ហ៊ុន សាន ៖ ឪពុកខ្ញុំកាន់សីល៨ ប្រធានកងប្រើគាត់ឲ្យធ្វើទ្រូដាក់ត្រី

ខ្ញុំឈ្មោះ ហ៊ុន សាន អាយុ៧២ឆ្នាំ មានទីលំនៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ហ៊ុន ហ៊ុំ និងម្តាយឈ្មោះ ម៉ី សុខ ព្រមទាំងមានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។

កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះទេ ដោយសារមានប្អូនច្រើន ដូច្នេះខ្ញុំត្រូវឈប់រៀនដើម្បីរៀបចំបាយទឹកឲ្យប្អូនហូបបន្ទាប់ពីត្រឡប់មកពីសាលារៀន។ ប្អូនៗរបស់ខ្ញុំរៀនបានច្រើនជាងខ្ញុំ។ ខ្ញុំបានរៀបការនៅសម័យសង្គមរាស្រ្តនិយម។ ក្រោយមកខ្ញុំក៏មានផ្ទៃពោះ និងកើតបានកូនស្រីម្នាក់ ចំណែកប្តីរបស់ខ្ញុំក៏ចាកចេញពីផ្ទះទៅមានប្រពន្ធថ្មីទុកឲ្យខ្ញុំចិញ្ចឹមកូនម្នាក់ឯង។

ហ៊ុន សាន អាយុ៧២ឆ្នាំ រស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

ចូលមកដល់របប លន់ នល់ ខ្ញុំបានបាត់បង់បងស្រីម្នាក់។ បងស្រីរបស់ខ្ញុំស្លាប់នៅពេលកំពុងមានការវាយប្រយុទ្ធគ្នានិងផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក ហើយនៅពេលគាត់ចេញពីត្រង់សេ (លេណដ្ឋាន) មកខាងក្រៅ យន្តហោះបានទម្លាក់គ្រាប់បែកត្រូវចំគាត់បណ្តាលឲ្យដាច់កស្លាប់ភ្លាមៗជាមួយកូនរបស់គាត់ដែលកំពុងឱបជាប់នឹងទ្រូ។ ខ្ញុំយំនិងស្តាយបងស្រីខ្ញុំជាពន់ពេក។ ក្រោយមកខ្ញុំនិងគ្រួសារព្រមទាំងអ្នកភូមិមួយចំនួនបានភៀសខ្លួនចេញពីផ្ទះ អ្នកភូមិខ្លះទៅនៅភ្នំពេញ អ្នកភូមិខ្លះទៀតទៅនៅស្រុកផ្សេងដែលខ្លួនគិតថាមានសុវត្តិភាព។ ចំណែកគ្រួសារខ្ញុំបានភៀសខ្លួនទៅនៅពាមបួន ក្នុងខេត្តឃ្លាំង ប្រទេសវៀតណាម។ នៅទីនោះ វៀតណាមបានរាក់ទាក់ជាមួយជនភៀសខ្លួនខ្មែរ ហើយបានផ្តល់នូវអំណោយ ដូចជា អង្ករ ទឹកត្រី អំបិល និង ម្ហូបអាហារផ្សេងទៀតដល់យើង។ វៀតណាមបានឲ្យយើងដាំសណ្តែកដី ធ្វើចម្ការដើម្បីទុកជាស្បៀងសម្រាប់ហូបខ្លួនឯង។

ហ៊ុន សាន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ នៅអំឡុងពេលចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលដែលយោធាខ្មែរក្រហមវាយបែកភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមឃោសនាឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលនោះខ្មែរក្រហមបាននិយាយថា «បងប្អូនអើយមកនៅស្រុកកំណើតយើងវិញ នៅទីនេះសម្បូរហូប ហើយមិនបាច់យកអ្វីច្រើនមកតាមខ្លួនទេ»។ ខ្ញុំនិងគ្រួសារបានវិលត្រឡប់មកស្រុកកំណើតយើងវិញ ប៉ុន្តែបានខុសពីការរំពឹងទុករបស់យើង។ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យនៅកងនារី ច្រូតស្រូវ។ ពេលនោះ​ ខ្មែរក្រហមកំណត់ ដោយអ្នកណាច្រូតស្រូវលឿន ខ្មែរក្រហមឲ្យហូបបាយឆ្ងាញ់ ចំណែកឯអ្នកដែលច្រូតយឺត ខ្មែរក្រហមឲ្យហូបបបររាវ។ សំណាងដែរ ខ្ញុំពូកែច្រូតស្រូវ ហើយខ្ញុំច្រូតលឿនណាស់ គឺបានលេខ១រហូត។ ខ្ញុំបានបាយហូបគ្រប់គ្រាន់ ហើយនៅសល់ខ្លះខ្ញុំលួចលាក់យកមកឲ្យកូន និងម្តាយ ។

ហ៊ុន សាន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ នៅអំឡុងពេលចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលនោះខ្មែរក្រហមបែងចែកឲ្យម្តាយរបស់ខ្ញុំនៅកងផ្សេងពីខ្ញុំ។ ប្រធានកងបានប្រើម្តាយខ្ញុំឲ្យដកសណ្តែកដី ដាំល្ពៅ និងបន្លែផ្សេងៗទៀត។ កន្លែងដែលម្តាយខ្ញុំរស់នៅមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ ចំណែកកូនរបស់ខ្ញុំរស់នៅនិងធ្វើការនៅក្នុងកងកុមារ។ ប្រធា​នកងប្រើកូនរបស់ខ្ញុំឲ្យរើសអាចម៍គោក្នុងមួយថ្ងៃឲ្យបាន១០គីឡូ បើរើសមិនបានទេ ប្រធានកងមិនឲ្យហូបបាយទេ។ ខ្ញុំអាណិតកូនស្រីខ្ញុំណាស់។ រីឯឪពុកខ្ញុំនៅក្នុងកងតាតា ដូច្នេះប្រធានកងបានប្រើគាត់ឲ្យធ្វើឈ្នាង និងធ្វើទ្រូ សម្រាប់ដាក់ត្រី។ ខ្ញុំពិតជាអាណិតឪពុករបស់ខ្ញុំខ្លាំងណាស់ព្រោះគាត់បានកាន់សីល៨ ដល់មករបបខ្មែរក្រហម ប្រធានកងប្រើគាត់ឲ្យធ្វើការបែបហ្នឹង ប៉ុន្តែប្រសិនបើឪពុកខ្ញុំមិនធ្វើខ្មែរក្រហមនឹងសម្លាប់គាត់ចោល។ ចំណែកបងប្អូនខ្ញុំផ្សេងទៀតក៏មិនបាននៅជុំគ្នាជាមួយខ្ញុំដែរ គឺបែកទៅធ្វើការតាមកងរៀងខ្លួន។ ក្រោយមកខ្ញុំទទួលដំណឹងថាប្អូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារគេបំពុលថ្នាំ ហើយខ្ញុំក៏មិនបានដឹងថាហេតុអ្វីបានជាគេបំពុលប្អូនខ្ញុំដែរ។

មួយរយៈក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំនិងប្រជាជនទៅនៅភ្នំឱរ៉ាល់ ដោយ បានប្រាប់ថានឹងឲ្យខ្ញុំហូបនំបញ្ចុកនៅទីនោះ ប៉ុន្តែតាមពិតជាកលល្បិចរបស់ខ្មែរក្រហម ដែលបានត្រៀមដាក់ថ្នាំសម្លាប់ខ្ញុំនិងប្រជាជន។ នៅពេលដែលខ្ញុំនិងប្រជាជនដើរទៅដល់ចង្កេះភ្នំឱរ៉ាល់ កងទ័ពវៀតណាមបានវាយចូលមករំដោះប្រជាជន ហើយប្រាប់ប្រជាជនឲ្យត្រឡប់មកស្រុកកំណើតវិញ។ ចំណែកយោធាខ្មែរក្រហមបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់។ ខ្ញុំនិងគ្រួសារនាំគ្នាមករស់នៅភូមិកំណើតវិញ។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ម្តាយរបស់ខ្ញុំបានស្លាប់ ហើយរយៈពេល១ខែបន្ទាប់មក ឪពុករបស់ខ្ញុំក៏បានស្លាប់បន្តទៀត។ ខ្ញុំកំព្រាឪពុកម្តាយតាំងពីពេលនោះមក។ បន្ទាប់មក ខ្ញុំប្រកបរបរលក់តាប៉ែ និងបានយកក្មេងដែលកំព្រាឪពុកម្តាយចំនួន៥នាក់មកចិញ្ចឹម រហូតដល់កូនចិញ្ចឹមរបស់ខ្ញុំធំ និងមានប្តីប្រពន្ធរៀងៗខ្លួន សព្វថ្ងៃនេះ។

អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖