ខ្ញុំឈ្មោះ យិន ភន់ អាយុ៦៣ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ម្តាយរបស់ខ្ញុំឈ្មោះ ជា ប៉ិ និងឪពុកឈ្មោះ ចាន់ យិន។ ម្តាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីខ្ញុំអាយុ២ឆ្នាំនៅក្នុងសម័យសង្គមរាស្ត្រនិយម។ ម្តាយខ្ញុំស្លាប់ដោយសារជំងឺ។ ដូច្នេះខ្ញុំរស់នៅជាមួយឪពុកតាំងពីពេលនោះមក។ ឪពុកខ្ញុំធ្វើស្រែផង និងធ្វើគ្រូថ្នាំបុរាណខ្មែរផង។ នៅពេលដែលឈឺថ្កាត់ អ្នកស្រុកអ្នកភូមិតែងតែមករកឪពុកខ្ញុំដើម្បីព្យាបាលជំងឺ។ អ្នកខ្លះមករកឪពុកខ្ញុំឲ្យស្រោចទឹក និងអ្នកខ្លះមកសុំថ្នាំផ្សំពីឫសឈើពីឪពុកខ្ញុំដើម្បីដាំទឹកផឹក។ ក្មេងៗដែលកើតជំងឺកញ្ជ្រឹល និងជំងឺអុតស្វាយក៏ឪពុករបស់ខ្ញុំព្យាបាលជាដែរ។
ចូលមកដល់ក្នុងរបបខ្មែរក្រហម ទើបឪពុកខ្ញុំឈប់ធ្វើជាគ្រូបុរាណ ព្រោះគាត់មិនចង់ឲ្យខ្មែរក្រហមបានដឹងថាគាត់ចេះវិជ្ជាទាំងអស់នេះ។ ចំណែកខ្ញុំត្រូវបានអង្គការបញ្ជួនឲ្យទៅធ្វើការនៅក្នុងកងចល័តកុមារ។ តួនាទីរបស់ខ្ញុំគឺរែកសំណាប ឃ្វាល ក្របី ជីកប្រឡាយ និងលើកទំនប់។
នៅអំឡុងឆ្នាំ១៩៧៨ អង្គការបានប្រើខ្ញុំឲ្យធ្វើជានីរសារ។ ខ្ញុំជិះកង់ទៅយកសំបុត្រពីប្រធានភូមិរួចជិះយកទៅឲ្យប្រធានឃុំឈ្មោះ ខុច ជារៀងរាល់ថ្ងៃ។ ខ្ញុំពុំដឹងថា នៅក្នុងសំបុត្រនោះសរសេរពីអ្វីខ្លះទេ។ ប្រហែល១សប្តាហ៍ក្រោយមក ខ្ញុំត្រូវបានប្រធានភូមិផ្លាស់ឲ្យទៅធ្វើទាហាននៅវត្តជីផុច។ កាលនោះ ខ្ញុំមានអាយុ១៥ឆ្នាំហើយ។ ខ្ញុំបានចាប់ផ្តើមហាត់លូន ក្រាប និងបាញ់ស៊ីប។ ការបាញ់ស៊ីបនេះមិនបានបាញ់គ្រាប់កាំភ្លើងពិតទេ គឺគ្រាន់តែរៀនតម្រង់ប៉ុណ្ណោះ។ ពេលទំនេរពីការហាត់រៀន ខ្ញុំត្រូវទៅកាប់ឆ្ការព្រៃបន្ថែមទៀត។
បន្ទាប់ពីហាត់រៀនបានប្រហែល២ខែ ខ្ញុំបានទទួលដំណឹងថា អង្គភាពនឹងបញ្ជួនខ្ញុំឲ្យទៅកាន់ព្រំដែនដើម្បីប្រយុទ្ធជាមួយវៀតណាម។ ខ្ញុំភ័យខ្លាចណាស់ នៅពេលដែលឮដំណឹងនេះភ្លាម។ ខ្ញុំខ្លាចស្លាប់ និងខ្លាចការបាញ់សម្លាប់គ្នាណាស់។ ខ្ញុំមិនចង់ឲ្យមានសង្គ្រាមកើតឡើងទេ។ ដូច្នេះ ខ្ញុំក៏ធ្វើពុតជាឈឺ ហើយក្រោយមកអង្គភាពបានបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យស្រុកមេសាងដើម្បីព្យាបាល។ ខ្ញុំបានសម្រាកនៅមន្ទីរពេទ្យស្រុកមេសាងបានរយៈពេល៣ថ្ងៃ ខ្ញុំក៏លួចរត់ត្រឡប់មកផ្ទះវិញ។ ប្រធានភូមិឫស្សីស្បាតឈ្មោះ យី តែន ក៏បានមកសួរនាំខ្ញុំអំពីការវិលត្រឡប់មកពីមន្ទីរពេទ្យ។ ខ្ញុំបានឆ្លើយប្រាប់គាត់វិញថាអង្គភាពពេទ្យឲ្យខ្ញុំមកសម្រាកនៅផ្ទះ។ ខ្ញុំបានបង្ហាញសំបុត្រពេទ្យទៅប្រធានភូមិដើម្បីពិនិត្យ។ បន្ទាប់មក ខ្ញុំបានស្នើសុំអង្គការមកធ្វើជាកងឈ្លបវិញ។ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យមើលការខុសត្រូវ និងយាមឃ្លាំងផ្ទុកអីវ៉ាន់ ដូចជា អំបិល ប្រហុក អង្ករ និងសម្ភារផ្សេងៗទៀត។
នៅវេលាម៉ោង៥ទៀបភ្លឺ ដើមខែមករា ឆ្នាំ១៩៧៩ ខណៈពេលដែលខ្ញុំកំពុងលង់លក់ ស្រាប់តែចាស់ៗដាស់ខ្ញុំឲ្យភ្ញាក់ឡើងដើម្បីចាកចេញពីភូមិ ព្រោះកងកម្លាំងវៀតណាមបានវាយចូលជិតដល់ភូមិហើយ។ ខ្ញុំស្រវា យកអាវមកពាក់ រួចប្រញាប់ប្រញាល់ចេញដំណើរទៅតាមចាស់ៗ ។ ទៅដល់ភូមិខ្វិត ឃុំធាយ ស្រុកបាភ្នំ យើងបានសម្រាកនៅទីនោះចំនួនមួយយប់។ ព្រឹកឡើង ស្រាប់តែមានការបំផ្ទុះគ្រាប់នៅអ្នកលឿង ហើយដោយសារមិនអាចធ្វើដំណើរទៅមុខទៀតបាន ចាស់ៗក៏បានស្រែកប្រាប់ប្រជាជនឲ្យវិលត្រឡប់មកភូមិកំណើតវិញ។ ចាប់តាំងពីពេលនោះមក ប្រជាជននៅក្នុងភូមិរបស់ខ្ញុំមានសេរីភាពឡើងវិញ ហើយក្រុមគ្រួសាររបស់ខ្ញុំចាប់ផ្តើមធ្វើស្រែ និងចិញ្ចឹមគោក្របីដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង