ខ្ញុំឈ្មោះ កែវ សោភ័ណ្ឌ អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពាមរក៍ ខេត្តព្រៃវែង។ កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំគឺជាសិស្ស និងរៀនបានត្រឹមថ្នាក់ទី៣ចាស់នៅវិទ្យាល័យអង្គឌួង។ ក្រោយមក ខ្ញុំបានផ្លាស់មករៀនបន្តនៅទីក្រុងភ្នំពេញ។ នៅមុនពេលព្រឹត្តិការណ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីដំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ឈ្មោះ ជា ជន មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យកៀនឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ខ្ញុំទើបតែឆ្លងទន្លេកូនប្រុសបានរយៈពេលប្រហែលពីរខែតែប៉ុណ្ណោះ។ ខ្ញុំបានមកស្នាក់នៅផ្ទះបងថ្លៃរបស់ខ្ញុំនៅម្តុំទួលគោក។ ខ្ញុំព្រមទាំងសាច់ញាតិនិងក្មួយៗត្រូវយោធាខ្មែរក្រហមបង្ខំឲ្យចាកចេញពីផ្ទះ។ នៅពេលខ្ញុំដើរចេញមកខាងក្រៅ ខ្ញុំឃើញប្រជាជនដើរពេញដងផ្លូវ ដោយខ្លះ លី សែង និងដឹកអីវ៉ាន់។ ខ្ញុំនិងបងប្អូនដើរសំដៅទៅផ្ទះរបស់ខ្ញុំម្នាក់ទៀតនៅម្តុំបឹងត្របែក ព្រោះប្តីរបស់ខ្ញុំនៅចាំផ្ទះបងរបស់ខ្ញុំនៅទីនោះ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមដេញឲ្យចាកចេញពីផ្ទះនៅបឹងត្របែក ក្នុងទីក្រុងភ្នំពេញឆ្ពោះទៅស្រុកកំណើតជាបន្ទាន់។ ខ្ញុំ និងស្វាមីបីកូនអាយុទើបពីរខែធ្វើដំណើរថ្មើរជើងកាត់តាមពីមុខវិទ្យាល័យបឹងត្របែក ដោយគ្មានបានរៀបចំរបស់របរអ្វីទាំងអស់ ក្នុងគោលបំណងឆ្លងទៅផ្លូវជាតិលេខមួយ។ ខណៈនោះ យោធាខ្មែរក្រហមដែលឈរយាមនៅក្បាលស្ពានព្រះមុនីវង្សត្រើយខាងលិចបានឃាត់ក្រុមគ្រួសាររបស់ខ្ញុំ និងបញ្ជាឲ្យគ្រួសាររបស់ខ្ញុំដើរវាងទៅកាន់ផ្លូវចាក់អង្រែឆ្ពោះទៅកាន់ទីក្រុងតាខ្មៅវិញ។ នៅតាមផ្លូវខ្ញុំឮសម្រែកយោធាខ្មែរក្រហមបញ្ជាប្រជាជនឲ្យដើរទៅមុខឲ្យលឿន។ ខ្ញុំនិងប្តីរបស់ខ្ញុំត្រូវបានយោធាខ្មែរក្រហមឃាត់និងសួរនាំនៅតាមផ្លូវ។ បន្ទាប់ពីសួរនាំរួចហើយ មានយោធាខ្មែរក្រហមម្នាក់បញ្ជាឲ្យខ្ញុំដើរពីខាងមុខប្តីរបស់ខ្ញុំ ចំណែកប្តីរបស់ខ្ញុំដើរតាមក្រោយ ព្រោះមានកងយោធាខ្មែរក្រហមជាច្រើនឈរយាមនៅអមសងខាងផ្លូវ។ ខ្ញុំបានសុំយោធាខ្មែរក្រហមដើរទន្ទឹមគ្នាជាមួយប្តីរបស់របស់ខ្ញុំ ប៉ុន្តែយោធាខ្មែរក្រហមនោះមិនអនុញ្ញាត។ ខ្ញុំដើរបណ្ដើរ ខំងាកមើលប្តីរបស់ខ្ញុំដើរពីក្រោយបណ្តើរ។ ស្រាប់តែមួយរំពេចក្រោយមក ខ្ញុំងាកទៅក្រោយម្តងទៀតស្រាប់តែវង្វេងបាត់ប្តី។ នេះជាពេលវេលាចុងក្រោយដែលខ្ញុំបានបែកពីប្តី។ ខ្ញុំខំប្រឹងបីកូនអាយុពីរខែដើរទៅមុខទៀត និងខំប្រឹងទប់ទឹកភ្នែក ព្រោះភ័យខ្លាចសម្រែកយោធាខ្មែរក្រហម។
បន្ទាប់ពីធ្វើដំណើរដោយថ្មើរក្រោមកម្តៅថ្ងៃ និងភ្លៀងផ្គរ អស់រយៈពេលជាងដប់ថ្ងៃខ្ញុំបានមកដល់ភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ពេលមកដល់ភូមិភ្លាម ប្រធានសហករណ៍ បានហៅខ្ញុំទៅសួរនាំថា តើកាលរស់នៅភ្នំពេញ ប្តីរបស់មិត្តនារីមានតួនាទីអ្វី? តើប្តីរបស់មិត្តធ្លាប់ធ្វើជាកងកុម្មង់ដូរដែរឬទេ? ប្រធានសហករណ៍សួរនាំខ្ញុំមិនមែនមួយដងទេ ព្រមទាំងលួចឆែកឆេររបស់របរនៅលើផ្ទះរបស់ខ្ញុំថែមទៀតផង។ រាល់ចម្លើយដែលខ្ញុំឆ្លើយប្រាប់ប្រធានសហករណ៍នោះ គឺខ្ញុំមិនលាក់លៀមទេ។ ខ្ញុំបានឆ្លើយថា ប្តីរបស់ខ្ញុំគឺជាគ្រូបង្រៀន ហើយខ្ញុំគឺជាមេផ្ទះ។ ក្រោយពីសួរនាំអស់ចិត្តហើយ ប្រធានសហករណ៍បានឲ្យខ្ញុំយកកូនទៅឲ្យចាស់ៗមើលថែ។ ចំណែកខ្ញុំត្រូវចុះទៅស្ទូងស្រូវ និងធ្វើស្រែជូនអង្គការ ព្រមទាំងធ្វើការងារកសិកម្មផ្សេងៗទៀតនៅក្នុងសហករណ៍ស្រុកពាមរក៍។ ប្រធានកងមិនបានគិតថាខ្ញុំមានកូនខ្ចីឡើយ។ ពេលកូនរបស់ខ្ញុំមានអាយុមួយឆ្នាំ អង្គការចាប់ផ្ដើមចល័តខ្ញុំឲ្យទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយនៅតំបន់ផ្សេងៗ។ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្នុងកងស្រួចឲ្យកងទ័ពបដិវត្តន៍ដែរ។ ខ្ញុំខំធ្វើការជូនអង្គការអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែពុំមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ។
ក្រោយមក ប្រធានសហករណ៍មានផែនការបញ្ជូនប្រជាជនមួយចំនួនឲ្យទៅរស់នៅតំបន់ដីខ្លាញ់ ដោយបានកោះហៅខ្ញុំនិងក្រុមគ្រួសារឲ្យមកជួបជុំគ្នាទាំងយប់។ ប្រធានបទប្រជុំគឺប្រធានសហករណ៍ប្រកាសឈ្មោះអ្នកដែលមាននៅក្នុងបញ្ជី ដែលសុទ្ធសឹងជាប្រជាជនថ្មី ឲ្យត្រៀមរៀបចំខ្លួនផ្លាស់ប្ដូរ ទៅរស់នៅតំបន់ដីខ្លាញ់ ដែលសម្បូររបស់ហូបចុក។ ខ្ញុំមិនអាចប្រកែកបានទេ។ ខ្ញុំបានរៀបចំខោអាវ និងត្រៀមម្ហូបខ្លះទុកឲ្យកូនហូបនៅតាមផ្លូវ។ នៅព្រឹកចេញដំណើរ ស្រាប់តែប្រជាជនក្នុងភូមិជាមួយគ្នា មកប្រាប់ខ្ញុំថាអង្គការលែងឲ្យចាកចេញហើយ។ ខ្ញុំឮបែបនេះលួចត្រេកអរក្នុងចិត្ត និងគិតថាខ្លួនខ្ញុំនិងកូនអាចមានជីវិតរស់រានតទៅមុខទៀតជាមិនខាន។ មិនយូរប៉ុន្មានកងទ័ពវៀតណាមក៏ចូលមកដល់។
ក្រោយថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិបានសុខសន្តិភាព។ ខ្ញុំក៏ចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យអង្គឌួងផ្នែកគណិតវិទ្យា។ នៅពេលបង្រៀន ខ្ញុំតែងតែឆ្លៀតឱកាសបញ្ជ្រាបសិស្សពីប្រវត្តិសាច់រឿងរបស់ខ្ញុំដែលបានឆ្លងកាត់របបខ្មែរក្រហម និងការព្រាត់ប្រាស់គ្រួសារ។ សព្វថ្ងៃរស់នៅខ្ញុំរស់នៅក្នុងភូមិទី៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាមួយកូនប្រុសម្នាក់ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។
អត្ថបទ និង រូបថត ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា