ដំណើរការនៃការកាត់សេចក្តីចុងក្រោយបង្អស់លើ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបិទបញ្ចប់ នៅក្នុងខែសីហា ឆ្នាំ២០២១។ ដំណើរការតុលាការនេះគឺចំណុចរបត់សំខាន់មួយសម្រាប់ប្រវត្តិសាស្ត្ររបស់យើង។ ខណៈដែលការពិតខ្លះត្រូវបានរកឃើញ សន្តិភាពក៏ចាប់ផ្តើមចាក់ឬសជ្រៅថែមទៀត។
ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដំណើរការរបស់តុលាការបានបង្កឲ្យមានប្រតិកម្មយ៉ាងច្រើននៅក្នុងចំណោមប្រជាជនកម្ពុជា។ កាលពីដើមឡើយ ប្រជាជនកម្ពុជាជាច្រើនបានបង្ហាញចេញនូវការខកចិត្តដែលអតីតមេដឹកនាំខ្មែរក្រហមមួយចំនួនតូចប៉ុណ្ណោះនឹងត្រូវនាំយកទៅជំនុំជម្រះទោស និងការដាក់ទោសទណ្ឌយ៉ាងស្រាលទៅលើ កាំង ហ្កិចអ៊ាវ ហៅ ឌុច នៅឯអង្គជំនុំជម្រះសាលាដំបូង (ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសាលាកំពូល)។ តែទោះជាយ៉ាងណាក៏ដោយ ការដែលបានឃើញពីការបិទបញ្ចប់ដំណើរការនៃការស្វែងរកយុត្តិធម៌អស់ជាងមួយទសវត្សរ៍កន្លងមកនេះ ហាក់ទទួលបាននូវភាពរសាយចិត្តច្រើន។
បើទោះជាមានការពន្យាពេលផ្សេងៗនៅក្នុងដំណើរការតុលាការក៏ដោយ បទចោទប្រកាន់របស់អង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា ដែលត្រូវបានស្គាល់ជាទូទៅថាជា តុលាការខ្មែរក្រហម បានទាញចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំនៃការតស៊ូក្នុងសមរភូមិផ្លូវច្បាប់ ប្រជាជនកម្ពុជាក៏បានចាប់អារម្មណ៍ចំពោះភាពអយុត្តិធម៌នៃការរស់នៅរបស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការខ្មែរក្រហម។ សាធារណជនមានភាពអាក់អន់ស្រពន់ចិត្តដោយសារតែការរៀបចំយ៉ាងសមរម្យរបស់តុលាការ ខណៈដែលអតីតមេដឹកនាំខ្មែរក្រហមទាំងនោះធ្លាប់បានបដិសេធសិទ្ធិរស់រានមានជីវិតរបស់ជនរងគ្រោះជាច្រើននាក់ ក្នុងអំឡុងរបបគ្រប់គ្រងរបស់ខ្លួន។ ប្រជាជនកម្ពុជាបានរិះគន់ពីការរៀបចំយ៉ាងសមរម្យនេះសម្រាប់អតីតមេដឹកនាំខ្មែរក្រហម ដោយរាប់បញ្ចូលទាំងបន្ទប់ស្នាក់នៅបំពាក់ម៉ាស៊ីនត្រជាក់ ការពិនិត្យសុខភាពជាទៀងទាត់ និងការទទួលបានវ៉ាក់សំាងកូវីដ១៩ ខណៈដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្លះនៅរង់ចាំការទទួលបានវ៉ាក់សាំងប្រឆាំងនឹងមេរោគរាតត្បាតនេះ។ តែទោះយ៉ាងណា ទាំងអស់នេះគឺជាបទដ្ឋានមូលដ្ឋានរបស់តុលាការជាតិនិងអន្តរជាតិមួយនេះ ដែលការរៀបចំដ៏សមរម្យត្រូវបានផ្តល់ជូនដើម្បីធានាបានថា ភាគីនៅក្នុងសំណុំរឿងក្តីមានកាយសម្បទានិងស្មារតីពេញលេញក្នុងការបង្ហាញវត្តមានដើម្បីស្តាប់ និងឆ្លើយតបចំពោះបទចោទប្រកាន់ទាំងឡាយប្រឆាំងមកលើខ្លួន។
ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហមវ័យចំណាស់និងជាសម្ព័ន្ធមិត្តដ៏ឥតងាករេរបស់ ប៉ុល ពត បានលៃលកប្រើប្រាស់វេទិការបស់តុលាការខ្មែរក្រហមនេះដើម្បីការពារទង្វើរបស់ខ្លួន និងរបបខ្មែរក្រហម លុះដល់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្លួន។ ខៀវ សំផន នៅតែមិនផ្លាស់ប្តូរ និងមិនមានវិប្បដិសារីចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនកម្ពុជាជិតពីរលាននាក់ ឬស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាជនកម្ពុជា នៅក្រោមគោលនយោបាយប្រល័យពូជសាសន៍របស់របបខ្លួនឡើយ។ ជាជំនួសវិញ ខៀវ សំផន នៅតែទទូចថា គោលនយោបាយរបស់ខ្លួនមានតម្លៃដែលបម្រើប្រយោជន៍របស់ប្រទេសជាតិ។ ហម សឿន ដែលមានវ័យ៦៨ឆ្នាំ និងបានរស់នៅក្នុងស្រុកអន្លង់វែងចាប់តាំងពីដើមឆ្នាំ២០០០មកម៉្លេះ និង ពេជ សារេន ដែលមានវ័យ៦៧ឆ្នាំ និងជាអតីតទាហានខ្មែរក្រហមនៅក្នុងអតីតតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនៅអន្លង់វែង បានចែករំលែកទស្សនៈរបស់ខ្លួនថា យុត្តិធម៌គួរជាទីទុកចិត្តបានគួរតែមានតុល្យភាពជាមួយអង្គហេតុពិតក្នុងអំឡុងនៃការកាន់តំណែងជាប្រធានគណៈប្រធានរដ្ឋរបស់ ខៀវ សំផន ផង។ តាមពិតទៅ សឿម គាំទ្រសិទ្ធិសម្តែងមតិយោបល់របស់ ខៀវ សំផន ហើយជឿជាក់ថា មិនមែនគ្រប់គោលនយោបាយរបស់ ខៀវ សំផន សុទ្ធសឹងតែជាកំហុសនោះទេ។
បើទោះជាមានទស្សនៈដទៃពីគ្នាក៏ដោយទាក់ទងនឹងលទ្ធផលនៃការជំនុំជម្រះ ដំណើរការដ៏សមស្រប និងយុត្តិធម៌គួរតែកេរដំណែលដ៏មានសារសំខាន់របស់តុលាការខ្មែរក្រហម។ ដំណើរការតុលាការនេះបានបង្រៀនប្រទេសយើងអំពីសារប្រយោជន៍នៃភាពស្មើគ្នាចំពោះមុខច្បាប់ ដើម្បីបង្កើតបាននូវសន្តិភាព។ ការកាត់ទោសគឺជាសញ្ញាណដែលបង្ហាញថា បទឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍មិនអាចគេចផុតពីការដាក់ទោសទណ្ឌឡើយ។ ការកាត់ទោសនេះក៏បានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការគោរពពីសំណាក់ប្រជាជាតិដទៃទៀតដែរ ដែលបង្ហាញថាប្រទេសកម្ពុជាបានផ្តល់អាទិភាពខ្ពស់ក្នុងដំណើរកាត់ទោស ដើម្បីធ្វើជាគន្លឹះក្នុងការកសាងសន្តិភាព និងការផ្សះផ្សាប្រកបដោយចីរភាព។ ជាចុងក្រោយ ដំណើរការនៃការកាត់ទោសនេះក៏ជាជំហានច្បាស់លាស់ និងប្រកបដោយអត្ថន័យកំណត់សម្រាប់ការបែងចែកឲ្យដាច់ស្រឡះពីគ្នា រវាងអតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលក្នុងនោះរាប់បញ្ចូលទាំងអតីតសមាជិកខ្មែរក្រហមគ្រប់លំដាប់ថ្នាក់ផង។
លី សុខឃាង នាយក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា