យាន់ យួន៖ អតីតកងចល័តនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ យាន់ យួន អាយុ៦៧ឆ្នាំ កើតនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សៅ យាន់ និងម្ដាយឈ្មោះ ងួន ផាង និងមាន​បងប្អូន៩នាក់ ក្នុងនោះប្រុស២នាក់។ នៅអាយុ ១៣ ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់អក្ខរកម្ម​នៅ​វត្តស្វាយយា ជាមួយគ្រូព្រះសង្ឃ។ បន្ទាប់ពីឈប់រៀន ខ្ញុំបានជួយឃ្វាលគោក្របី និងធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។ នៅឆ្នាំ១៩៧១ ពេលខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំបានរៀប​ការ​ជាមួយប្តីឈ្មោះ មាស ហាត់ និងបានផ្លាស់ទៅរស់នៅជាមួយប្តីនៅភូមិអង្គ្រង ឃុំ​អង្គរស ស្រុកមេសាង ខេត្តព្រៃវែងវិញ។ ប្ដីរបស់ខ្ញុំកាលនោះធ្វើជាសេនាជននៅក្នុង​ភូមិ​អង្គ្រង ហើយពេលទំនេរគាត់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមគ្រួសារ។

យាន់ យួន អាយុ៦៧ឆ្នាំ នៅភូមិអង្គ្រង ឃុំ​អង្គរស ស្រុកមេសាង ខេត្តព្រៃវែងវិញ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចុងឆ្នាំ១៩៧២ ខ្ញុំបានសម្រាលកូនទីមួយរបស់ខ្ញុំនៅផ្ទះ។ បន្ទាប់ពីឆ្លងទន្លេបានប្រ​មាណ២ខែ ប្រធានភូមិបានស្នើសុំឲ្យក្រុមមីងៗទៅជួយសែងកងទ័ពរំដោះខ្មែរក្រហម​រងរបួសនៅពេលឡើងទៅវាយជាមួយកង ទ័ពរដ្ឋការ លន់ នល់ នៅសមរភូមិព្រៃទប់ និងស្ពានត្រាំ ក្នុងខេត្តស្វាយរៀង យកទៅព្យាបាលនៅមន្ទីរដែលមានទីតាំងស្ថិតនៅ​ក្នុងវ​ត្តបន្ទាយ។ ចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងក​ង​ទ័ព​រដ្ឋ​ការ ជាមួយកងទ័ពរំដោះខ្មែរក្រហម។ កាលនោះ ក្រុមសែងកងទ័ពរងរបួស​របស់ខ្ញុំមានគ្នា១០នាក់ ស្រីចំនួន៥នាក់ និងប្រុស៥នាក់។ ក្រុមរបស់ខ្ញុំបានទៅទទួល​កង​ទ័ពរងរបួសពីភូមិសូ យកមកឲ្យប្រជាជននៅក្នុងភូមិក្ដីស្លា ដើម្បីសែងបន្តទៀត។ ការសែងអ្នករបួសនេះបញ្ចប់ទៅនៅត្រឹមឆ្នាំ១៩៧៤ ព្រោះកងទ័ព លន់ នល់ បានចា​ញ់​សង្គ្រាមនៅខេត្តស្វាយរៀង។ ចាប់ពីឆ្នាំ១៩៧៤ នៅក្នុងភូមិអង្គ្រងចាប់ផ្ដើមធ្វើស្រែ​ប្រ​វា​ស់ដៃ និងចាប់ផ្ដើមប្រមូលរបស់របរប្រជាជនដាក់ជារបស់រួម។

 

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅក្នុងភ្នំពេញជាច្រើននាក់ត្រូវ​បានជម្លៀសមករស់នៅក្នុងភូមិអង្គ្រង។ ប្រជាជន១៧ មេសា មួយចំនួនដែលមានចំ​ណេះដឹងត្រូវបានអង្គការយកទៅរៀនសូត្រ ហើយអ្នកដែលនៅសេសសល់មួយចំនួន​ត្រូវ​បានអង្គការតាមដានបន្ដទៀត។ ខ្ញុំចាំបានថា អង្គការបានឲ្យប្រជាជនដែលជម្លៀ​សមកពីទីក្រុងភ្នំពេញបង្រៀនប្រជាជននៅក្នុងភូមិទាំងចាស់ ទាំងក្មេង ហើយខ្ញុំក៏បា​ន​ចូល​រៀ​ន​ដែរ។ សាលារៀននៅពេលនោះមាន៣កម្រិតគឺ ថ្នាក់រៀនសម្រាប់កុមារគ្រូ​បង្រៀននៅពេលព្រឹក, ថ្នាក់រៀនសម្រាប់យុវជន-យុវនារីគ្រូបង្រៀននៅពេលថ្ងៃ និង​ថ្នា​ក់​រៀនសម្រាប់មីងៗនិងពូៗគ្រូបង្រៀននៅពេលថ្ងៃដូចគ្នា។ ខ្ញុំរៀនបានប្រមាណ៣​ទៅ៤ខែ អង្គការក៏បញ្ជូនលោកគ្រូអ្នកគ្រូទាំងអស់នោះទៅរៀនសូត្រអស់។ ខ្ញុំរៀន​ប​ណ្ដើ​រ និងធ្វើការងារបុកស្រូវបណ្ដើរដើម្បីយកអង្ករដាក់ក្នុងរោងបាយ ព្រោះនៅក្នុងភូ​មិ​អង្គ្រងប្រជាជនចាប់ផ្ដើមហូបបាយរួមហើយ។ ខ្ញុំត្រូវបុកស្រូវក្នុងមួយថ្ងៃឲ្យបាន៥​តៅ ដើម្បីយកអង្គរដាក់ក្នុងរោងបាយរួម។ អ្នកបុកស្រូវក្នុងរោងបាយរួមមួយមានស​មាជិកចំនួន៣នាក់។ ខ្ញុំបានធ្វើការនេះរហូតដល់ខ្ញុំឆ្លងទន្លេកូនទី២របស់ខ្ញុំ នៅឆ្នាំ១៩​៧៦។

 

បន្ទាប់ពីឆ្លងទន្លេរួច អង្គការបានអនុញ្ញាតឲ្យខ្ញុំឈប់សម្រាកចំនួន១ខែដើម្បីឲ្យខ្ញុំមាន​សុខភាពរឹងមាំ មុនពេលចុះទៅច្រូតស្រូវបន្តនៅក្បែរៗភូមិ។ នៅពេលច្រូតស្រូវខ្ញុំអា​ចឡើងមកបំបៅដោះកូនរបស់ខ្ញុំបាននៅពេលដែលកូនរបស់ខ្ញុំឃ្លានខ្លាំង។ នៅពេល​ដែល​ផុតរដូវច្រូតកាត់ អង្គការបានឲ្យក្រុមមីងៗ និងខ្ញុំទៅដងទឹកយកមកស្រោចដំ​ណាំ​របស់​ប្រជាជនដែលដាំនៅតាមផ្ទះ។

 

នៅចុងឆ្នាំ១៩៧៨ អង្គការបានកត់ឈ្មោះគ្រួសាររបស់ខ្ញុំដើម្បីជម្លៀសទៅខេត្តពោធិ៍​សាត់ ប៉ុន្តែដោយសារតែខ្ញុំឈឺពោះឆ្លងទន្លេកូនទី៣របស់ខ្ញុំ ទើបខ្ញុំសុំពន្យាពេលមួយ​រយៈ និងចាំទៅលើកក្រោយ។ ខ្ញុំឆ្លងទន្លេបាន រយៈពេល២ខែ ស្រាប់តែអង្គការឲ្យប្រ​ជាជនទាំងអស់ជម្លៀសទៅខេត្តភាគខាងលិច ហើយខ្ញុំនិងគ្រួសារបានធ្វើដំណើរទៅ​ដល់ភ្នំឈើកាច់។

 

នៅដើមខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់ខ្ញុំបានត្រឡប់មកភូមិស្រុកវិញ និងបានប្រក​ប​​​របរធ្វើស្រែចម្ការបន្តទៀតដើម្បីចិញ្ចឹមជីវិត។ ក្រោយមកនៅឆ្នាំ២០១១ ប្ដីរបស់ខ្ញុំបា​ន​ស្លាប់ដោយសារជំងឺបេះដូង។ ខ្ញុំរស់នៅជាមួយកូនៗចំនួន៧នាក់ ក្នុងនោះមានស្រី​១​នាក់។ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនប្រុសពៅរបស់ខ្ញុំ ចំណែកកូនផ្សេងទៀតបានរៀ​ប​ការ និងមានគ្រួសារបែកផ្ទះរៀងៗខ្លួនអស់ហើយ។

 

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

 

អត្ថបទផ្សេងទៀត៖