ខ្ញុំគឺជាពេទ្យស្ម័គ្រចិត្តបដិវត្តន៍

ខ្ញុំឈ្មោះ ព្រំ ណៃ កើតនៅក្នុងឆ្នាំ ១៩៦០ នៅក្នុងភូមិប្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមគ្រួសាររបស់ខ្ញុំមានសមាជិកចំនួន១០នាក់។ ម្តាយរបស់ខ្ញុំ​ឈ្មោះ ព្រំ ឈា​ក ស្លាប់ក្នុង​ឆ្នាំ១៩៩៦ ចំណែកឯ

ឪពុករបស់ខ្ញុំឈ្មោះ វ័រ សៀង ស្លាប់​នៅ​ក្នុង​ឆ្នាំ១៩៧៧ ហើយ​ខ្ញុំ​មានបងប្អូនចំនួន ៨នាក់រួមទាំងខ្ញុំដែលជាកូនច្បងនៅក្នុងគ្រួសារ។

ក្រុមគ្រួសាររបស់ខ្ញុំគឺជាអ្នកស្រែចម្ការ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរ​ធ្វើស្រែ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ដោយសារតែបញ្ហាជីវភាពគ្រួសារប្រឈ​មនឹងការលំបាកខ្លាំង ខ្ញុំមិន បានរៀនសូត្រ​ឡើយ។ ខ្ញុំមិនអាច​សរសេរ​អក្សរបានទេ ប៉ុន្តែខ្ញុំចេះអានអក្សរបានបន្តិចបន្តួច ដែរ។

ដំណើរជីវិតរបស់ខ្ញុំតស៊ូជាមួយនឹងខ្មែរក្រហមបានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៣ មកម៉្លេះ នៅ​ពេល​ដែល​​ខ្ញុំ​បាន​សម្រេចចិត្តចូលធ្វើពេទ្យបដិវត្តន៍។ រយៈពេល៣ឆ្នាំបន្ទាប់ពីសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋ​ប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង ខ្ញុំបានស្ម័គ្រចិត្ត​ចេញ​ធ្វើ​បដិវត្តន៍​នៅក្នុងស្រុករបស់ខ្ញុំ។ ​ពេល​នោះ​ ខ្ញុំទើបតែមានអាយុប្រហែល ១៣​ឆ្នាំតែ​ប៉ុណ្ណោះ ប៉ុន្តែដោយសារតែជីវភាពខ្វះខាត ខ្ញុំបានចូល​ធ្វើ​ជាពេទ្យនៅឃុំដងពែងក្នុងស្រុក​កំណើត​របស់ខ្ញុំ។

រហូតមកដល់ឆ្នាំ១៩៧៤ ខ្ញុំបានផ្លាស់មកធ្វើពេទ្យនៅឯពេទ្យស្រុកស្រែអំបិលវិញ។ ខ្ញុំចាំ​បានថា មានក្មេងស្រីៗ ដែលមានអាយុស្របក់ស្របាលនឹងខ្ញុំ ហើយក៏មានក្មេងស្រីដែលមាន​វ័យក្មេងជាង​ខ្ញុំជាច្រើន​នាក់​បានស្ម័គ្រចិត្តធ្វើពេទ្យបម្រើឲ្យបដិវត្តន៍ដូចខ្ញុំដែរ។

ព្រំ ណៃ រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយប្រកបរបរធ្វើចម្ការរហូតដល់សព្វថ្ងៃនេះ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មុនពេលចូលធ្វើជាពេទ្យ ខ្ញុំមិនធ្លាប់បានរៀនអំពីវិជ្ជាពេទ្យអ្វីនោះទេ។ វាគឺថ្មីសន្លាង​សម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំ​ចាប់​ផ្តើមរៀនដំបូង គឺខ្ញុំគ្រាន់តែ​មើល​ពេទ្យបងៗព្យាបាលរបួស​ឲ្យ​អ្នកជំងឺ ហើយប​ន្ទាប់មក​​ខ្ញុំសាកល្បង​ព្យាបាល​ទៅតាមអ្វីដែលខ្ញុំបានឃើញ និង​ចងចាំ។ គ្រូ​ពេទ្យបដិវត្តន៍​ជា​ច្រើនទៀត​រៀនសូត្រអំពីការព្យាបាលជំងឺ តាមវិធីសាស្រ្តដូចដែលខ្ញុំបាន​រៀន​ដែរ។​ក្នុងវ័យ១៣ឆ្នាំ ក្រៅពីចេះព្យាបាលជំងឺ និង​របួស ខ្ញុំថែមទាំងចេះវិជ្ជាឆ្មបទៀត។ មិនយូរប៉ុន្មាន ខ្ញុំចាប់ផ្តើមព្យាបាលជំងឺ និងរបួសឲ្យប្រជាជននិងកងទ័ព។

នៅក្នុងឆ្នាំ​១៩៧៤​ដដែល ប្រជាជនភាគច្រើនកើតជំងឺគ្រុនចាញ់ ហើយកងទ័ពក៏មាន​របួសច្រើនពីការប្រយុទ្ធគ្នាដែរ។ ខ្ញុំត្រូវនៅ​ព្យា​បាលអ្នកជំងឺ​​ទាំងយប់ទាំងថ្ងៃមិនសូវមានពេល​សម្រាក​ឡើយ ប៉ុន្តែខ្ញុំមានសំណាងល្អដែលមានអាហារ​ហូប​គ្រប់​គ្រាន់។

រហូតដល់ពេលខ្មែរក្រហមឡើងកាន់កាប់អំណាចជាផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥ ​ខ្មែរក្រហម​បានជ្រើស​រើសខ្ញុំឲ្យមកធ្វើ​ពេទ្យ​នៅ​តាម​ភូមិវិញ។ ខ្ញុំបាន​ដើរព្យាបាល​ជំងឺរបស់ប្រជាជន​នៅតាម​ភូមិ និងតាមម​ន្ទីរតំបន់​ ពីតំបន់មួយទៅតំបន់មួយ។

មានរឿងរ៉ាវជាច្រើនបានកើតឡើងនៅមន្ទីរពេទ្យ និង​មានការធ្វើទុក្ខបុកម្នេញ​ចំពោះ​ជីវិត​ប្រចាំថ្ងៃរបស់ប្រជាជន។ ចាប់ពីឆ្នាំ១៩៧៦ នៅភូមិភាគ​បស្ចិម មានការធ្វើបាប​ប្រជា​ជនយ៉ាងខ្លាំងព្រោះតែ តាទីន ដែលជាប្រធានគណៈតំបន់​បានក្បត់​នឹង​អង្គកា​រ​។​ ការកាប់​សម្លាប់ដោយសារតែការសង្ស័យថាក្បត់ ការបង្អត់អាហារ ការធ្វើការលើសកម្លាំង និងជំងឺ បានធ្វើឲ្យប្រជាជនស្លាប់ស្ទើរតែរៀងរាល់ថ្ងៃ។

ប្រជាជន១៧​មេសា ទាំងស្រីទាំងប្រុស​ ត្រូវបាន​អង្គការបញ្ជូនឲ្យ​ទៅរស់​នៅ​ក្នុង​កង​ចល័ត ដោយបានបង្ខំឲ្យលើកទំនប់នៅបឹងព្រាវបណ្តាល​ឲ្យស្លាប់អស់ជាច្រើននាក់។ ចំណែក​ឯ​គ្រូពេទ្យដូចខ្ញុំក៏មិនត្រូវបានលើកលែងពី​ការ​សម្លាប់​ដែរ។ យើងបានប្រឈមមុខនឹងការ​សម្លាប់​​ពី​ខ្មែរ​​ក្រហម​ដូចប្រជាជនឯទៀត​ប្រសិនបើ ខ្មែរ​ក្រហម​មានការសង្ស័យថាយើងធ្វើខុស​អ្វីមួយនោះ​។

រឿង​រ៉ាវរបស់ពេទ្យស្រីម្នាក់​ឈ្មោះ វ៉ាន បានធ្វើឲ្យខ្ញុំនឹកឃើញដល់ជីវិតបងប្អូន និងឪពុក​ម្តាយ​របស់ខ្ញុំនៅ​ពេល​នោះ។ ពេទ្យ វ៉ាន ​ត្រូវ​បានខ្មែរក្រហមចោទប្រកាន់ថាបានប្រព្រឹត្តខុស​សីលធម៌ជាមួយនឹងកងទ័ព​ម្នាក់រហូតដល់​មាន​ផ្ទៃពោះ។ ​ខ្មែរក្រហម ​បានយកកងទ័ពនោះទៅ​វាយសម្លាប់និងបណ្តែតតាមទឹក ចំណែកឯពេទ្យ វ៉ាន វិញ​ត្រូវខ្មែរក្រហមវះពោះ​យកកូន​ចេញ​យ៉ាងសាហាវឃោរឃៅនៅក្នុងទឹកប្រឡាយ​ដែលខ្ញុំមិនធ្លាប់ឃើញដូច្នេះ​ពីមុន​​មក។

បន្ទាប់ពីឃើញរូបភាពនៃការសម្លាប់នេះដោយផ្ទាល់នឹងភ្នែក ខ្ញុំតែងតែស្រមៃដល់ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ដែលប្រហែលជាខ្មែរក្រហមយកគាត់ទៅសម្លាប់ដូចពេទ្យវ៉ាន​ និងគូស្នេហ៍​របស់គាត់។ នៅក្នុង​របប​​ខ្មែរ​ក្រហម ឪពុករបស់ខ្ញុំធ្វើជាមេភូមិ។ គាត់ត្រូវរងការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ថា ​គាត់​បានប្រព្រឹត្ត​ខុស​​សីលធម៌​ទើបបណ្តាលឲ្យខ្មែរក្រហមយកគាត់ទៅ​សម្លាប់នៅក្នុងឆ្នាំ១៩៧៧។ ពេលនោះខ្ញុំមិន​បាន​នៅ​ក្បែរ​ឪពុករបស់ខ្ញុំទេ ព្រោះខ្ញុំបានចាក​ចេញទៅធ្វើការនៅភូមិឆ្ងាយពីគាត់។

ក្រៅពីឪពុករបស់ខ្ញុំ ជីតា ជីដូន និងប្អូនប្រុសរបស់ខ្ញុំក៏ត្រូវបានខ្មែរក្រហមសម្លាប់។ ជីតា​របស់ខ្ញុំ​ត្រូវខ្មែរ​ក្រហម​​​ចោទ​​ប្រកាន់ថា លួចគោរបស់អង្គការចំនួន២ក្បាលបន្ទាប់ពីគាត់ធ្វើឲ្យ​បាត់គោ​​នៅក្នុងព្រៃ​ពេលដែលគាត់​ទៅ​ឃ្វាលគោ។ កាលនោះក្នុងខេត្តកោះកុងសម្បូរទៅ​ដោយ​ព្រៃទ្រុបទ្រុល និងសត្វព្រៃ​ជាច្រើន ទើបបណ្តាល​ឲ្យជីតារបស់ខ្ញុំ​ពិបាកក្នុងការគ្រប់គ្រង​គោទាំងអស់នោះ។ បងប្អូនជីដូនមួយរបស់ខ្ញុំ​បានប្រាប់ខ្ញុំថា​គាត់បានលួច​មើល​ឃើញ​​កង​ឈ្លប​​ភូមិបង្ខំឲ្យជីតារបស់ខ្ញុំចូលទៅក្នុងចម្ការអំពៅមួយកន្លែង​ រួចបង្ខំ​ឲ្យ​គាត់ហូប​ស្លឹកអំពៅ។​បន្ទាប់មក កងឈ្លប​ក៏បានវាយ​សម្លាប់​ជីតារបស់ខ្ញុំចោលនៅក្នុងចម្ការ​អំពៅ​នោះ។ ​ចំណែកឯ​ជីដូនរបស់ខ្ញុំបានឈឺស្លាប់​ដោយសារមិនអាចអត់ទ្រាំនឹងការអត់អាហារបាន។  រីឯប្អូនរបស់ខ្ញុំ​វិញ​ក៏​ត្រូវ​ខ្មែរក្រហមសម្លាប់ខណៈ​ពេល​ចែវទូកទៅកាប់ផ្តៅនៅអុកតាមៀក ខេត្តកោះកុង​។

ក្រោយមកក៏មានការតាមដានសមាជិកគ្រួសារ​របស់​​ខ្ញុំ​​ផ្សេង​​ទៀតរួមទាំងខ្ញុំដែរ។ ខ្ញុំបាន​ជួបរឿងរ៉ាវតក់ស្លុត និងឈឺចាប់ជាច្រើន។​ ប្រធានពេទ្យ​ឈ្មោះ វឿន តែងតែ​លើក​ទឹកចិត្តឲ្យ​ខ្ញុំធ្វើល្អ និងគិតល្អទើបខ្ញុំ​អាចរក្សាជីវិត​បាន។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែគិតថាខ្ញុំមាន​សំណាង​ជាង​សាច់​ញាតិ​ និងប្រជាជនដ៏ទៃទៀត។ ខ្ញុំទទួលបានបបរ សម្លមានសាច់​ត្រី ត្រីខ ត្រីចំហ៊ុយ ប៉ុន្តែប្រជាជន​ផ្សេង​ទទួលបានតែបបររាវដោយមើលសឹងតែមិនឃើញគ្រាប់អង្ករ​ហើយ​ថែ​ម​​ទាំងធ្វើការងារលំបាក​វេទនា​ទាំង​យប់​​ទាំង​ថ្ងៃ។

ខ្ញុំធ្វើពេទ្យដល់ចុងឆ្នាំ១៩៧៨ រួចខ្ញុំចាកចេញពីកន្លែងពេទ្យមករស់នៅជាមួយប្រជាជន​តាម​តំបន់​វិញ ហើយ​យើង​​រត់ភៀសខ្លួនទៅជាមួយគ្នានៅពេលកងទ័ពវៀតណាមវាយចូលមក​ក្នុងប្រទេសកម្ពុជានៅដើមខែមករា ឆ្នាំ១៩៧៩។

ខ្ញុំមានបំណងវិលត្រឡប់ទៅស្រុកកំណើត​រកម្តាយ​និង​បងប្អូន​របស់ខ្ញុំ ប៉ុន្តែនៅតាមផ្លូវ​ ខ្ញុំបានជួបនឹងកងទ័ពខ្មែរក្រហម ដែលបានប្រាប់ខ្ញុំថា កងទ័ព​វៀតណាម​កំពុង​តែ​វាយ​នៅ​តាម​​ទិសដៅដែលខ្ញុំកំពុងតែធ្វើដំណើរឆ្ពោះទៅ។ ឮដូច្នេះ ខ្ញុំបាន​សម្រេច​ចិត្ត​មិន​បន្ត​​ដំណើរ​ទៅ​មុខទៀតទេ ហើយធ្វើដំណើរត្រឡប់បកក្រោយសំដៅទៅភ្នំវិញដើម្បី​គេចខ្លួន​​ពី​កងទ័ពវៀត​​ណាម។ ចុងក្រោយ ខ្ញុំបាន​ធ្វើ​ដំណើរ​ទៅដល់ជំរំម៉ៃរ៉ូតនៅក្នុងប្រទេសថៃ ដែលមានប្រជាជន​ខ្មែរជា​​ច្រើនធ្វើដំណើរ​ទៅកាន់​ទីនោះ​ និងត្រៀម​ចាក​ចេញទៅ​កាន់ប្រទេសទី៣ ដូចជា សហ​រដ្ឋអាមេរិក ប្រទេសបារាំង និងប្រទេស​កាណាដា​ ជាដើម។  ខ្ញុំបានសម្ភាសន៍​ជាប់​និងត្រូវចាក​ចេញ​ទៅរស់នៅឯ​សហរដ្ឋអាមេរិក ប៉ុន្តែពេលនោះខ្ញុំ​ស្ទាក់ស្ទើរក្នុងចិត្តព្រោះ​ខ្ញុំគ្មានក្រុមគ្រួសារ​និងសាច់ញាតិនៅ​សហរដ្ឋអាមេរិកទេ ហើយខ្ញុំក៏នឹករឭកដល់​ក្រុម​គ្រួសាររបស់ខ្ញុំណាស់ ដូច្នេះ​ហើយខ្ញុំបានសម្រេច​ចិត្តមិនចាក​ចេញ។

មិនយូរប៉ុន្មាននៅពេលដែលមានការជ្រើសរើសកងកម្លាំងស្ម័គ្រចិត្ត ខ្ញុំបានសម្រេចចិត្ត​ចូលបម្រើឲ្យ​កង​កម្លាំងខ្មែរក្រហមម្តងទៀត ក្នុង​គោលបំណងរិះរកវិធីត្រឡប់​មក​ចូល​ក្នុង​ប្រទេស​ខ្មែរវិញតាមរកម្តាយ​របស់​ខ្ញុំ។ ប៉ុន្តែដោយសារស្ថាន​ភាព​មិន​ទាន់ស្ងប់ស្ងាត់នៅក្នុង​ប្រទេស ខ្ញុំនៅតែមិនទាន់​បាន​ជួបម្តាយ​និងប្អូនៗរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំមាន​សំណាង​​បានជួបប្អូនៗ និងបងប្អូនជីដូនមួយ​របស់ខ្ញុំវិញ ប៉ុន្តែខ្ញុំបានទទួលដំណឹងអកុសលពី​ប្អូនរបស់​ខ្ញុំថា​ម្តាយរបស់ខ្ញុំដែលខ្ញុំតែងតែទន្ទឹងរង់ចាំ​ជួប និង​នឹករឭក​ជារៀងរាល់ថ្ងៃបានស្លាប់ទៅ​ហើយ។

ខ្ញុំបានធ្វើដំណើរទៅលេងស្រុកកំណើតតែម្តងប៉ុណ្ណោះក្នុងឆ្នាំ២០០១។ ខ្ញុំនិងប្អូនៗតែង​តែ​​ទំនាក់ទំនងសួរសុខទុក្ខគ្នាតាមរយៈទូរសព្ទ។ ចាប់តាំងពីប្រធានកងពលនារី រៀបចំមង្គល​ការឲ្យ​​ខ្ញុំនិងប្តី​របស់ខ្ញុំ យើងបានសម្រេចចិត្តរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​ដោយប្រកបរបរធ្វើចម្ការរហូតដល់សព្វថ្ងៃនេះ។

អត្ថបទ ៖ អ៊ុន សុដាវី

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖