ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ខណៈដែលយើងចាប់ផ្តើមស្តាប់សវនាការជាសាធារណៈចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម យើងចាំបាច់មិនត្រឹមតែពិចារណាទៅលើកិច្ចការដ៏សំខាន់របស់សាលាក្តីខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែទៅលើការងារដ៏មានសារប្រយោជន៍ដទៃៗទៀតដែលស្ថិតនៅចំពោះមុខរបស់យើងថែមទៀតផង។
វត្តមានរបស់សាលាក្តីខ្មែរក្រហម គឺដោយសារអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការទាមទាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យមានតុលាការ គឺពិតជាចាំបាច់ក្នុងការបង្កើតសាលាក្តីខ្មែរក្រហមនេះឡើង។ ថ្វីត្បិតតែការបង្កើតសាលាក្តីនេះត្រូវចំណាយពេលអស់ជាយូរ ហើយសាលាក្តីខ្មែរក្រហម ត្រូវចំណាយពេលវេលារឹតតែយូរថែមទៀតក្នុងការបំពេញការងាររបស់ខ្លួន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែបន្តអត់ធ្មត់ ពីព្រោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ ពិតជាចង់ផ្តល់ឱកាស និងភាពស្របច្បាប់ដល់សាលាក្តីខ្មែរក្រហម រហូតដល់សវនាការចុងក្រោយរបស់ខ្លួន។
សាលាក្តីខ្មែរក្រហម សម្រេចបានការផ្តន្ទាទោសលើអតីតប្រធានមន្ទីរឃុំឃាំង ស-២១ និងមេដឹកនាំជាន់ខ្ពស់ពីររូបនៃរបបខ្មែរក្រហម រួមមាន នួន ជា និង ខៀវ សំផន។ ជាការពិតណាស់ ខណៈដែលសាលាក្តីខ្មែរក្រហម នឹងត្រូវបានចងចាំអំពីលទ្ធផលនៃការផ្តន្ទាទោសដែលខ្លួនសម្រេចបាន សាលាក្តីខ្មែរក្រហម ក៏នឹងត្រូវបានសាធារណជនចងចាំអំពីសាលក្រមនានាដែលខ្លួនមិនដែលបានសម្រេចទាល់តែសោះ។
ប៉ុន្តែ យើងអាចនឹងមានភាពឆ្គាំឆ្គង ប្រសិនបើយើងវាយតម្លៃសារសំខាន់នៃសាលាក្តីខ្មែរក្រហម ដោយផ្អែកទៅលើតែការផ្តន្ទាទោសដែលសាលាក្តីនេះសម្រេចបាន។ ក្នុងកាលៈទេសៈជាច្រើន សាលាក្តីខ្មែរក្រហម បានជួយស្រាយបំភ្លឺអំពីជំពូកដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រ ហើយទោះបីជាមិនដោយផ្ទាល់ក្តី សាលាក្តីនេះបានជះឥទ្ធិពលទៅលើយុត្តិធម៌ជាច្រើនសណ្ឋានទៀត ដែលសង្គមកម្ពុជាកំពុងតែទាមទារ។ សាលាក្តីខ្មែរក្រហម បានផ្តល់ជូនដើមបណ្តឹងរដ្ឋប្បវេណី ក្នុងនោះរួមមានជនរងគ្រោះនៃរបបខ្មែរក្រហមជាច្រើនរូប នូវឱកាសក្នុងការនិយាយរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន និងបទពិសោធន៍របស់ក្រុមគ្រួសារខ្លួន។ ទន្ទឹមនឹងនេះ សាលាក្តីខ្មែរក្រហម បានបង្កើតជាកំណត់ត្រាតាមផ្លូវច្បាប់យ៉ាងលម្អិតអំពីការដែលអំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើឃោរឃៅជាច្រើនផ្សេងទៀតត្រូវបានប្រព្រឹត្តឡើង។ ដោយគ្មានមន្ទិលសង្ស័យ សាលាក្តីខ្មែរក្រហម បានជួយឲ្យសង្គមកម្ពុជា មិនត្រឹមតែប្រឈមតទល់នឹងប្រវត្តិសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រសោបយកប្រវត្តិសាស្ត្រនេះ ធ្វើជាមេរៀនសោកនាដកម្មមួយ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។
នៅក្នុងអំឡុងរបបខ្មែរក្រហម (ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩) ខ្មែរក្រហម ប៉ុនប៉ងធ្វើគ្រប់សព្វបែបយ៉ាងដើម្បីបំផ្លាញវប្បធម៌ សម្ព័ន្ធភាពគ្រួសារ និងសូម្បីតែការចងចាំរបស់មនុស្ស។ នៅទីបំផុត មនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម បានបណ្តាលឲ្យប្រជាជនកម្ពុជាជាងពីរលាននាក់បាត់បង់ជីវិត។ នៅពេលដែលសាលាក្តីខ្មែរក្រហមបិទបញ្ចប់ប្រតិបត្តិការ យើងមិនត្រូវបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការថែរក្សាការចងចាំ, ការសិក្សា និងការផ្សព្វផ្សាយនូវមេរៀនអំពីប្រវត្តិសាស្ត្រនេះ នៅក្នុងប្រទេសកម្ពុជានិងទៅកាន់ពិភពលោកនោះឡើយ។
ជារឿយៗ មានការយល់ខុសថា «ប្រវត្តិសាស្ត្រត្រូវបានសរសេរឡើងដោយអ្នកឈ្នះ» ។ នេះមិនមែនជាការពិតនោះទេ ហើយប្រវតិ្តសាស្រ្តរបស់ប្រទេសកម្ពុជាគឺជាការសបញ្ជាក់ស្រាប់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺមិនមែនជាអ្នកឈ្នះនោះទេ ប៉ុន្តែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាវីរជន។ ដូច្នេះយើងត្រូវតែចងក្រងប្រវត្តិសាស្ត្ររៀបរាប់ដោយផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាវីរជនទាំងអស់នេះ។ ប្រវត្តិសាស្ត្រភាគច្រើនកើតចេញមកពីប្រវត្តិសាស្ត្ររៀបរាប់ដោយផ្ទាល់មាត់។ យើងត្រូវតែទទួលស្គាល់អំពីតួនាទីដ៏មានសារសំខាន់នៃប្រវត្តិសាស្ត្ររៀបរាប់ដោយផ្ទាល់មាត់ នៅក្នុងកិច្ចការប្រកបដោយសារប្រយោជន៍ ដែលស្ថិតនៅចំពោះមុខយើង។
ការបិទបញ្ចប់របស់សាលាក្តីខ្មែរក្រហមក្នុងពេលខាងមុខនេះ គឺត្រូវទទួលស្គាល់ថាជាការចាប់ផ្តើមនៃជំពូកថ្មីមួយ ក្នុងការស្វែងរកយុត្តិធម៌របស់ប្រទេសកម្ពុជា។ ជំពូកថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជានេះ គឺត្រូវតែដាក់ចេញជាកិច្ចខិតខំប្រឹងប្រែងថ្មីៗ ដែលសាលាក្តីខ្មែរក្រហម មិនអាចសម្រេចបាន។ យើងត្រូវតែយកចិត្តទុកដាក់ថែទាំចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានចំនួនយ៉ាងហោចណាស់ ៥ លាននាក់ ដែលគឺជាក្រុមប្រជាជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវតែបន្តពង្រឹងការចងក្រងប្រវត្តិសាស្ត្រ រួមបញ្ចូលនូវការប្រមែប្រមូលប្រវត្តិសាស្រ្តរៀបរាប់ដោយផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយប្រវត្តិសាស្ត្រនេះផ្ទាល់ គឺជាដំណើរការនៃការធ្វើឲ្យជាសះស្បើយនិងការផ្សះផ្សា។ យើងត្រូវតែព្យាយាមប្រើប្រាស់កំណត់ត្រាប្រវត្តិសាស្ត្រនេះ ជាមេរៀនមួយសម្រាប់យុវជន-យុវនារីជំនាន់ក្រោយរបស់កម្ពុជានិងពិភពលោក។
នៅចុងបញ្ចប់ នាពេលដែលសាលាក្តីខ្មែរក្រហមបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ផ្ទុយទៅវិញការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ យើងត្រូវតែខិតខំប្រឹងប្រែងបំពេញការងារដោយស្មោះអស់ពីចិត្ត ដើម្បីបង្កើតបានជាសង្គមកម្ពុជាមួយ ដែលក្រសោបយកប្រវត្តិសាស្ត្រនៃសោកនាដកម្មរបស់ខ្លួន ដែលមិនមែនក្នុងនាមជាជនរងគ្រោះ ប៉ុន្តែគឺជាវីរជនដែលរស់រានមានជីវិតពីរបបនេះ ដោយប្តេជ្ញាសម្រេចឲ្យបាននូវអនាគតមួយដែលសុខដុម ចម្រុងចម្រើន និងមានការចូលរួមពីប្រជាជនគ្រប់រូប។