ស៊ឹង គឹមស្រ៊ុន ៖ អតីតកងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ស៊ឹង គឹមស្រ៊ុន អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិទី៨ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានមុខរបរជាកសិករធ្វើស្រែចម្ការ។ ខ្ញុំមានភូមិកំណើតនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំ

មានឪពុកឈ្មោះ កៅ ឡេង និងម្ដាយឈ្មោះ ពិន ស្រ៊ី។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ នៅវ័យកុមារ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាគ្រូអ៊ុក។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ចាស់។ ខ្ញុំឈប់រៀននៅអាយុ១៣ឆ្នាំ ដើម្បីមកជួយការងារឪពុកម្ដាយនៅផ្ទះ និងមើលប្អូនៗ។ នៅអាយុ១៥ឆ្នាំ ខ្ញុំរៀបការប្ដី ធ្វើជាប៉ូលីសនៅជីហែ។ ខ្ញុំទៅរស់នៅជាមួយប្ដីនៅជីហែរ។ មួយរយៈក្រោយមក ប្ដីរបស់ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការនៅត្រពាំងថ្លុង។ នៅពេលនោះ ខ្ញុំបង្កើតកូនបានមួយនាក់ និងវិលមករស់នៅជីហែរវិញ។

ស៊ឹង គឹមស្រ៊ុន អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិទី៨ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីមានរដ្ឋប្រហាររបស់ លន់ នល់ នៅដើមឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើង និងដង្ហែរទៅទីរួមខេត្តកំពង់ចាម។ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មនោះ។ ចំណែកខ្ញុំបានមករស់នៅផ្ទះជាមួយម្ដាយខ្ញុំនៅស្រុកកោះសូទិន។ នៅឆ្នាំ១៩៧១ ខ្ញុំឃើញកងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិ​ ហើយប្ដីរបស់ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការងារនៅភស្ដុភារនៅខេត្តព្រៃវែង។ នៅពេលនោះ ប្ដីរបស់ខ្ញុំមិនដែលមកលេងផ្ទះនៅកោះសូទិនទេ។ នៅឆ្នាំ១៩៧៣ ភូមិទី៨ គឺជាសមរភូមិក្ដៅរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ទាហានលន់ នល់ បានទម្លាក់គ្រាប់បែកជាច្រើនទៅលើទីតាំងដែលមានកងទ័ពរំដោះខ្មែរក្រហមលាក់ខ្លួន។ នៅឆ្នាំ១៩៧៤ ខ្ញុំរត់ភៀសខ្លួនជាមួយកូនទៅរស់នៅជាមួយប្ដីដែលទើបតែត្រូវបានផ្លាស់មកនៅស្រុកអូររាំងឪ។ នៅឆ្នាំ១៩៧៥ ខ្ញុំដឹងដំណឹងថាម្ដាយរបស់ខ្ញុំដែលរស់នៅកោះសូទិនបានស្លាប់។ ខ្ញុំបាននាំកូន និងប្អូនតូចត្រឡប់មកភូមិវិញ ដោយបានដើរពីអូររាំងឪ រហូតមកដល់កោះចិន និងឆ្លងទៅខាងកោះសូទិននៅព្រឹកបន្ទាប់។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារនៅកងចល័តវ័យកណ្ដាល ដោយឲ្យដើរទៅរែកដី ជីកប្រឡាយ ស្ទូងស្រូវ កាត់ថ្នាំ និងកាច់ពោត។ ខ្ញុំត្រូវក្រោកនៅម៉ោង៤ព្រឹក ដើម្បីតម្រង់ជួរ និងចាប់ផ្ដើមធ្វើការនៅម៉ោង៦ដល់ម៉ោង១១ព្រឹក និងពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ខ្ញុំទទួលបានរបបអាហារត្រឹមតែបបររាវប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រង និងចាប់ផ្ដើមចាប់ខ្លួនប្រធានកង មេភូមិ និងប្រជាជន១៧មេសាដើម្បីយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានដាក់ជាប្រជាជនត្រៀម គឺជាក្រុមប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់នាពេលឆាប់ៗខាងមុខនេះ។ មានប្រជាជនចាស់ និងប្រជាជន១៧មេសាជាច្រើនត្រូវបានចាប់ខ្លួនយកទៅសម្លាប់នាពេលនោះដែរ។ ខ្ញុំធ្វើការនៅក្នុងកងចល័តវ័យកណ្ដាល រហូតដល់ពេលដែលកងទ័ពវៀតណាមចូលមកនៅដើមឆ្នាំ១៩៧៩។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ក្នុងរបបខ្មែរក្រហម និងប្រកបរបរជាកសិកររហូតដល់សព្វថ្ងៃ។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖