ខ្ញុំឈ្មោះ នៃ រស់ ហៅ យី ភេទប្រុស អាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៧)។ ខ្ញុំមានស្រុកកំណើតនៅភូមិមុះធំ ឃុំប្រមេ (ប្រមេរុ) ស្រុកវីរភាព (បច្ចុប្បន្នស្រុកត្បែងមានជ័យ) តំបន់១០៣ ខេត្តព្រះវិហារ។ ខ្ញុំមានប្រពន្ធឈ្មោះ ប៉ែន ស៊ីនួន ហៅ វ៉ាន ធ្វើការនៅមន្ទីរក-៣២។ នៅឆ្នាំ១៩៦៩ ខ្ញុំចូលរៀននៅសាលា ស្ថិតនៅក្នុងភូមិពោធិ៍ នៅឃុំប្រមេ ស្រុកវីរភាព ដល់ត្រឹមថ្នាក់ទី១០។ នៅឆ្នាំ១៩៧០ ខ្ញុំឈប់រៀន ហើយរស់នៅជាមួយម្ដាយឪពុក។ នៅក្នុងឆ្នាំ១៩៧១ ខ្ញុំចូលបដិវត្តន៍នៅមន្ទីរឃោសនាការអប់រំភូមិពោធិ៍ ឃុំប្រមេ ស្រុកវីរភាព តំបន់១០៣។ នៅក្នុងឆ្នាំ១៩៧២ ខ្ញុំមករស់នៅក្នុងមន្ទីរប-១៨ និងមានតួនាទីដឹកជញ្ជូនអង្ករ និងគ្រាប់បែកពីព្រះវិហារចូលមកមន្ទីរប-១៨ សម្រាប់ផ្ដល់ទៅឲ្យកងទ័ពនៅសមរភូមិមុខ។ នៅចុងឆ្នាំ១៩៧២ ខ្ញុំមកនៅមន្ទីរបង្កបង្កើនផល ឬ ប-១៧ វិញ។
នៅឆ្នាំ១៩៧៣ ខ្ញុំផ្លាស់មកនៅមន្ទីរស-៦ ផ្នែកសិល្បៈ។ ពេលនោះខ្ញុំបានជួបឈ្មោះ ទ្រា ហៅ សៅ គឺជាប្រធានមន្ទីរស-៦។ ខ្ញុំប្រាស្រ័យទាក់ទងជាមួយ សៅ យ៉ាងជិតស្និទ្ធហើយគាត់បានអូទាញខ្ញុំជាបន្តបន្ទាប់។ ក្រោយមកខ្ញុំចូលជា សេ-អ៊ី-អា តាមការអប់រំរបស់ សៅ នៅមន្ទីរស-៦ ដោយមានអ្នកឧទ្ទេសនាមឈ្មោះ ភិន គឺជាអនុប្រធានឃោសនាការ, ឈ្មោះ ហូ នឹម ហៅ ភាស់ គឺជាប្រធានឃោសនាការ។ ក្រោយមកបង សៅ ចាត់តាំងខ្ញុំឲ្យអប់រំយុទ្ធជន-យុទ្ធនារី ដោយពន្យល់ហេតុផលអ្នកទាំងនោះឲ្យឃើញច្បាស់អំពីការលំបាកពេលធ្វើបដិវត្តន៍, បំផ្លាញគ្រឿងម៉ាស៊ីន និងបំផុសទំនាស់នៅក្នុងមន្ទីរ។
នៅចុងឆ្នាំ១៩៧៣ បងភាស់, បងភិន, បងសៅ បានហៅខ្ញុំ, ហ៊ាង មានតួនាទីជាគណៈពាក់ព័ន្ធអត្ថាធិប្បាយវិទ្យុ, យិន មានតួនាទីជាគណៈច្នៃរបាំ និង សា មានតួនាទីជាគណៈពាក់ព័ន្ធចម្រៀងសិល្បៈ ឲ្យទៅប្រជុំនៅមន្ទីរស-៦ ដោយដាក់ផែនការ ១) អប់រំយុទ្ធជនយុទ្ធនារីនៅក្នុងមន្ទីរឲ្យទំនាស់នឹងអង្គការបដិវត្តន៍ និងត្រូវអប់រំយុទ្ធជនឲ្យឃើញពីទុក្ខវេទនានៅក្នុងបដិវត្តន៍ ២) ត្រូវបំផ្លាញម៉ាស៊ីនថត និងសម្ភារផ្សេងៗដែលទុកនៅក្នុងឃ្លាំងឲ្យខូច ទី៣) ត្រូវរកវិធីសម្លាប់អង្គការ នួន ជា នៅតាមកន្លែងសម្ដែងសិល្បៈដោយវិធីបាញ់នឹងកាំភ្លើង ឬចោលគ្រាប់បែក ក្រៅពីនេះត្រូវដាក់ថ្នាំពុលនៅក្នុងទឹកក្ដៅ ឬបង្កប់នៅក្នុងបង្អែមផ្លែឈើ ដូចជា ចេកទុំ ខ្នុរ ល្មុត និងស្វាយ។
នៅឆ្នាំ១៩៧៤ ខ្ញុំ, ហ៊ាង, យិន, សា, សៅ ចូលរួមធ្វើសកម្មភាពតាមផែនការទី១ដែលបងភាស់ និង បងភិន ឲ្យយើងអប់រំយុទ្ធជន-យុទ្ធនារី។ នៅក្នុងមន្ទីរ យើងបានឯកភាពគ្នាអប់រំបានឈ្មោះ សុង គឺជាយុទ្ធជនក្រុមភ្លេង, បូ ជា គឺជាប្រធានក្រុមភ្លេង, ខឿន គឺជាយុទ្ធជនវាយអង្គុលីលេខ។
នៅចុងឆ្នាំ១៩៧៤ យើងធ្វើសកម្មភាពរារាំងចលនាវាយសម្រុកបង្កបង្កើនផលរបស់មហាជននៅក្នុងមន្ទីរដោយអប់រំកុំឲ្យយុទ្ធជនវាយសម្រុកខ្លាំងពេកទុកពេលទំនេរឲ្យច្រើនដាំដុះដំណាំតិចតួចបានហើយ។
នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំ, សាយ, យិន កសាងកម្លាំងបានចំនួន៣នាក់ទៀត រួមមាន ហ៊ាង គឺជាសមាជិកគណៈពាក់ព័ន្ធ, រុន គឺជានារីផ្នែកចម្រៀងមន្ទីរឃោសនាការ, ឡូន គឺជាយុទ្ធជនមន្ទីរឃោសនាការ។
នៅចុងឆ្នាំ១៩៧៥ បងភាស់ និងបងភិន ហៅខ្ញុំទៅប្រជុំនៅឃោសនាការស្ថិតនៅសាលាដេកាតបន្ទប់ក្រោម។ អ្នកចូលរួមប្រជុំមាន ខ្ញុំ, យិន, ហ៊ាង, សា, សុង និង ចេង។ នៅក្នុងខ្លឹមសារប្រជុំមាន បងភាស់ ឧទ្ទេសនាមឲ្យស្គាល់ខ្សែគិញមាន សាត គឺជាគណៈច្នៃរបាំ, អឿន គឺជាយុទ្ធនារីនៅមន្ទីរក-៣២, ហ៊ុន គឺជាប្រធានជួសជុលវិទ្យុ។ ការប្រជុំលើកឡើងអំពីផែនការដែលមិនទាន់រកវិធីដោះស្រាយបានគឺផែនការសម្លាប់បងៗ និងកម្លាំងបដិវត្តន៍នៅថ្ងៃបុណ្យជាតិ និងពេលសម្ដែងតែម្ដង។ ក្រោយមកខ្ញុំផ្ដល់មតិថា មានតែគ្រាប់បែកទេទើបអាចនាំចូលបានគឺយើងត្រូវដាក់នៅក្រោមពូកឡានក្រុមសិល្បៈ ហើយកងទ័ពមិនសូវចាប់អារម្មណ៍ទេ។ បងភាស់ ចាត់តាំងកម្លាំងត្រៀមជាស្រេចបន្ទាប់ពីគាត់បានយល់ស្របលើគំនិតរបស់ខ្ញុំ។ យើងបានចាត់តាំង យិន និង សុង ឲ្យទទួលខាងភ្លើង, ហ៊ាង និង ចេង ឲ្យទទួលខាងគ្រាប់បែក, ខ្ញុំនិងបងសៅ ទទួលខាងពិនិត្យសភាពការណ៍ពេលណាអាចអនុវត្តបាន គឺត្រូវឲ្យជាសញ្ញាភ្លើង ដោយយើងសម្រេចថាមុននឹងបោកគ្រាប់បែកត្រូវផ្ដាច់ភ្លើងជាមុន។
នៅឆ្នាំ១៩៧៧ មុនពេលបុណ្យជាតិ យើងមានការផ្លាស់ប្តូរកម្លាំងខ្លះនិងបានចាត់តាំងភារកិច្ចរួចរាល់ រួមមាន យិន, ហ៊ាង, បូ, សុង និង សំ ទទួលខាងគ្រាប់បែក។ ហ៊ុន និង សែន មានតួនាទី ជាប្រធានធ្វើជី និង សៀន គឺជាយុទ្ធជនជួសជុលវិទ្យុ ទទួលខាងផ្ដាច់ភ្លើង ហើយខ្ញុំ, បងសៅ ,បងសុង ទទួលពិនិត្យសភាពការណ៍នៅពេលបុណ្យ គឺពេលណាត្រូវធ្វើសកម្មភាពនិងពេលណាមិនត្រូវធ្វើសកម្មភាព។ នៅឆ្នាំ១៩៧៧ ដដែល ខ្ញុំ, សំ, សែន បានឯកភាពគ្នាធ្វើសកម្មភាពដោយយកខ្សែភ្លើងដោតឲ្យឆេះវិទ្យុ។ ក្រោយមកទៀតខ្ញុំ, បូ, ស៊ិន គឺជាគណៈរបាំសិល្បៈ, ហ៊ាង បានលាក់ទឹកក្រូចចំនួន១៥ឡាំង ដែលអង្គការជូនសម្រាប់បំប៉នយុទ្ធជនសិល្បៈ។ ពេលនោះខ្ញុំបានចាក់សោរឃ្លាំងធ្វើឲ្យខូចទឹកក្រូចអស់។ បន្ទាប់មកយើងទាំង៦នាក់បាននាំគ្នាសែងទឹកក្រូចយកទៅចាក់ចោលនៅវេលាម៉ោង១២យប់ ដោយមិនឲ្យអ្នកណាដឹងឡើយ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ខ្ញុំ, សំ, និង ម៉ន គឺជាគណៈពាក់ព័ន្ធអត្ថាធិប្បាយវិទ្យុ នាំគ្នាលាក់ខោអាវយុទ្ធជនចំនួន១០០សម្រាប់ និងសំពត់-អាវ សម្រាប់យុទ្ធនារី១០០សម្រាប់។ ពេលនោះខ្ញុំដាក់ក្នុងហិបហើយចាក់សោទុកក្នុងឃ្លាំង ក្រោយមកខោអាវនោះពុកផុយខូចអស់ហើយនាំគ្នាដុតចោលថែមទៀត ធ្វើឲ្យយុវជនខ្វះខាតគ្មានខោអាវផ្លាស់ប្ដូរ។ ទោះបីជាអង្គការផ្ដល់ឲ្យគ្រប់គ្រាន់ក៏ដោយ ក៏យើងទាំង៣នាក់បានបំផ្លាញទាំងអស់ដែរ។ បន្ទាប់មក បងភាស់ បានណែនាំឲ្យទៅលីក្រណាត់ក្នុងឃ្លាំងចំនួន២០កី ដែលស្នើអង្គការក្នុងគោលបំណងធ្វើជាវាំងននសិល្បៈ ទោះបីវាំងននមានគ្រប់គ្រាន់ហើយក៏ដោយ។ អ្នកចូលរួមមាន ចេង គឺជាយុទ្ធជនថតរូបនៅមន្ទីរភាពយន្ត, ស៊ី, ស៊ីន, ហេង គឺជាយុទ្ធជនក្នុងក្រុមភ្លេង, សៀន, សំ គឺជាប្រធានមន្ទីរត-៣៣ ឃោសនាការ ។ ក្រៅពីនេះខ្ញុំ,ចេង, សំ បានធ្វើសកម្មភាពលាក់ខ្សែអាត់ ៣០០ដុំ សម្រាប់ចម្លងជូនអង្គការពិនិត្យ ដោយយើងបានចាក់សោរចោលក្នុងឃ្លាំងមិនឲ្យប្រើប្រាស់រហូតដល់ខែមិថុនា ឆ្នាំ១៩៧៧ ពេលដែលអង្គការចាប់ខ្លួនបងភាស់ និងបងសៅ។ បន្ទាប់មកអង្គការ ចាប់ខ្សែទាក់ទងនឹងបង សៅ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៧៧ អង្គការចាប់ខ្ញុំតែម្តង។
កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារJ០០១៧២។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ នៃ រស់ ហៅ យី ពិតឬយ៉ាងណានោះទេ?
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា