ខ្ញុំឈ្មោះ រ៉ូយ សារ៉ុម អាយុ៦១ឆ្នាំ សព្វថ្ងៃរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ កាលពីក្មេងខ្ញុំធ្លាប់បានចូលរៀននៅសាលារៀនភូមិដើមបេង។ ខ្ញុំបានរៀនដល់ត្រឹមថ្នាក់ទី៩ចាស់ប៉ុណ្ណោះក៏ឈប់រៀនទៅ។ ក្រោយពីឈប់រៀន ខ្ញុំនៅជួយមើលប្អូន និងជួយឪពុកម្ដាយធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៧៤ គ្រួសាររបស់ខ្ញុំទាំងអស់បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដោយសារស្រុកកំណើតខ្ញុំមានសង្គ្រាមកើតឡើង។ ពេលទៅដល់ប្រទេសវៀតណាមដំបូង ខ្ញុំត្រូវរស់នៅពឹងផ្អែកលើអំណោយពីភាគីវៀតណាម។ ខ្ញុំទទួលបាននំបុ័ង ត្រីខ ទឹកត្រី អំបិល និងអង្ករ ដើម្បីចិញ្ចឹមជីវិត។ ក្រោយមក ខ្ញុំទទួលបានដីចម្ការចំនួន២កុងដើម្បីធ្វើស្រែចម្ការផ្ទាល់ខ្លួន។ ក្រៅពីធ្វើស្រែ ឪពុកម្ដាយរបស់ខ្ញុំច្រូតស្បូវ និងក្រងស្បូវលក់យកកម្រៃបន្ថែមដើម្បីចិញ្ចឹមគ្រួសារ។
បន្ទាប់ពីខ្ញុំរស់នៅវៀតណាមអស់រយៈពេល២ឆ្នាំ គឺនៅក្នុងឆ្នាំ១៩៧៦ឪពុករបស់ខ្ញុំឮខ្មែរក្រហមប្រកាសថា ជនជាតិខ្មែរដែលរស់នៅវៀតណាម ត្រូវធ្វើការដោះដូរជាមួយជនជាតិវៀតណាមដែលរស់នៅក្នុងទឹកដីកម្ពុជា។ ឪពុករបស់ខ្ញុំបាននាំក្រុមគ្រួសារត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ អ្នកដទៃទៀត ក៏ត្រឡប់មកកាន់ប្រទេសកម្ពុជាដូចគ្រួសារខ្ញុំដែរ។ យើងបានធ្វើដំណើរមកដល់ភ្នំដិន។ យោធាខ្មែរក្រហម បានត្រៀមរួចស្រេចចាំទទួលយើងនៅទីនោះ ហើយបានចែកអង្ករ និងត្រីងៀតដល់យើងទៀតផង។
ធ្វើដំណើរចេញពីភ្នំដិនមក ខ្ញុំត្រូវបានយោធាខ្មែរក្រហមនាំយកមកស្នាក់នៅបណ្តោះអាសន្ននៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ រយៈពេល២យប់។ បន្ទាប់មក ទើបមានឡានទាហានខ្មែរក្រហមផ្សេងទៀតមកដឹកគ្រួសារខ្ញុំទៅកាន់វត្តត្នោតជុំ ស្ថិតនៅក្នុងភូមិខ្ពបត្របែក ឃុំអូរសារាយ ស្រុកត្រាំកក់ ដើម្បីស្នាក់នៅមួយយប់ទៀត មុននឹងបន្តដំណើរឆ្ពោះទៅកាន់ភូមិត្រពាំងដងទឹក ក្នុងឃុំដដែល។ ខ្ញុំត្រូវរស់នៅជុំគ្នាជាមួយឪពុកម្ដាយ ប៉ុន្តែយើងធ្វើការនៅកន្លែងផ្សេងគ្នា។ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមប្រើឲ្យកាប់ដើមរពាក់សម្រាប់ធ្វើបង្គី និងកើបអាចម៍គោនៅពេលថ្ងៃ ហើយជីកប្រឡាយនៅពេលយប់។
នៅឆ្នាំ១៩៧៧ ខ្ញុំបានមកស្នាក់នៅភូមិត្រពាំងនាល ឃុំត្រាំកក់ ស្រុកត្រាំកក់ ព្រោះខ្ញុំត្រូវបានចាត់តាំងឲ្យចូលធ្វើការនៅក្នុងកងកុមារនៅទីនោះ។ ភារកិច្ចរបស់ខ្ញុំគឺឃ្វាលគោ និងបររទេះដឹកបន្លែត្រីសាច់ ព្រមទាំងអង្ករយកទៅឲ្យបងៗនៅតាមឃុំផ្សេងទៀតក្នុងស្រុកត្រាំកក់។ ចំណែកឪពុកម្ដាយរបស់ខ្ញុំ នៅធ្វើចម្ការ និងដាំដំឡូងនៅក្នុងភូមិត្រពាំងដងទឹកដដែល។ ទោះបីជាខ្ញុំនៅឆ្ងាយពីឪពុកម្តាយ ក៏ខ្ញុំសុំច្បាប់មកលេងគាត់បានដែរ។ ខ្ញុំបានទៅមើលថែម្ដាយរបស់ខ្ញុំនៅក្នុងពេទ្យពេលដែលគាត់ឈឺ។
រហូតដល់ឆ្នាំ១៧៧៩ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងកាត់តាមផ្លូវជាតិក្នុងស្រុកត្រាំកក់ និងខេត្តកំពត រួចមកស្នាក់នៅកំពង់យោលមួយយប់ទើបមកដល់ទីកន្លែងកំណើតស្ថិតនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា