ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមគេហដ្ឋាន

នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បុគ្គលិក៧រូបមកពីមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២រូប គឺឈ្មោះ ជា

ងាំ និង សួន ឡុន នៅគេហដ្ឋានរបស់គាត់ស្ថិតនៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងជំនួបនេះ ក្រុមការងារបានសាកសួរអំពីជីវប្រវត្តិសំខាន់ៗមួយចំនួនដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម និងសួរនាំអំពីបញ្ហាសុខភាពរបស់គាត់នាពេលបច្ចុប្បន្ន។ បន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងពីររូប ក្រុមការងារបានចុះទៅជួបជាមួយពេទ្យភូមិមួយកន្លែងស្ថិតនៅតាមផ្លូវជាតិលេខ១១ ក្នុងភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីស្ថានភាពសុខភាព និងជំងឺរបស់ប្រជាជនក្នុងភូមិ ព្រមទាំងបង្កើតទំនាក់ទំនងជាមួយពេទ្យភូមិដើម្បីធ្វើការអភិវឌ្ឍស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនាពេលបច្ចុប្បន្ន និងអនាគត។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបខ្លីៗអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួប៖

យាយ ជា ងាំ

យាយ ជា ងាំ អាយុ៧៦ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ យាយ ងាំ គឺជាមនុស្សស្រី ប៉ុន្តែគាត់ចូលចិត្តតែងខ្លួនធ្វើដូចជាមនុស្សប្រុស។ បច្ចុប្បន្ន យាយ ជា ងាំ រស់នៅក្នុងផ្ទះតូចមួយជាមួយលោកយាយ ឡុង។ នៅក្នុងសម័យ លន់ នល់ យាយ ងាំ បានភៀសខ្លួនទៅរស់នៅក្នុងទីរួមខេត្តព្រៃវែង ព្រោះនៅក្នុងភូមិព្រៃកណ្ដៀងមានការវាយប្រយុទ្ធគ្នាជាច្រើនលើករវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសយាយ ងាំ មករស់នៅភូមិព្រៃកណ្ដៀងវិញដើម្បីធ្វើស្រែចម្ការ។ យាយ ងាំ ត្រូវក្រោកតាំងពីម៉ោង៤ទៀបភ្លឺ ដើម្បីទៅធ្វើការងារដកស្ទូងរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារ។

នៅចុងឆ្នាំ១៩៧៨ ពេលយាយ ងាំ កំពុងកាប់ដីនៅក្នុងស្រែ ក៏បានកាប់ចំអំបែងគ្រាប់ខ្ទាតត្រូវភ្នែក។ ភ្លាមៗនោះប្រជាជននៅក្នុងភូមិបាននាំលោកយាយទៅមន្ទីរពេទ្យស្រុកនៅភូមិស្តៅ។ យាយ ងាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកអស់រយ:ពេលកន្លះខែទើបត្រឡប់មកផ្ទះវិញ។ នៅពេលយាយ ងាំ បានមកដល់ផ្ទះមួយរយៈប្រទេសជាតិត្រូវបានរំដោះ។ ចាប់តាំងពីពេលនោះមក យាយ ងាំ បានធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមក។ បច្ចុប្បន្នលោកយាយ ងាំ បានទៅជួយការងារនៅក្នុងវត្តព្រៃកណ្ដៀង ដូចជា​​ ដាំទឹក ដាំបបរ​ សម្រាប់ឲ្យលោកឆាន់។ ការងារខាងលើនេះបានធ្វើឲ្យលោកយាយសប្បាយចិត្ត និងមិននឹកឃើញរឿងរ៉ាវពីមុនៗឡើយ។

តា សួន ឡុន

តា សួន ឡុន មានអាយុ៨៦ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សព្វថ្ងៃ តា ឡុន រស់នៅជាមួយប្រពន្ធ និងចៅម្នាក់។  គ្រួសាររបស់តា ឡុន ប្រកបរបរវេចនំលក់ឲ្យអ្នកភូមិ ដើម្បីយកប្រាក់បន្តិចបន្តួចមកចិញ្ចឹមជីវិត។ នៅក្នុងឆ្នាំ១៩៧០ តា សួន ឡុន បានរៀបការជាមួយប្រពន្ធរបស់គាត់។ បន្ទាប់ពីរៀបការរួចលោកតា សួន ឡុន បានទៅរស់នៅភូមិចម្ការកួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាស្រុកខាងប្រពន្ធ។ បន្ទាប់ពី​​​ តា សួន ឡុន បានចាកចេញទៅ ក៏មានការទម្លាក់គ្រាប់បែកមកលើភូមិព្រៃកណ្ដៀង។ តា ឡុន បានមករស់នៅក្នុងភូមិព្រៃកណ្ដៀងវិញ នៅពេលដែលប្រទេសជាតិមានសន្តិភាព។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖