សិស្សវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបចំដោយ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ចំនួន២១នាក់ ចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដែល​រៀបចំដោយ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» ខេត្តកំពង់ចាម ដែល​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។

សិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម ខេត្តកំពង់ចាម។ (ស៊ាង ចិន្ដា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកា​ថ្នាក់រៀនជាលើកទី៣នេះ ដែលចាប់ផ្ដើម​នៅវេលា​ម៉ោង​៩:០០នាទី និង​បញ្ចប់​នៅវេលា​ម៉ោង​១១:០០​ព្រឹក ដើម្បីបង្កើន​ចំណេះដឹងប្រវត្តិសាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដល់​សិស្សានុសិស្សដែលកំពុងសិក្សានៅកម្រិតថ្នាក់​វិទ្យាល័យ តាមរយៈ ការដាក់តាំងបង្ហាញពិព័រណ៍រូបថតអំពីរឿងរ៉ាវ និងសម្ភាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការធ្វើបទបង្ហា​​ញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដោយលោកគ្រូ ផេង ពង្សរ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និងកិច្ចពិភាក្សា​ទៅលើប្រវត្តិសាស្ដ្រខ្មែរក្រហមរវាង​សិស្សានុសិស្ស​ចូលរួម និងវាគ្មិន​។ ក្នុងវេទិកា​ថ្នាក់រៀនដែលមានរយៈពេល២ម៉ោងនេះ សិស្សានុសិស្សចូលរួមបានដើរទស្សនាពិព័រណ៍យ៉ាងយកចិត្តទុកដាក់ ស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិនយ៉ាងស្ងៀមស្ងាត់ និងជជែកសួរដេញដោល។

សិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម ខេត្តកំពង់ចាម។ (ស៊ាង ចិន្ដា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មក សិស្សានុសិស្សដែលបានចូលក្នុងវេទិកាថ្នាក់រៀននេះ បានចែករំលែកចំណេះដឹងដែលទទួលបាន និងទស្សនៈយល់ឃើញដូចខាងក្រោម ៖

រុំ អាម៉ី រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ (ស៊ាង ចិន្ដា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

«ខ្ញុំឈ្មោះ រុំ អាម៉ី រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ នៅពេលដែលលោកគ្រូធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ខ្ញុំនឹកដល់ជីដូនឈ្មោះ យេង ស្រ៊ុន អាយុប្រហែល​៧០ឆ្នាំ​ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ជីដូនរបស់ខ្ញុំរស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជីដូនរបស់ខ្ញុំត្រូវបានដាក់ឲ្យធ្វើការគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ គាត់ស្នាក់នៅកន្លែងធ្វើស្រែ និងការដ្ឋានលើកទំនប់។ ជីដូនរបស់ខ្ញុំ តែងតែនិយាយប្រាប់ខ្ញុំអំពីទុក្ខលំបាកនៅពេលនោះ។ ខ្ញុំក៏អាណិតអាសូរប្រជាជនកម្ពុជាដែលបានរស់នៅក្នុងរបបខ្មែរក្រហម និងមិនចង់ឲ្យរបបនេះវិលត្រឡប់មកវិញទេ។ រឿងរ៉ាវទុក្ខលំបាករបស់ជនរងគ្រោះដែលបានស្លាប់ និងអ្នករស់រានមានជីវិតពីរបបខ្មែក្រហម គឺស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ»។

វ៉ា ស្រីកា រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ (ស៊ាង ចិន្ដា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

«ខ្ញុំឈ្មោះ វ៉ា ស្រីកា រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ ខ្ញុំទទួលបានចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំក៏មានជីដូនឈ្មោះ អ៊ុក ផល អាយុ៧០ឆ្នាំ ដែលជាអតីតពេទ្យខ្មែរក្រហម និងរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជីដូនរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំអំពីជីវិតជាពេទ្យខ្មែរក្រហម ដែលមានការងារមិនសូវលំបាក និងហូបចុកគ្រប់គ្រាន់ ខណៈពេលដែលប្រជា​ជនផ្សេងទៀតរងទុក្ខវេទនា និងស្លាប់ដោយការអត់ឃ្លាន។ បន្ទាប់ពីបានស្ដាប់ការពន្យល់របស់លោកគ្រូអំពីទុក្ខវេទនា និងការស្លាប់របស់ប្រជាជន ព្រមទាំងការនិយាយប្រាប់រឿងរ៉ាវរបស់ជីដូន ខ្ញុំកាន់តែយល់អំពីការលំបាក និងការរស់នៅរបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម»។​

ម៉ុង ស្រីនាង រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ (ស៊ាង ចិន្ដា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

«ខ្ញុំឈ្មោះ ម៉ុង ស្រីនាង រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ ខ្ញុំបានដឹងរឿងរ៉ាវជាច្រើនអំពីការជម្លៀសដោយបង្ខំ ទីតាំងសម្លាប់រង្គាល និងប្រវត្តិមេដឹកនាំខ្មែរក្រហម។ ខ្ញុំមានជីដូន និងជីតាដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ខ្ញុំដឹងអំពីរឿងនេះតាមរយៈឪពុករបស់ខ្ញុំដែលជាក្មេងកំព្រា ចាប់តាំងពីពេលដែលខ្មែរក្រហមបានចាប់យកជីដូនជីតារបស់ខ្ញុំទៅសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហម ឪពុករបស់ខ្ញុំរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានរួចផុតពីសេចក្ដីស្លាប់។ ការយល់ដឹងកាន់តែច្រើន និងការចងចាំអំពីជនរងគ្រោះដែលបានស្លាប់ក្នុង​របបខ្មែរក្រហម និងរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិត ដូចជាឪពុករបស់ខ្ញុំដែលបានឆ្លងកាត់របបនេះ គឺពិតជាសំខាន់ដើម្បីកុំរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញទៀត»។

អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖