ក្រុមការងារថតខ្សែភាពយន្តឯកសារនៃក្រសួងព័ត៌មានទស្សនកិច្ចមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារថតខ្សែភាពយន្តឯកសារនៃក្រសួងព័ត៌មានដឹកនាំដោយ​ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានរួមជាមួយអាជ្ញាធររដ្ឋបាលស្រុកមេមត់ចំនួន១៥នាក់រួមមាន៖ ១) ឯឧត្តម ជា ច័ន្ទបរិបូរណ៍ ២) ជា ច័ន្ទផល្លា ៣) មាស ប៊ុន សាន ៤) អ៊ុំ និមួន ៥) ផល ចន្ទភិរក្ស ៦) ជា សុធន់ ៧) គង់ សុវណ្ណបញ្ញា ៨) ខាន់ វឌ្ឍនា ៩) ធីន ស៊ីថាច ១០) ទូច សុវី ១១) ញឹក នៅ ១២) ទី លីហ្វាន់ ១៣) ប៉ឹង ប៊ុនថន ១៤) សុទ្ធ កុសល ១៥) វ៉ន វ៉ាន បានអញ្ជើញមកទស្សនកិច្ច និងថតភាពយន្តឯកសារក្រោមចំណងជើងថា «កម្ពុជាមុននឹងមានថ្ងៃនេះ» នៅមជ្ឈមណ្ឌលឯកសារកោះថ្មចាប់ពីម៉ោង៨:០០ ដល់ម៉ោង១០:៣០នាទីព្រឹក។

លោក ញឹក នៅ គឺជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមេមត់ និងជាអភិបាលរងនៃគណៈអភិបាលស្រុកមេមត់មានប្រសាសន៍ថា នៅភូមិកោះថ្ម ឃុំទន្លូងនេះ គឺជាទីតាំងដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តបួនរូបទៀតធ្វើដំណើរនៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំជំនួយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល​ ពត។ មជ្ឈមណ្ឌលឯកសារកោះថ្ម គឺជាកន្លែងមួយសម្រាប់យុវជន និងសិស្សានុសិស្សចូលមកសិស្សាពីប្រវត្តិសាស្រ្ត ជាពិសេសគឺប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ចំណែក កញ្ញា ទី លីហ្វាន់ អភិបាលរងនៃគណៈអភិបាលស្រុកមេមត់ មានប្រសាសន៍ថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានមកដល់មជ្ឈមណ្ឌលឯកសារកោះថ្ម និងបានជួបប្អូនៗដែលធ្វើការងារនៅទីនេះ។ នៅពេលចូលដល់ខាងក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម នាងខ្ញុំកាន់តែចាប់អារម្មណ៍ទៅលើការតាំងពិព័រណ៍រូបភាព ផ្ទាំងគំនូរ ផ្ទាំងផែនទី ដែលគួរឲ្យអារម្មណ៍ទាក់ទងនឹងប្រវត្តិសាស្ត្រតំបន់កោះថ្ម ជាពិសេសរូបគំនូរដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតធ្វើដំណើរឆ្ពោះទៅកសាងកងកម្លាំងប្រដាប់អាវុធ ដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហម។ រូបគំនូរនេះបានឆ្លុះបញ្ចាំងអំពីការលះបង់អាយុជីវិតរបស់មេដឹកនាំ ដើម្បីសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត។

អ្នកផលិតខ្សែភាពយន្ត និង ពិធីការិនី បានមានប្រសាសន៍ថា ពេលខ្ញុំមកដល់តំបន់នេះ ខ្ញុំមានការចាប់អារម្មណ៍។ តំបន់នេះ គឺជាតំបន់មួយដែលបង្ហាញពីទីតាំងប្រវត្តិសាស្រ្ដហើយក៏ជាទឹកដីប្រវត្តិសាស្រ្តដំបូងដែលនាំមកនូវសន្តិភាព។ ចុងក្រោយ ខ្ញុំចង់ឲ្យយុវជនទំាងអស់គ្នាត្រូវចងចាំ និងដឹងច្បាស់ថា តើត្រូវធ្វើយ៉ាងណាកុំឲ្យមានសង្រ្គាមកើតឡើងទៀត។ មើលពីគំរូអ្នកដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គាត់លះបង់ណាស់ទម្រាំទទួលបានសន្តិភាព បើយុវជនមានការធ្វេសប្រហែសនឹងធ្វើឲ្យមានសង្គ្រាមកើតឡើងម្តងទៀតពិបាកណាស់។

អត្ថបទ​៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌល​​ឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖