កាត ច្រឹក៖ អតីតកងដឹកជញ្ជូននៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ កាត ច្រឹក ភេទប្រុស អាយុ៧៦ឆ្នាំ គឺជាកសិកររស់នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ប៉ អូន មានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំមានឪពុកឈ្មោះ កាត ទុយ និងម្ដាយឈ្មោះ ហុក យន់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនទាំងអស់ចំនួន៨នាក់។ នៅវ័យកុមារ ខ្ញុំរៀននៅសាលាបឋមសិក្សាព្រែកដំបូក ដល់ ថ្នាក់ទី៩ចាស់។ ក្រោយមក ខ្ញុំឈប់រៀនដើម្បីជួយធ្វើការងារស្រែចម្ការ និងការងារផ្ទះ ព្រោះគ្រួសារមានជីវភាពក្រីក្ររ។

កាត ច្រឹក រស់នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧០ អ្នកភូមិរបស់ខ្ញុំចូលរួមដង្ហែបាតុកម្មប្រឆាំងរដ្ឋប្រហារ លន់ នល់។ នៅក្នុងកាលៈទេសៈពេលនោះ មានភាពវឹកវរនៅក្នុងភូមិ។ នៅពេលនោះដែរ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ ចំណែកឯមន្រ្តីរដ្ឋការ រួមទាំងគ្រូបង្រៀន រត់ទៅប្រមូលផ្ដុំគ្នា និងរស់នៅនៅសាលាស្រុកស្រីសន្ធរ ដើម្បីទប់ទល់ជាមួយកងទ័ពរំដោះខ្មែរក្រហម។ បន្ទាប់ពី មានការប្រយុទ្ធគ្នាមក មន្រ្តីរដ្ឋការ លន់ នល់ រត់ភៀសខ្លួនចេញពីស្រុកស្រីសន្ធរទៅក្រុងកំពង់ចាម។ កងទ័ពរំដោះខ្មែរក្រហម ចូលក្នុងសាលាស្រុកស្រីសន្ធរ និងប្រមូលឯកសារផ្សេងៗយកមកបំផ្លាញចោលទាំងអស់ និងបានគ្រប់គ្រងសាលាស្រុកទាំងស្រុង។ នៅពេលនោះ មានកងទ័ពខ្មែរក្រហមប្រហែលជាង១០នាក់តែប៉ុណ្ណោះ។ នៅចុងឆ្នាំ១៩៧០ កងរំដោះខ្មែរក្រហមជាច្រើនត្រូវបានបញ្ជូនមកឈរជើងនៅភូមិនិងស្រុករយៈពេល៧ថ្ងៃ ដើម្បីត្រៀមបន្តដំណើរចេញទៅសមរភូមិមុខ។ នៅឆ្នាំ១៩៧២ ខ្ញុំនឹងគ្រួសារបន្ដការងារធ្វើស្រែចម្ការ និងដាំដុះដំណាំនៅក្នុងភូមិធម្មតា។ នៅចុងឆ្នាំ១៩៧៣ ខ្មែរក្រហមបង្កើតសហករណ៍រួម ដឹកនាំដោយប្រធានសហករណ៍ ឈ្មោះមិត្ត ឌុល។ នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅគ្រប់គ្រងគោនៅក្នុងកងដឹកជញ្ជូន។ ក្រៅពីនោះខ្ញុំធ្វើការងារភ្ជួររាស់នៅតាមការដ្ឋាន និងនៅក្នុងភូមិ។ ទោះបីយ៉ាងណានៅពេលនោះ ការហូបចុកគឺមិនគ្រប់គ្រាន់ឡើយ។

នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានក្រុមភ្ជួរស្រែនៅកងចល័តព្រែកពោធិ៍ ដែលជាកងចល័តពិសេស។ ខ្ញុំត្រូវធ្វើការចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ និងចាប់ម៉ោង២ដល់ម៉ោង៥ល្ងាច។ កងចល័តពិសេស បែងចែកទៅជា៩ក្រុមតូច ដោយក្នុងក្រុមនីមួយៗមាន៣០គ្រួសារដែលសុទ្ធសឹងតែជាប្រជាជននៅក្នុងឃុំព្រែកដំបូក។

ទិដ្ឋភាពស្ពានឬស្សីកោះប៉ែន នៅខេត្តកំពង់ចាម (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានផ្លាស់ទៅដាំដុះបន្លែនៅក្នុងភូមិវិញ។ ការដាំដំណាំបន្លែនៅពេលនោះគឺទទួលបានទិន្នផលច្រើនណាស់ រហូតដល់ខ្មែរក្រហមដឹកជញ្ជូនបន្លែចេញពីភូមិរបស់ខ្ញុំទៅកាន់រាជធានីភ្នំពេញទៀតផង។ បន្លែនៅសេសសល់ត្រូវបានចាត់ចែងទុកដាក់នៅក្នុងភូមិ។ ទោះបីយ៉ាងណាក៏ដោយ មិនមានរបបអាហារហូបចុកគ្រប់គ្រាន់ទេ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានចាត់តាំងឲ្យទៅរកសម្បកឈើសម្រាប់ផ្សំធ្វើជាថ្នាំព្យាបាលជំងឺប្រជាជននៅក្នុងមូលដ្ឋាន។ ខ្ញុំ និងសមមិត្តប្រហែល៣០នាក់ទៀតជិះកង់ម្នាក់មួយគ្រឿងចេញដំណើរពីស្រុកស្រីសន្ធរទៅស្រុកមេមត់ដើម្បីរកសម្បកឈើថ្នាំជារៀងរាល់ខែ។ ខ្ញុំត្រូវចំណាយរយៈពេលចំនួន៣ថ្ងៃនៅអំឡុងពេលធ្វើដំណើរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ ខ្ញុំឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមនៅតាមព្រំដែន។ ខ្ញុំឃើញប្រជាជនរត់ភៀសខ្លួនពីគ្រាប់ផ្លោងមករស់នៅផ្សារស្ទឹង។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបញ្ជូនទៅរកសម្បកឈើផ្សំថ្នាំដដែល។ ក្រោយមក ខ្មែរក្រហមចាប់ផ្តើមស៊ើបប្រវត្តិរូបរបស់អ្នកភូមិ ចំណែកការងារកាប់សម្បកឈើផ្សំថ្នាំរបស់ខ្ញុំក៏ត្រូវបានផ្អាកដែរពីព្រោះមានភាពច្របូកច្របល់ ដោយមានការចាប់អ្នកមូលដ្ឋានចាស់ជាច្រើននាក់យកទៅសម្លាប់ចោល។ នៅអំឡុងឆ្នាំ១៩៧៨ ខ្ញុំបន្តធ្វើស្រែចម្ការនៅក្នុងភូមិដដែល និងក្រោយមកទទួលបានការចាត់តាំងមុខងារបន្ថែមគឺជាអ្នកដឹកជញ្ជូនអ្នកភូមិជម្លៀសទៅកាន់ខេត្តបាត់ដំបង។ លើកទី១ ខ្ញុំដឹកជញ្ជូនអ្នកភូមិពីភូមិតាមរទេះគោទៅកំពង់ចម្លង។ លើកទី២ គឺនៅចុងឆ្នាំ១៩៧៨ មានការរារាំងមិនឲ្យដឹកជញ្ជូនអ្នកភូមិទៀតទេ។

ខ្ញុំបានវិលត្រឡប់មកភូមិវិញ និងបន្តរស់នៅផ្ទះរហូតដល់កងទ័ពវៀតណាមចូលមកដល់នៅដើមឆ្នាំ១៩៧៩។ ខ្ញុំ និងគ្រួសាររួចផុតពីភាពអត់ឃ្លាន និងការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំប្រកបរបរជាអ្នកស្រែចម្ការនៅភូមិរហូតដល់ពេលបច្ចុប្បន្ន។

ដោយ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖