុងវត្តដែលនៅរស់ជម្លៀសទៅនៅស្រុកលើ ដោយបានលើកឡើងថានៅស្រុកលើមិនខ្វះវត្តទេ។ ពេលនោះ ខ្ញុំ និងអ្នកឯទៀតបានរត់ចូលពួននៅក្រោមគ្រែក្នុងកុដ្ឋ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំ។ បន្ទាប់ពីរៀបការរួច យើងបានប្រកបរបរធ្វើស្រែចម្ការ និងលក់ទឹកត្នោត។
រហូតមកដល់ខែកក្កដា ឆ្នាំ១៩៧២ ខ្មែរក្រហមជម្លៀសខ្ញុំនិងគ្រួសារឲ្យទៅធ្វើចម្ការនិងដាំដំណាំនៅតាមជើងភ្នំស្ថិតនៅក្នុងភូមិកោះស្លា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ នៅទីនោះខ្មែរក្រហមបានចាត់ទុកខ្ញុំគឺជាប្រជាជនថ្មី និងបានបែងចែកប្រជាជនចេញជា៥ក្រុម។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យនៅក្នុងក្រុមទី១ ដោយក្នុងមួយក្រុមៗខ្មែរក្រហមចែកដីឲ្យ៥ហិចតាដើម្បីឲ្យយើងគាស់រំលើងគល់ឈើ និងរានដីដាំដំណាំ។ ក្នុងដីទំហំ៥ហិចតា ក្រុមរបស់ខ្ញុំបានដាំដំណាំចម្រុះ មានដូចជា ពោត ល្ពៅ ឪឡឹក ត្រសក់ ដំឡូង ចេក និង ត្រាវ។ ឪពុកម្ដាយខ្ញុំស្លាប់តាំងពីខ្មែរក្រហមជម្លៀសមកដល់ភូមិកោះស្លាដំបូង ដោយសារជំងឺគ្រុនចាញ់។
បន្ទាប់ពីខ្ញុំធ្វើការនៅភូមិកោះស្លាបានរយៈពេល២ឆ្នាំ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងក្រុមគ្រួសារឲ្យទៅជីកប្រឡាយនៅឃុំលាយបូរ ស្រុកត្រាំកក់វិញ ដែលប្រឡាយនោះមានឈ្មោះថា ប្រឡាយចុងអាង។ នៅទីនោះ ខ្មែរក្រហមបានបែងចែកប្រជាជនជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក១២នាក់ ត្រូវជីកប្រឡាយប្រវែង១២ម៉ែត្រ និងជម្រៅ១ម៉ែត្រក្នុងមួយថ្ងៃ បើធ្វើមិនរួចរាល់តាមផែនការកំណត់គឺត្រូវគុណការងារនឹងពីរ។
នៅអំឡុងពេលនោះ ខ្មែរក្រហមបានឲ្យកងមីងៗមកស្នាក់នៅរួមជាមួយកងបុរសៗរបស់ខ្ញុំដែរ ស្រាប់តែឈ្លបខ្មែរក្រហមឈ្មោះ ហាក់ បានចោទខ្ញុំថាបានប្រព្រឹត្តខុសសីលធម៌ជាមួយមីងម្នាក់។ ខ្មែរក្រហមបានចាប់ខ្ញុំចង និងបានសួរចម្លើយខ្ញុំតាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៤រសៀលទើបដោះលែងខ្ញុំវិញ។ បន្ទាប់ពីខ្ញុំមកដល់ការដ្ឋានជីកប្រឡាយ ស្រាប់តែកងទ័ពវៀតណាមវាយចូលមក ហើយខ្ញុំនិងគ្រួសារក៏បានរត់គេចខ្លួនទៅតាមខ្មែរក្រហមដល់ឃុំព្រៃគុយ ទើបត្រឡប់មករស់នៅស្រុកកំណើតវិញ។
អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ