ទីន ញ៉ ៖ អតីតកងចល័តវ័យកណ្ដាលក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទីន ញ៉ អាយុ៧០ឆ្នាំ រស់នៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំគឺជាដូនជីនៅវត្តដំណាក់ព្រីង។ ខ្ញុំមានប្ដីឈ្មោះ ឈៀង ឈាន និងកូនចំនួន៤នាក់(ប្រុស៣ ស្រី១)។ ខ្ញុំកើតនៅភូមិទី៥ ឃុំអំពិលពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ សាំង ទីន និងម្ដាយឈ្មោះ ពិន ឃឹម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៧នាក់។ កាលពីក្មេង ខ្ញុំរៀននៅសាលាវត្តស្វាយតាមីងត្រឹមថ្នាក់ទី១១ចាស់។ បន្ទាប់មក ខ្ញុំឈប់រៀនដោយសារតែជីវភាពលំបាក និងបានមកជួយធ្វើការងារឪពុកម្ដាយនៅផ្ទះ និងមើលគោ។

ទីន ញ៉ អាយុ៧០ឆ្នាំ រស់នៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧០ ខ្ញុំដឹងថាមានរដ្ឋប្រហារ លន់ នល់ កើតឡើង។ បន្ទាប់ពីរដ្ឋប្រហារកើតឡើងមិនយូរប៉ុន្មានផង បាតុកម្មបានផ្ទុះឡើង និងដង្ហែរតាមដងផ្លូវ។ ខ្ញុំក៏បានចូលរួមការដង្ហែរបាតុកម្ម ប៉ុន្តែមិនបានទៅណាឆ្ងាយទេ គឺទៅដល់ពាមជាំង និងបានដើរត្រឡប់មកផ្ទះវិញ។ នៅពេលនោះ ខ្ញុំឃើញអ្នកចូលរួមបាតុកម្មបានចាប់ប្អូនប្រុសរបស់ លន់ នល់ គឺឈ្មោះ លន់ និល។ បាតុករបានវាយដំ និងបណ្ដើរ លន់ និល ទាំងហូរឈាមពេញខ្លួន ចេញពីបន្ទាយវ៉ាងសែងយកទៅសម្លាប់ចោលនៅម្ដុំផ្សារអូររាំងឪ។ នៅចុងឆ្នាំ១៩៧០ មានវត្តមានកងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិ។ ប្អូនប្រុសរបស់ខ្ញុំបានស្ម័គ្រចិត្តចូលព្រៃម៉ាក់គីដើម្បីតស៊ូប្រឆាំងរបប លន់ នល់។ ខ្ញុំត្រៀមរត់ចូលព្រៃម៉ាក់គីដែរ ប៉ុន្តែគ្មានអ្នកនាំទៅ។

នៅឆ្នាំ១៩៧១ ខ្ញុំរៀបការប្ដី។ នៅឆ្នាំ១៩៧២ ខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅភូមិសាស្រ្តអូររាំងឪ តែងតែមានយន្តហោះមកទម្លាក់គ្រាប់បែក។ នៅថ្ងៃមួយ យន្តហោះអាជើងបង្កងបានហោះឆ្វែលក្រឡឹងចុះឡើងប្រហែល២០នាទី និងបាញ់ផ្សែងជាសញ្ញា។ បន្ទាប់មក យន្តហោះស្លាបកាត់បានហោះមកទម្លាក់គ្រាប់បែកចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៥ល្ងាច។ ខ្ញុំនាំកូនរត់ចូលក្នុងរណ្ដៅត្រង់សេ។ នៅឆ្នាំ១៩៧២ ខ្ញុំនិងគ្រួសាររត់ភៀសខ្លួនទៅនៅភូមិមាសស្នេហ៍ ឃុំអំពិលពក ស្រុកកំពង់សៀមវិញ។ រយៈពេល៣ខែក្រោយមក គ្រួសារខ្ញុំបានវិលត្រឡប់មកផ្ទះវិញ។

រហូតដល់ខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញនៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានចាត់តាំងឲ្យចូលធ្វើការនៅកងចល័តវ័យកណ្ដាល ដើម្បីទៅធ្វើការងាររួមមាន រែកដី ធ្វើស្រែ និងដំាដំណាំនៅក្នុងភូមិ។ កងចល័តវ័យកណ្ដាលមានសមាជិកប្រហែល៤០នាក់ និងមានប្រធានឈ្មោះ មិត្ត យឿន។ នៅឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវទៅធ្វើការដកស្ទូងស្រូវនៅតាមសហករណ៍ផ្សេងៗ។ នៅឆ្នាំ១៩៧៨ យោធាខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកចាប់ប្រធានកង មេភូមិ និងកម្មាភិបាលមូលដ្ឋានយកទៅសួរចម្លើយ និងសម្លាប់ចោល។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅជ្រៃជីសូរបានមួយរយៈ។ ក្រោយមកទៀត ខ្ញុំត្រូវបានអង្គការឲ្យទៅធ្វើការនៅស្រុកពារាំង។ នៅពេលនោះ ខ្ញុំបានប្រកែកមិនទៅ ពីព្រោះប្តីរបស់ខ្ញុំកំពុងតែឈឺនៅពេទ្យ។ ប៉ុន្មានថ្ងៃក្រោយមក ប្ដីរបស់ខ្ញុំបានស្លាប់ដោយសារតែគ្មានថ្នាំព្យាបាល។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំឮសំលេងគ្រាប់បាញ់គ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ពេលនោះ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ក្នុងរបបខ្មែរក្រហម និងបន្តជីវិតរស់នៅជាកសិកររហូតមក។

អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖