កិច្ចពិភាក្សារវាងមជ្ឈមណ្ឌលឯកសារកម្ពុជាជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និង អភិបាលស្រុកជាំក្សាន្ត លើគម្រោងសុខភាពនិងប្រវត្តិសាស្រ្ត

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន អ្នកស្រី គឹម សុវណ្ណដានី លោក សោម ប៊ុនថន និង លោក ផាត សិលា បានជួបជាមួយលោក ចាន់ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងលោក ផាន់ សាម៉ែន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកជាំក្សាន្ត ដើម្បីពិភាក្សាលើការងារគម្រោងប្រវត្តិ​សាស្រ្តខ្មែរក្រហម និងសុខភាព។ នៅក្នុងឱកាសនោះដែរ ដោយមានការអនុញ្ញាតពីលោក ចាន់ សុភក្រ្តា និងលោក ផាន់ សាម៉ែន ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តយោធាស្ថិតនៅក្នុងភូមិតេជោ បុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងថ្ងៃដដែល ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានជួបជាមួយលោក វុធ តារ៉ា អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត និងលោក យុង ហួន ក្រុមប្រឹក្សាស្រុកជាំក្សាន្តដើម្បីជម្រាបជូនអំពីការងារគម្រោងប្រវត្តិសាស្រ្តខ្មែរក្រហម និងការងារសុខភាព  និងសុំការអនុញ្ញាតដើម្បីធ្វើការកិច្ចការនេះ។

គោលបំណងនៃគម្រោងប្រវត្តិសាស្រ្តនិងសុខភាព គឺ (១) ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោល​ដៅ​ដែលបានកំណត់ (២)​ លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់​អ្នករស់​រានមាន ជីវិតពីរបបខ្មែរក្រហម និង (៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេស​នៅ​តាម​សហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍​នាពេល​អនាគ​ត​​​ដល់ប្រជាជន​និងសហគមន៍ទាំងនេះ។

ចាប់តាំងពីដើម ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជាបួនជំនាន់រួចមកហើយ ដែលមានចំនួន៩០០នាក់ បានចុះធ្វើការនៅតាមមូលដ្ឋានទូទាំង២៥ រាជធានីខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានអ្នកស្ម័គ្រចិត្តចំនួន៥០នាក់មកពីស្រុកគូលែន ត្បែងមានជ័យ ជ័យសែន ឆែប សង្គមថ្មី និងស្រុករវៀង ត្រូវបានជ្រើសរើសឲ្យធ្វើការងារនៅក្នុងគម្រោងសុខភាព និងប្រវត្តិសាស្រ្តនេះ។ ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងខេត្តព្រះវិហារ បានចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាឪពុកម្តាយ អ៊ំពូ មីង ក៏ដូចជាអ្នកស្រុកភូមិរបស់ខ្លួន សរុបចំនួនប្រមាណ ២០០០នាក់ រួចមកហើយ។ នៅក្នុងខែឧសភា ឆ្នាំ២០២២ នេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តជំនាន់ទី៥ មកពីបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។ ចំពោះខេត្តព្រះវិហារ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានកំណត់យកស្រុកជាំក្សាន្ត ជាគោលដៅអទិភាពដើម្បីបន្តការងារ ព្រោះប្រជាជននៅក្នុងស្រុកនេះភាគច្រើនរស់នៅតំបន់ដាច់ស្រយាល មានជីវភាពក្រីក្រ និងត្រូវការចាំបាច់នូវការថែទាំសុខភាព។

សូមរំឭកថាកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ កន្លងមក ភូមិសាស្រ្តមួយចំនួនក្នុងស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ រួមមាន ឃុំជាំក្សាន្ដ ឃុំទឹកក្រហម ឃុំព្រីងធំ ឃុំរំដោះស្រែ ឃុំយាង ឃុំកន្ទួត ឃុំស្រអែម និង ឃុំមរកត ត្រូវបានបិទខ្ទប់ និង កំណត់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ដេលតា (Delta) ដោយសារតំបន់នេះមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងឡាវ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក វុធ ដារ៉ា អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត និងលោក យុង ហួន ក្រុមប្រឹក្សាស្រុកជាំក្សាន្ត បានសម្តែងការស្វាគមន៍ដល់ក្រុមការងារមជ្ឈ​មណ្ឌលឯកសារកម្ពុជាដែលបានជ្រើស​រើសយកស្រុកជាំក្សាន្តជាគោលដៅដើម្បីចុះស្រាវជ្រាវទាក់ទងនឹងប្រវត្តិប្រវត្តិសាស្រ្តខ្មែរក្រហម និងជួយលើផ្នែកសុខភាព ព្រោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែមានវ័យចំណាស់ទៅហើយ។

អត្ថបទ ​៖ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖