ទស្សនកិច្ចរបស់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មកកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍ដើម្បីរំឭកការចងចាំពីអំពើប្រល័យពូជសាសន៍

នារសៀលថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានឃុំគគរ គាំទ្រដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិចំនួន១៩នាក់ ដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត ជា ស៊ីវម៉ី នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មកកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍។ ដើម្បី​ជំរុញ​ការយល់ដឹង​អំពីប្រវត្តិសាស្រ្តខ្មែរក្រហម លោក ស៊ាង ចិន្ដា និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញទៅកាន់និស្សិត និងសាស្រ្តចារ្យចូលរួមទាំងអស់ អំពីកម្មវិធី​អប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម, ការប្រមូលចងក្រង និងតម្កល់ឯកសារខ្មែរក្រហម, ការដាក់តាំងពិព័រណ៍​រូបថតអចិន្ត្រៃយ៍​អំពី​មេដឹកនាំ​ខ្មែរក្រហម និង​​រឿងរ៉ាវរបស់​​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និងការចែក​សៀវភៅ​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)​បោះពុម្ព​លើក​ទី​២។

ជាកិច្ចបន្ទាប់ ប្រតិភូ និស្សិត និងសាស្រ្តចារ្យចូលរួមបានបន្តដំណើរទៅកាន់ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍ដើម្បីរំ​ឭកការចងចាំពីអំពើ​ប្រល័យពូជសាសន៍ ស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ លោក តុង សុភា អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជា​តំណាង​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ឃុំគគរ ​រៀបរាប់​យ៉ាង​លម្អិតទៅកាន់ប្រតិភូនិស្សិត​អំពីវត្ថុបំណងនៃ​ការសាងសង់​ចេ​តី​យ៍​ និងរឿងរ៉ាវជនរងគ្រោះ រួមទាំងឪពុករបស់ខ្លួន ដែលបាន​ស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហម។

គួររម្លឹកថា ចេតីយ៍រំឭកនេះ ផ្តល់ជាវេទិកាផ្ទាល់ និងនិមិត្តរូប សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអ្នកមានពិការភាព ដើម្បីផ្សាភ្ជាប់ ប្រាស្រ័យទាក់ទង និងចែករំលែក បញ្ហាប្រឈមដែលតែងជួបប្រទះព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាទូទៅដើម្បីដោះស្រាយ។ គោលបំណងនៃសកម្មភាពនេះ គឺផ្តល់ឱកាសបញ្ចេញមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី បទពិសោធន៍ បញ្ហាប្រឈម និងការស្វះស្វែងជម្នះរាល់ឧបសគ្គរបស់អ្នករស់រានមានជវិតពីរបបខ្មែរក្រហម និងអ្នកមានពិការភាព តាមរយៈការផ្តល់ឱកាសផ្សាភ្ជាប់ ប្រាស្រ័យទាក់ទង និងចែករំលែកបទពិសោធន៍ បញ្ហា និងការជម្នះតស៊ូទូទៅ នាអតីតកាលនិងបច្ចុប្បន្នកាល)។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖