អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ចំនួន១០នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៥០០នាក់ នៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា កំពុងចុះសួរសុខទុក្ខ និងស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីក្នុងរបបខ្មែរក្រហម។ រាល់ព័ត៌មានដែលអ្នកស្ម័គ្រចិត្តកម្ពុជាទទួលបានពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់ ៖ ១) វាស់ស្ទង់ការយល់ឃើញពីដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការយល់ឃើញអំពីដំណើរការអប់រំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបញ្ចប់ទៅ, ២) សិក្សាអំពីវិស័យសុខភាពសាធារណៈ, ៣) ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ៤) លើកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ៥) ដើម្បីសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតាមសហគមន៍ដាច់ស្រយាលសម្រាប់ផ្ដល់ជាព័ត៌មានក្នុងការរៀបចំជំនួយអភិវឌ្ឍន៍នាពេលអនាគតដល់ប្រជាជន និងសហគមន៍។
នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅខេត្តពោធិ៍សាត់ បាននាំយកកញ្ចប់អនុស្សាវរីយ៍ចំនួន២៤ ដែលរួមមាន ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, សាប៊ូលាងដៃ, ម៉ាស់, នំ, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តពិភពលោក, ឧបករណ៍សង្រ្គោះបឋម, សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជនក្នុងសហគមន៍ដោយឥតគិតថ្លៃ, សម្ភារជំនួយដល់ជនពិការ រួមជាមួយកាបូបស្ពាយ និងអាវយឺត ទៅចែកជូនអ្នករស់មានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍ជនជាតិភាគតិចចាម នៅឃុំអូរសណ្តាន់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលខ្លួនបានចុះជួបសួរសុខទុក្ខ និងបានស្តាប់រឿងរ៉ាវរបស់គាត់កន្លងមក។
ស្មាន់ សៀរ ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្នុងឃុំអូរសន្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា «ខ្ញុំនិយាយរឿងរ៉ាវដែលខ្ញុំនៅចងចាំជាងគេទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា គឺនៅពេលដែលខ្មែរក្រហមចូលមកចាត់តាំងខ្ញុំនិងប្រជាជនផ្សេងទៀតឲ្យទៅជីកប្រឡាយនៅភូមិថ្មី កំពង់ពោធិ៍ និងកំពង់ឡ។ យើងធ្វើការច្រើនម៉ោងទាំងយប់ទាំងថ្ងៃដោយមិនបានសម្រាក គ្មានអាហារហូបគ្រប់គ្រាន់ និងគ្មានសម្លៀកបំពាក់ដើម្បីផ្លាស់ប្តូរ។ អង្គការចាត់តាំងប្តីរបស់ខ្ញុំឲ្យទៅធ្វើការនៅកន្លែងផ្សេង។ ខ្ញុំមិនបានរស់នៅជាមួយប្តីរបស់ខ្ញុំទេ ចំណែកម្ដាយរបស់ខ្ញុំដែលមានអាយុច្រើនត្រូវនៅមើលថែកូនរបស់ខ្ញុំ៤នាក់។ សមាជិកគ្រួសាររបស់ខ្ញុំ៦នាក់ត្រូវបានឈ្លបខ្មែរក្រហមដឹកតាមរទេះសេះយកទៅសម្លាប់ នៅខាងលិចខេត្តពោធិ៍សាត់។ ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលក្មេងជំនាន់ក្រោយ បានមកសួរអំពីជីវិតជូរចត់របស់ខ្ញុំ។ ខ្ញុំទទួលបានប្រអប់វត្ថុអនុស្សាវរីយ៍ ហើយនៅពេលខ្ញុំប្រើប្រាស់វា ខ្ញុំនឹកឃើញថានៅមានអ្នកដែលយកចិត្តទុកដាក់ចំពោះខ្ញុំ។
លី ហាន់ណាហ្វី អាយុ២៧ឆ្នាំ និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេស និងជាអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តពោធិ៍សាត់ រៀបរាប់ថា «ខ្ញុំចាប់អាម្មណ៍លើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រោះខ្ញុំចូលចិត្តធ្វើការងារស្ម័គ្រចិត្តសម្រាប់សង្គម។ ខ្ញុំនឹងជួយមើលថែចាស់ទុំឲ្យមានសុខភាពល្អប្រសើរ ដែលកិច្ចការនេះហាក់ដូចជាការសងគុណដល់គាត់ដែលធ្លាប់ទទួលរងការលំបាក និងមិនបានទទួលសេវាសុខភាពកាលពីរបបខ្មែរក្រហម។ ណាហ្វី បន្តថា «ចាស់ទុំក្នុងភូមិបានចែករំលែករឿងរ៉ាវរបស់គាត់ ហើយខ្ញុំចូលចិត្តស្ដាប់គាត់និយាយ»។ កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់ស្ដាប់រឿងរ៉ាវរបស់អ៊ំខ្ញុំក្នុងរបបខ្មែរក្រហម ហើយបានជំរុញខ្ញុំឲ្យចូលចិត្តការងារនេះ។ ចាប់តាំងពីខ្ញុំអនុវត្តកិច្ចការងារនេះពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មក ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតចំនួន១០នាក់ហើយ។ ខ្ញុំនៅចងចាំសាច់រឿងរបស់យាយ យ៉ាន អាយុ៧៩ឆ្នាំ។ យាយ យ៉ាន ប្រាប់ខ្ញុំថា នៅក្នុងរបបខ្មែរក្រហមគាត់ទៅសុំអាហារពីអង្គការឲ្យឪពុករបស់គាត់ហូប ប៉ុន្តែអង្គការមិនឲ្យហើយថែមទាំងវាយធ្វើបាបគាត់ទៀត។ ឪពុករបស់យាយ យ៉ាន ស្លាប់ចំពោះមុខគាត់ ដោយសារជំងឺ និងការអត់ឃ្លាន។ ទឹកភ្នែករបស់គាត់ហូរនៅពេលគាត់រំឮករឿងរ៉ាវទាំងអស់នេះប្រាប់ដល់ខ្ញុំ។ យាយ យ៉ាន ចង់ចែករំលែករឿងរ៉ាវរបស់គាត់មកខ្ញុំដែលជាយុវជនជំនាន់ក្រោយ។ រឿងរ៉ាវរបស់គាត់ធ្វើឲ្យខ្ញុំដឹងអំពីទឹកចិត្ត និងសេចក្ដីស្រឡាញ់ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក ប៉ុន្តែគាត់បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយឪពុក។ ខ្ញុំគិតថាជារឿងល្អនៅពេលដែលខ្ញុំស្តាប់រឿងរ៉ាវរបស់គាត់ ហើយជូនប្រអប់អនុស្សាវរីយ៍ដល់គាត់។
លី ខុយរ៉ូលីហ្សា អាយុ១៩ឆ្នាំ រៀនផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា រស់នៅភូមិចុងខ្លុង ឃុំអូរសន្តាន់ ខេត្តពោធិ៍សាត់ បានរៀបរាប់ថា «រហូតមកដល់សព្វថ្ងៃខ្ញុំស្តាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមពីឪពុកម្តាយ, យាយតា អ៊ំ ពូ មីង នៅក្នុងភូមិបានចំនួន២០នាក់។ ខ្ញុំនៅចាំរឿងរ៉ាវរបស់ម្តាយខ្ញុំ និយាយរៀបរាប់ថា ពេលខ្មែរក្រហមគ្រប់គ្រងអំណាចនៅឆ្នាំ១៩៧៥ គាត់ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិចុងថ្លុង ទៅភូមិថ្មី ក្រោយមកប្រជាជនហៅថា ភូមិកាកាប។ ម្តាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ និងចាត់តាំងឲ្យធ្វើការងារក្នុងកងកុមារ។ ម្តាយខ្ញុំដើរកាប់ទន្ទ្រានខែត្រធ្វើជី ហើយគាត់ទទួលបានតែបបរប៉ុណ្ណោះសម្រាប់អាហារប្រចាំថ្ងៃ។ ប្អូនប្រុសរបស់ម្តាយខ្ញុំម្នាក់បានស្លាប់ដោយសារជំងឺ។ នៅពេលស្ដាប់រឿងរ៉ាវរបស់ម្តាយខ្ញុំ បានធ្វើឲ្យខ្ញុំអាណិតគាត់យ៉ាងខ្លាំង ហើយមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ។ ខ្ញុំចង់ជួយម្តាយខ្ញុំឲ្យមានជីវភាពរស់នៅប្រសើរជាងកាលពីរបបខ្មែរក្រហមដែលគាត់រស់នៅលំបាក»។
អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តចែកកញ្ចប់អនុស្សាវរីយ៍ ជាបន្តបន្ទាប់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចែករំលែករឿងរ៉ាវរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ កិច្ចការទាំងនេះគឺជាដំណើរការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមផ្ទាល់មាត់ និងជាការលើកកម្ពស់នូវសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយក៏ជាផ្នែកមួយនៃសំណងជំងឺចិត្តដល់ជនរងគ្រោះបន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនឹងបញ្ចប់នៅពេលខាងមុខ។
អត្ថបទ៖ សោម ប៊ុនថន និង ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត