អួន អាត ៖ កាន់ម៉ាស៊ីនបូមទឹកដាក់ស្រូវប្រាំងក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អួន អាត ភេទប្រុស អាយុ៦៦ឆ្នាំ។ សព្វថ្ងៃខ្ញុំមានតួនាទីជាមេភូមិ នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ធ្វើឲ្យមានសង្រ្គាមកើតឡើងយ៉ាងខ្លាំងនៅក្នុងភូមិសំរោងវត្ត។ នៅក្នុងឆ្នាំ១៩៧២ ខ្ញុំបួសជាព្រះសង្ឃនៅវត្តសំរោងវត្ត។ នៅឆ្នាំ១៩៧៤ ឈ្មោះ ឈឹម ផ្លោន គឺជាមេកងចល័តបាននាំកូនទាហានចូលមកវាយរូបព្រះពុទ្ធបដិមាធ្វើពីស៊ីម៉ងត៍នៅក្នុងវត្តសំរោងវត្ត។

អួន អាត អាយុ៦៦ឆ្នាំ គឺជាមេភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចទាំងស្រុង ខ្ញុំនិងព្រះសង្ឃនៅវត្តសំរោងវត្តទាំងអស់ត្រូវបានផ្សឹកដោយបង្ខំ។ ក្រោយពីផ្សឹករួច កម្មាភិបាលខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលក្នុងកងចល័ត ជីកប្រឡាយ និងធ្វើស្រែអស់រយៈពេល៣ខែនៅស្រុកពញាក្រែក ទើបឲ្យខ្ញុំត្រឡប់មកស្រុកកំណើតនៅភូមិសំរោងវត្តវិញ។ ពេលមកដល់ស្រុកកំណើត ខ្ញុំឃើញប្រជាជននាំគ្នាទៅបោះឆ្នោតឲ្យ សំ ហាន ឡើងធ្វើជាចៅហ្វាយស្រុក។ ការបោះឆ្នោតនេះរៀបចំធ្វើនៅភូមិទទឹង និងមានប្រជាជនប្រហែល១០០នាក់ចូលរួមបោះឆ្នោត។ សំហាន បានធ្វើជាចៅហ្វាយស្រុករហូតដល់ឆ្នាំ១៩៧៨។

នៅក្នុងឆ្នាំ១៩៧៧ ខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំសព្វថ្ងៃដែលត្រូវអង្គការរៀបចំឲ្យចំនួន៧០គូ ក្នុងពេលតែមួយ។ បន្ទាប់ពី ខ្ញុំបានរៀបការរួចកម្មាភិបាលខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិឲ្យទៅនៅម្តុំក្រុង ព្រៃវែង។ នៅពេលដែលខ្ញុំបានទៅដល់ក្រុងព្រៃវែង អង្គការចាត់តាំងឲ្យខ្ញុំកាន់ម៉ាស៊ីនបូមទឹកដាក់ស្រូវប្រាំង។

អួន អាត កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំបូមទឹកដាក់ស្រូវប្រាំងរហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ ខណៈដែលខ្មែរក្រហមកំពុងតែបញ្ជូនប្រជាជនទៅខេត្តភាគខាងលិច។ ខ្ញុំបានលួចរត់ត្រឡប់មកស្រុកកំណើតវិញ។ នៅពេលខ្ញុំត្រឡប់មកដល់ពាក់កណ្តាលផ្លូវ ចូលបន់ស្រន់នៅវត្តបារាយណ៍អណ្តែតសូមឲ្យវត្ថុសាកសិទ្ធិជួយខ្ញុំបានសុខសប្បាយ។ នៅតាមផ្លូវខ្ញុំរើសបានត្រាក់ដែលមានឈ្មោះ ចាន់ ស៊ី នៅក្នុងនោះដែរ ហើយខ្ញុំបានរើសយកមកអាន។ នៅក្នុងត្រាក់នោះបានសរសេរថា សូមឲ្យបងប្អូនទាំងអស់គ្នាត្រឡប់មកផ្ទះវិញ ប្រទេសយើងមានសន្តិភាពហើយ។ បងប្អូនអាចមករស់នៅផ្ទះសម្បែងរបស់ខ្លួនវិញបាន។ នៅពេលខ្ញុំត្រឡប់មកដល់ភូមិកំណើត ខ្ញុំឃើញអ្នកភូមិនាំគ្នាចូលរួមអបអរជ័យជម្នះលើរបបខ្មែរក្រហម និងមានការរាំច្រៀងយ៉ាងសប្បាយ។

អត្ថបទ៖ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖