នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកកំពង់សៀម មកចូលរួមស្តាប់និងទស្សនាការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន របស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់ពីវេលាម៉ោង៩:៣០នាទីព្រឹក ដល់ ម៉ោង១២:០០នាទី ថ្ងៃត្រង់។
នៅចុងបញ្ចប់នៃសវនាការ អង្គជំនុំជម្រះតុលាការកំពូលប្រកាសសម្រេចដាក់ពន្ធនាគារ ខៀវ សំផន អស់មួយជីវិតក្នុងសំណុំរឿង០០២/០២ ដែលត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់ ខៀវ សំផន នៅក្នុងសំណុំរឿង០០២/០១ កន្លងមក។ អង្គជំនុំជម្រះតុលាការកំពូលបង្គាប់ឲ្យ ខៀវ សំផន ត្រូវស្ថិតនៅក្នុងមន្ទីរឃុំឃាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រង់ចាំការចេញសាលដីកាមានសំអាងហេតុពេញលេញ និងការបញ្ចប់នូវការរៀបចំសម្រាប់ផ្ទេរដោយអនុលោមតាមច្បាប់ទៅពន្ធនាគារ ដែលគាត់ត្រូវបន្តអនុវត្តទោសរបស់គាត់។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលចូលរួមស្តាប់និងទស្សនាការប្រកាសសាលដីការបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្ហាញនូវការយល់ឃើញដូចខាងក្រោម ៖
ខ្ញុំឈ្មោះ តុង ស៊ីថាត់ អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមិនដែលមើលការប្រកាសសាលដីកា និងការកាត់ទោសមេដឹកនាំខ្មែរក្រហមពីមុនមកទេ។ ខ្ញុំឃើញមានការលើកឡើងជាច្រើនអំពីបទឧក្រិដ្ឋរបស់ ខៀវ សំផន។ ខ្ញុំឯកភាពថា ការកាត់ទោសរបស់មេដឹកនាំខ្មែរក្រហម គឺពិតជាត្រឹមត្រូវ។ ខ្ញុំយល់ថា លោក ខៀវ សំផន ទទួលទោសនូវអ្វីដែលគាត់បានសាងពីមុនមកគ្រប់យ៉ាងទាំងអស់។
ខ្ញុំឈ្មោះ បួន ឈុនឡោម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមិនដែលធ្លាប់មើលការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះឡើយ។ ខ្ញុំឃើញ ខៀវ សំផន នៅក្នុងតុលាការខ្មែរក្រហម ជាលើកដំបូង គឺនៅពេលនេះតែម្ដង។ ខ្ញុំឃើញ ខៀវ សំផន មានសភាពជរា និងធាត់។ ខ្ញុំនឹកឃើញបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ក្នុងរបបខ្មែរក្រហម គឺវេទនាខ្លាំងណាស់។ នៅពេលដែលខ្ញុំឃើញមានបរទេសនៅក្នុងបន្ទប់សវនាការ ខ្ញុំយល់ថា នេះជាការល្អដែលមានការដឹងឮជាអន្តរជាតិ។ ខ្ញុំមិនយល់ស្របចំពោះការលើកឡើងរបស់លោក ខៀវ សំផន ថាគាត់មិនបានដឹងឮ និងទទួលស្គាល់អំពើរបស់គាត់ក្នុងរបបខ្មែរក្រហមទេ។ ប្រជាជនក្មេងចាស់បានស្លាប់ និងរងទុក្ខវេទនាខ្លាំងណាស់នៅពេលនោះ។
ខ្ញុំឈ្មោះ យួង យុន អាយុ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំធ្លាប់មើលការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមរយៈការផ្សាយបន្តផ្ទាល់នៅតាមទូរទស្សន៍។ ខ្ញុំគាំទ្រចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានធ្វើបាបប្រជាជនខ្មែរយ៉ាងព្រៃផ្សៃ ឃោរឃៅ ដែលប្រជាជនមិនដែលបានជួបប្រទះពីមុនមក។ ការកាត់ទោស ខៀវ សំផន គឺពិតជាត្រឹមត្រូវ។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា