ដួង ធីង ៖ ឈ្លបភូមិសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ដួង ធីង អាយុ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ដួង ថង និង ម្ដាយឈ្មោះ តួង ញឹក។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺ

ស្រីចំនួន២នាក់ និងប្រុសចំនួន៣នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ មួត អឿន និងមានកូនចំនួន៥នាក់។ ខ្ញុំរស់នៅភូមិរំចេកតាំងតែពីដឹងក្ដីមក។

កាលពីសម័យខ្មែរឥស្សរ ភូមិរំចេកមិនសូវមានមនុស្សរស់នៅច្រើនទេ។ ប្រជាជននៅក្នុងភូមិនេះមានប្រហែលជាង១០០នាក់ និងមានផ្ទះចំនួន២០ទៅ៣០ខ្នងប៉ុណ្ណោះ។ ភូមិនេះមានសុទ្ធតែព្រៃ និងដើមរំចេកដុះទ្រុលទ្រុបទើបចាស់ៗហៅថា ភូមិរំចេក និងជាប់ឈ្មោះនេះរហូតមកដល់សព្វថ្ងៃ។ នៅក្នុងសម័យនោះ ប្រសិនបើប្រជាជនត្រូវការទិញរបស់របរប្រើប្រាស់ត្រូវទៅទិញនៅស្រុកឆ្លូង ខេត្តក្រចេះ។ ពីសម័យឥស្សរ ឪពុកខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងដាំបន្លែ។ ប្រជាជនក្នុងភូមិស្រឡាញ់គ្នាណាស់ ហើយពេលដាំដុះបានផលដំណាំ ឬមានម្ហូបចំណី តែងតែយកមកចែកគ្នាហូប។

រូបខាងស្តាំ ៖ ដួង ធីង អាយុ៨០ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ពេលខ្ញុំនៅកុមារ ខ្ញុំបានរៀននៅសាលាវត្តរំចេកជាមួយព្រះសង្ឃ។ ក្រោយមកខ្ញុំឈប់រៀនដោយ​សារសង្គ្រាម និងមានបាតុកម្មប្រឆាំងនឹង លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ខ្ញុំនិងអ្នកភូមិរំចេកមិនបានចូលរួមបាតុកម្មនេះទេ។

នៅចុងឆ្នាំ១៩៧០ ខ្ញុំបានរៀបការប្រពន្ធ។ កាលនោះមានយន្តហោះទម្លាក់គ្រាប់បែក​ ហោះកាត់ភូមិខ្ញុំជារឿយ ដូច្នេះខ្ញុំរៀបការផង ភ័យខ្លាចយន្តហោះទម្លាក់គ្រាប់ចំរោងការផង។ ក្រោយមក អ្នកដឹកនាំនៅក្នុងភូមិបានជ្រើសរើសយុវជនឲ្យចូលធ្វើកងទ័ព។ ដោយសារខ្ញុំមានប្រពន្ធ ដូច្នេះខ្ញុំក៏រួចខ្លួន ប៉ុន្តែប្អូនខ្ញុំ២នាក់ត្រូវបានជ្រើសឲ្យចូលកងទ័ព។

នៅឆ្នាំ១៩៧១ មានការទម្លាក់គ្រាប់បែកឆេះផ្ទះប្រជាជននៅក្នុងភូមិរំចេកអស់២ខ្នង ដោយសារ មានកងទ័ពវៀតកុង ឬ វៀតណាមខាងជើងចូលមកក្នុងភូមិ។ ពេលនោះខ្ញុំមិនហ៊ានរត់ចូលព្រៃទេ ព្រោះខ្លាចទាហានអាមេរិកច្រឡំជាកងទ័ពវៀតកុង (វៀតណាមខាងជើង) ដូច្នេះខ្ញុំបានរត់ចូលរណ្ដៅត្រង់សេ ឬលេណដ្ឋានដើម្បីលាក់ខ្លួន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកក្នុងភូមិ រួចហើយប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនដាក់រួម ឲ្យធ្វើស្រែប្រវាស់ដៃ និងបង្កើតសហករណ៍។ មួយរយៈក្រោយមក ខ្មែរក្រហមបានជម្លៀសប្រជាជន១៧ មេសា មករស់នៅតាមផ្ទះអ្នកភូមិមូលដ្ឋានចាស់ ហើយប្រជាជន១៧ មេសាខ្លះទៀតស្នាក់នៅវត្ត។ ពេលនោះ ខ្មែរក្រហមចាត់តាំងខ្ញុំធ្វើឈ្លបភូមិ និងដឹកនាំប្រជាជន១៧មេសា ឬប្រជាជនថ្មី សង់ផ្ទះថ្មី និងដឹកនាំប្រជាជនថ្មីទាំងនោះឲ្យធ្វើចម្ការ និងដឹករបស់របរតាមរទេះគោយកទៅចែកឲ្យតាមក្រុម និងតាមកង។ តំបន់ដែលខ្ញុំធ្វើការគឺតំបន់២១ ដែលមានប្រធានភូមិភាគបូព៌ាឈ្មោះ សោ ភឹម។

ក្រោយមកមានកម្មាភិបាលនិងកងទ័ពមកពីភូមិភាគនិរតីបានចូលមក ប្រាប់ថា ខាងបូព៌ាក្បត់ ក្បាលយួនខ្លួនខ្មែរ។ កម្មាភិបាលនិងកងទ័ពមកពីនិរតី បានចាប់ប្រធានកង និងឈ្លប៣នាក់ រួមទាំងខ្ញុំចងរួចបណ្តើរទៅដាក់នៅក្នុងរោងបាយ។ ពេលនោះអតីតប្រធានឈ្លបឈ្មោះ មេន បានលួចស្រាយចំណង និងដោះខ្នោះខ្លួនឯងបាន រួចហើយមកជួយស្រាយចំណងឲ្យខ្ញុំ និងឈ្លបដែលជាប់ចំណងម្នាក់ទៀត។ យើងនាំគ្នារត់នៅពេលអ្នកយាមដេកលក់។ មេន, ខ្ញុំ និងឈ្លបម្នាក់ទៀត ចែកទិសដៅគ្នារត់ជាបីមុខព្រួញ។ បន្ទាប់មក ខ្ញុំបានរត់ទៅនៅស្រុកកំណើតខាងប្រពន្ធរបស់ខ្ញុំ ចំណែក មេន និងឈ្លបម្នាក់នោះបានស្លាប់ នៅក្នុង១៩៧៨។ ក្រោយពេលទៅដល់ស្រុកកំណើតរបស់ប្រពន្ធខ្ញុំបានមួយរយៈ កងទ័ពខ្មែរក្រហមបានមកតាមរកខ្ញុំ ប៉ុន្តែក្រុមគ្រួសារខាងប្រពន្ធខ្ញុំបានជួយលាក់បាំងអត្តសញ្ញាណឲ្យខ្ញុំ។ ក្រោយមក ខ្ញុំបានគេចខ្លួនទៅរស់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងប្រពន្ធកូនបានត្រឡប់មករស់នៅភូមិរំចេក និងប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖