នួន នៅ គឺជាអតីតពេទ្យនៅក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃ នួន នៅ គឺជាអ្នកលក់ថ្នាំពេទ្យនៅក្នុងភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានរៀបរាប់ថា ខ្ញុំកើតនៅឆ្នាំ១៩៥៤។ ឪពុករបស់ខ្ញុំឈ្មោះ លឹម
នួន និងម្តាយឈ្មោះ កែប ម៉ៅ។ ខ្ញុំមានបងប្អូន៦នាក់ ប្រុស៤នាក់ និងស្រី២នាក់។ ប្អូនរបស់ខ្ញុំស្លាប់អស់ម្នាក់ដោយសារជំងឺគាំងបេះដូង កាលពី១០ឆ្នាំមុន។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។
ដោយសារជីវភាពគ្រួសារមធ្យម ដូច្នេះឪពុកម្តាយរបស់ខ្ញុំ បានបញ្ជូនខ្ញុំឲ្យទៅរៀននៅសាលាស្រះតាអឹម។ ខ្ញុំរៀនដល់ថ្នាក់ទី៧ចាស់។ នៅថ្ងៃដែលសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០ ខ្ញុំមិនបានចូលរៀនទេ ដោយសារតែមានបាតុកម្មបានកើតឡើងនៅភូមិរបោះព្រីង ឃុំស្វាយយារ ស្រុកស្វាយជ្រំ ហើយសាលាក៏ត្រូវបានបិទទ្វារ។
នៅឆ្នាំ១៩៧១ នៅក្នុងឃុំអង្គរស មានការជ្រើសរើសពេទ្យស្ម័គ្រចិត្ត ហើយកងទ័ពរំដោះខ្មែរក្រហមបានស្នើសុំផ្ទះរបស់ខ្ញុំធ្វើជាទីកន្លែងរៀនពេទ្យ។ ខ្ញុំក៏បានចូលរៀនពេទ្យតាមការជំរុញរបស់ឪពុក និងយល់ឃើញថាការរៀនពេទ្យនឹងអាចធ្វើឲ្យជីវិតរស់បានស្រួលទៅថ្ងៃអនាគត។ ការរៀនពេទ្យក៏ជួបឧបសគ្គច្រើនណាស់ដែរ។ នៅពេលរៀនពេទ្យ ខ្ញុំមិនសូវបានសម្រាកទេ បណ្តាលឲ្យខ្ញុំឈឺ។ ប្រធានសង្គមកិច្ចឃុំចោទប្រកាន់ខ្ញុំថាធ្វើពុតជាឈឺ។ រយៈពេល៣ខែបន្ទាប់ពីបញ្ចប់ការរៀនពេទ្យ ខ្ញុំបានទទួលចំណេះដឹងមួយចំនួន ដូចជា ចាក់ថ្នាំ ផ្សំថ្នាំ ចំណាំប្រភេទថ្នាំគ្រាប់ ថ្នាំបូរាណ និងថ្នាំវីតាមីនដែលនាំចូលពីប្រទេសចិន និងអាមេរិក។ ខ្ញុំក៏បានជួយព្យាបាលប្រជាជនឲ្យជាសះស្បើយច្រើននាក់ដែរ។ នៅក្នុងសម័យនោះ ប្រជាជនភាគច្រើនគឺមានជំងឺគ្រុនចាញ់ ក្តៅខ្លួន និងរាក។
នៅឆ្នាំ១៩៧៤ ខ្ញុំលែងបាននៅផ្ទះទៀតហើយ។ ខ្ញុំត្រូវដើរចល័តគ្រប់ទីកន្លែងដើម្បីព្យាបាលអ្នកជំងឺ និងអ្នកត្រូវរបួស។ ជាដំបូង ខ្ញុំបានទៅពោធិ៍កន្លែងដើម្បីព្យាបាលកម្មាភិបាលខ្មែរក្រហម និងយោធាខ្មែរក្រហមដែលប្រយុទ្ធគ្នាជាមួយកងទ័ព លន់ នល់។ ដោយសារខ្ញុំគឺជាគ្រូពេទ្យដូច្នេះខ្ញុំមិនដែលប្រកាន់បក្ខពួកទេ។ ខ្ញុំព្យាបាលមនុស្សគ្រប់គ្នា ដែលកំពុងត្រូវការជំនួយ។ ខ្ញុំពុំសូវបានមកលេងផ្ទះទេ។ យូរៗម្តង ទើបខ្ញុំហ៊ានសុំច្បាប់ប្រធានអង្គភាពមកលេងឪពុកម្តាយមួយទៅពីរថ្ងៃ។ ខ្ញុំមិនត្រឹមតែព្យាបាលប្រជាជននៅក្នុងភូមិស្រះតាអឹមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យឃុំអង្គរស មន្ទីរពេទ្យស្រុកមេសាង ព្រៃវែង និងស្រុកកញ្ជៀចទៀតផង។
នៅខែមិថុនា ឆ្នាំ១៩៧៨ មានលេចឮពាក្យចចាមអារ៉ាមថា សោ ភឹម បានក្បត់នឹងបដិវត្តន៍ ដូច្នេះអ្នកដែលនៅក្រោមបង្គាប់របស់ សោ ភឹម ទាំងអស់ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់ចោល រួមទាំងឪពុករបស់ខ្ញុំ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមលែងឲ្យធ្វើពេទ្យ ហើយឲ្យមករស់នៅសហករណ៍ជាមួយប្រជាជនវិញ។ ដំបូងប្រជាជននៅក្នុងភូមិបាននាំគ្នានិយាយថា ខ្ញុំគឺជាជនក្បត់ជាតិ ប៉ុន្តែខ្ញុំបានខិតខំធ្វើយ៉ាងណាឲ្យប្រជាជននៅក្នុងសហករណ៍មើលឃើញថា ខ្ញុំគឺជាមនុស្សដែលតស៊ូ និងអត់ធ្មត់នឹងការងារ។ រាល់ថ្ងៃខ្ញុំត្រូវដើរប្រមូលជីលាមកមនុស្ស និងត្រូវទៅកាប់ឧសយកមកដាក់នៅក្នុងរោងបាយរួម។ ចំណែកឯអាហារគឺខ្វះខាតជាងមុន ប៉ុន្តែមានប្រជាជននៅក្នុងសហករណ៍លួចឲ្យត្រីមកខ្ញុំហូបដែរ។ ខ្ញុំធ្វើការងារបណ្តើរគិតបណ្តើរមិនដឹងថា ខ្មែរក្រហមនឹងយកខ្ញុំទៅសម្លាប់នៅពេលណានោះទេ ព្រោះរៀងរាល់ថ្ងៃខ្ញុំសង្កេតឃើញអ្នកដែលជាប់និន្នាការដូចខ្ញុំ ត្រូវបានកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ម្តងម្នាក់ៗ។
នៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានឈ្លបខ្មែរក្រហមកត់ឈ្មោះចូលទៅក្នុងបញ្ជីដែលត្រូវនាំខ្លួនយកទៅសម្លាប់ចោល។ សំណាងល្អ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមករំដោះ ទើបខ្ញុំរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
ខ្ញុំបានមករស់នៅក្នុងភូមិស្រះតាអឹមវិញ និងបានរៀបការប្រពន្ធ។ ខ្ញុំមានកូនចំនួន៦នាក់។ ខ្ញុំរស់នៅយ៉ាងមានសុភមង្គល និងមានជីវភាពធូរធារ។ ខ្ញុំសប្បាយចិត្តដែលបានចែករំលែករឿងរ៉ាវរបស់ខ្ញុំប្រាប់ដល់ក្មេងជំនាន់ក្រោយឲ្យបានដឹង។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា