មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សិស្សានុសិស្សថ្នាក់ទី១១ និងទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន២៨នាក់ (ស្រី១៣នាក់) និងលោកគ្រូចំនួន៦នាក់ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រ​វត្ដិ​សាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។ ការរៀបចំវេទិកាថ្នាក់រៀននេះក្នុងគោលបំណងដូចតទៅ ៖

  • ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនទៅនៅលើរឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
  • លើកទឹកចិត្តសិស្សឱ្យគិតពិចារណា លើផលវិបាកអន្តរកាលនៃកេរដំណែលពីរបបខ្មែរក្រហម ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
  • ជំរុញការពិភាក្សាអំពីកេរដំណែលពីរបបខ្មែរក្រហមនៅក្នុងគ្រួសារ និងសហគមន៍។
  • ជំរុញការពិភាក្សាអំពីការលើកឡើងនូវយុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស។
  • ចែកសៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥- ១៩៧៩) ដល់លោកគ្រូអ្នកគ្រូ សិស្ស និងអ្នកចូលរួម ។

ជាការចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើការណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។ បន្ទាប់មក លោក ឡុង ដានី បានដឹកនាំសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដើរទស្សនាពិព័រណ៍រូបថតអំពីសង្គ្រាមដែលបានកើតឡើងនៅទសវត្សរ៍ឆ្នាំ១៩៦០ ​នៅតំបន់កោះថ្ម, រូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩), រូបថតរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩, រូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូប ចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

បន្ទាប់មកលោកគ្រូ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញដល់សិស្សានុសិស្សតាមកម្មវិធីដូចមានខាងក្រោម៖

  • វាស់ស្ទង់ចំណេះដឹងសិស្សមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
  • ចែកចាយសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សទាំងអស់។
  • មេរៀនប្រវត្តិសាស្ត្រជំពូកទី៣៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសដោយបង្ខំ និងការសម្លាប់នៅទួលពោធិ៍ជ្រៃ។
  • លើកទឹកចិត្តសិស្សឲ្យសួរសំណួរដោយសរសេរសំណួររបស់ខ្លួននៅលើសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន រួចប្រគល់ឲ្យគ្រូឧទ្ទេសដើម្បីឆ្លើយ។
  • សំណួរ-ចម្លើយពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។​
  • ធ្វើបទបង្ហាញអំពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍។
  • វាស់ស្ទង់ចំណេះដឹងសិស្សក្រោយវេទិកាថ្នាក់រៀនបញ្ចប់ ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
  • ថតរូបអនុស្សាវរីយ។

បន្ទាប់ពីកម្មវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

អ៊ី មករា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅវិទ្យាល័យប៉ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារមានប្រសាន៍ថា ខ្ញុំបានដឹកនាំសិស្សានុសិស្សចូលរួមវេទិកាថ្នាក់រៀន និងបានស្តាប់ការធ្វើបទបង្ហាញរបស់លោកគ្រូឧទ្ទេសមកពីមជ្ឈមណ្ឌ​លឯកសារកម្ពុជា ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងទាក់ ទង​នឹងប្រវត្តិសាស្ត្រខ្មែរក្រហម។ កាលពីមុនខ្ញុំនៅមានភាពស្រពិចស្រពិល ព្រោះខ្ញុំកើតក្រោយរបបខ្មែរក្រហម។ ខ្ញុំធ្លាប់តែឮរឿងរ៉ាវនេះតាមរយៈចាស់ៗ។ ក្រោយពេលស្តាប់លោកគ្រូឧទ្ទេសមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើឲ្យខ្ញុំសោកស្តាយចំពោះអ្នករស់រានដែលបានឆ្លងកាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)។ បន្ទាប់ពីបានស្តាប់ និងទស្សនារូបថតរួច​មក​ធ្វើខ្ញុំបានយល់ដឹងកាន់ច្រើនពីរបបខ្មែរក្រហម។ ទោះបីខ្ញុំ និងក្មេងៗជំនាន់ក្រោយធ្លាប់បានរៀនសូត្រកន្លងមកពីរបបខ្មែរក្រហមក៏ដោយ ក៏ប៉ុន្តែយើងមិនចេះចាំអស់នោះទេ។ ដូច្នេះទាល់តែយើងបានរៀនសូត្រច្រើនដងទើបធ្វើឲ្យយើងយល់ដឹងច្រើនពីរបបនេះ។ ជាចុងក្រោយខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយ និងចង់ឲ្យប្រវត្តិសាស្រ្តខ្មែរក្រហមមាននៅក្នុងកម្មវិធីសិក្សាឲ្យច្រើន។

សារឿន វ៉ាន់តេង ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនក្តុលផ្សារ​ បានរៀបរាប់ថា ក្រោយពេលលោកគ្រូមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទបង្ហាញ ខ្ញុំទទួលបាននូវចំណេះដឹងច្រើនជាងមុន អំពីប្រវត្តិសាស្រ្តសម័យកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានយល់ដឹងពីរបបឃោរឃៅដែលបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់។ ខ្ញុំធ្លាប់បានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមពីមុនមកដែរ ប៉ុន្តែខ្ញុំមិនទាន់បានយល់ដឹងជ្រៅជ្រះទេ។ ខ្ញុំសំណូមពរឲ្យក្មេងៗជំនាន់ក្រោយត្រូវសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមឲ្យ​ច្រើន ដើម្បីជៀសផុតពីការប្រើអំពើហិង្សា និងការធ្វើសង្គ្រាម។

សាធ ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ បាននិយាយថា ខ្ញុំធ្លាប់បានរៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ឬ ប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ នៅសាលាដែរ ប៉ុន្តែការយល់ដឹងរបស់ខ្ញុំមានតិតតូចប៉ុណ្ណោះ។ ថ្ងៃនេះលោកមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានអនុញ្ញាតឲ្យខ្ញុំមកសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មបន្ថែមទៀត ទើបខ្ញុំបានកើនចំណេះជាងមុន។ ខ្ញុំសប្បាយរីករាយខ្លាំងចំពោះលោកគ្រូ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដែលបានចំណាយពេលមកបង្ហាត់បង្រៀនដល់ខ្ញុំ។ ជាចុងក្រោយ ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ព្រោះខ្ញុំមិនចង់ឲ្យអំពើឃោរឃៅកើតឡើងដែលធ្វើឲ្យមនុស្សស្លាប់ទេ។

អត្ថបទ ៖ សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖