វេទិកាប្រវត្តិសាស្រ្តគ្រួសារនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំធ្វើវេទិកាប្រវត្តិសាស្ត្រគ្រួសាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ជាមួយអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីស្តាប់រឿងរ៉ាវជីវិតរបស់គាត់ដែលបានឆ្លងរបបខ្មែរក្រហម។ ខាងក្រោម គឺជារឿងរ៉ាវសង្ខេបរបស់គាត់ ៖

ប៊ុន ឡៅហាន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិចំការសំសែប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ប៊ុន ឡៅហាន ភេទស្រី អាយុ៧១ឆ្នាំ ជាអតីតកងចល័តនារី និងជាអ្នករស់រានមានជីវិត រស់នៅភូមិចំការសំសែប ឃុំគគរ ស្រុកកំពង់សៀម បានចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហមដូចតទៅ៖ ខ្ញុំកើតនៅនៅឆ្នាំ១៩៥១ ក្នុងគ្រួសារកសិករមួយ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់។ ឪពុកម្តាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ ដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្ររ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែចុះមកទិញយកទៅលក់បន្ត។ ខ្ញុំទទួលដំណឹងអំពីព្រឹត្តិការណ៍រដ្ឋប្រហារនៅខែមីនា ឆ្នាំ ១៩៧០ តាមរយៈវិទ្យុ។

បន្ទាប់ពីរដ្ឋប្រហារកើតឡើងបាន១ខែ ខ្ញុំឃើញអ្នកភូមិជាច្រើនធ្វើបាតុកម្មដង្ហែរតាមផ្លូវចេញពីភូមិទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំមិនបានចូលរួមធ្វើបាតុកម្មនោះទេ។ ខ្ញុំបន្តត្បាញក្រមាដូចធម្មតា។ ប៉ុន្មានថ្ងៃក្រោយមក បាតុករទាំងអស់បានដង្ហែរឆ្លងកាត់ភូមិម្ដងទៀតក្នុងទិសដៅមកកាន់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកដល់ និងបានសុំអ្នកភូមិស្នាក់នៅ។ វត្តមានរបស់កងទ័ពរំដោះខ្មែរក្រហមនៅក្នុងភូមិគឺជាសញ្ញានៃការផ្ទុះឡើងការប្រយុទ្ធគ្នានាពេលខាងមុខ។ នៅចុងឆ្នាំ១៩៧១ ទាហាន លន់ នល់ ជាច្រើនត្រូវបានបញ្ជូនឈរជើងនៅបន្ទាយកោះរកា និងរកាគយ។ បន្ទាប់មកទាហាន លន់ នល់ បើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហម។ ទាហាន លន់ នល់ បញ្ជូនកងទ័ពអាកាសទៅទម្លាក់គ្រាប់បែក និងបាញ់ប្រហារមកលើកងទ័ពរំដោះខ្មែរក្រហម។ ខ្ញុំ និងក្រុមគ្រួសាររត់ភៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅបណ្តោះអាសន្នជាមួយពូនៅជីហ ដែលជាតំបន់រំដោះខ្មែរក្រហម ស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ ដើម្បីសុវត្ថិភាព។ នៅឆ្នាំ១៩៧២ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ឈិន ហុក ដែលធ្វើការនៅកងយុវជន។ នៅឆ្នាំ១៩៧៣ ខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅក្នុងឆ្នាំ១៩៧៣ដដែល ប្តីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ។ ខ្ញុំចិញ្ចឹមកូនតែម្នាក់ឯង។ គ្រួសារ និងខ្ញុំ បន្តស្នាក់នៅជីហែ រហូតដល់កងទ័ពរំដោះខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ខ្ញុំបានដឹងដំណឹងនេះពីអ្នកភូមិថា កងទ័ពរំដោះខ្មែរក្រហមបានវាយយក ទីក្រុងភ្នំពេញ។ ខ្ញុំ និងគ្រួសារ ត្រឡប់មកភូមិវិញ។ ប៉ុន្មានខែក្រោយមក ប្រធានសហករណ៍ បង្កើតក្រុមសាមគ្គី ដែលក្រោយមកបានប្តូរទៅជា “សហករណ៍”។ វេលានេះខ្ញុំចាប់ផ្ដើមធ្វើការងារនៅក្នុងសហករណ៍។ កូនរបស់ខ្ញុំគឺនៅជាមួយម្ដាយរបស់ខ្ញុំមើលថែ។ នៅក្នុងភូមិ កងចល័តត្រូវបានបែងចែករួមមាន៖ ទី១) កងកុមារ គឺចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ។ ទី២) កងចល័តយុវជន គឺចាប់ផ្ដើមអាយុ១២ឆ្នាំដល់លើស២០ឆ្នាំ។ ទី៣) កង៣ គឺជាសម្រាប់អ្នកដែលបានរៀបការរួចហើយ (ក្រុមមនុស្សវ័យកណ្ដាល)។ ទី៤) កងវ័យជរា គឺសម្រាប់អ្នកដែលមានវ័យចំណាស់ និងមិនអាចធ្វើការបាន។ ខ្ញុំត្រូវបានចាត់តាំងធ្វើការនៅកងចល័ត គឺ«កង៣» ដែលមានគ្នាប្រហែល៣០០នាក់។ សមមិត្ត វ៉ាត គឺជាប្រធានកង៣។ ខ្ញុំត្រូវបានចាត់ឲ្យជីកគល់ឈើ និងជីកដីនៅទីតាំងរួមមាន៖ ទំនប់ល្ពាក វាលទួលស្រែ និង ទំនប់ត្រួយចេក។ ខ្ញុំធ្វើការពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃ និងទទួលបានរបបអាហារតិចតួច និងគ្មានពេលមើលថែកូន និងឪពុកម្ដាយ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ការសម្លាប់រង្គាលបានចាប់ផ្តើមនៅក្នុងភូមិ៖

ដំណាក់កាលទី១៖ នៅខែកក្កដា ឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានមកដល់ភូមិ និងចាប់ផ្ដើមគ្រប់គ្រង។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់ផ្តើមស្វែងរក និងចាប់ខ្លួនកម្មាភិបាលមូលដ្ឋានយកមកសម្លាប់។ ដំណាក់កាលទី២៖ នៅខែកញ្ញា ឆ្នាំ១៩៧៧ បន្ទាប់ពីសម្លាប់កម្មាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបន្តដាក់គោលដៅកំណត់ និងចាប់ផ្ដើមចាប់ខ្លួនអ្នកភូមិ។ នៅក្នុងរយៈពេលនេះ ប្រជាជនខ្មែរឥស្លាមប្រហែល៥០គ្រួសារ ដែលកំពង់រស់នៅភូមិចំការសាមសិប ត្រូវបានខ្មែរក្រហមចាប់ និងដឹកយកទៅសម្លាប់ទាំងគ្រួសារ។ ទីតាំងសម្លាប់គឺនៅក្នុងឡថ្នាំជក់ និងនៅក្រោយភូមិ។

នៅចុងឆ្នាំ១៩៧៨ នៅពេលដែលខ្ញុំកំពុងធ្វើការនៅទំនប់ត្រួយចេក ខ្ញុំបានឮសម្លេងផ្លោងគ្រាប់បែក និងការបាញ់កាំភ្លើងនៅសមរភូមិ ខ្ញុំរត់ត្រឡប់មកផ្ទះវិញ។ នៅពេលដែលកងទ័ពវៀតណាមចូលជិតមកដល់ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានប្រមូលអ្នកភូមិដើរទៅទំនប់ត្រួយចេក។ គោលបំណងនៃប្រមូល អ្នកភូមិយកទៅទីតាំងខាងលើនេះ គឺដើម្បីសម្លាប់ចោល។ ខ្ញុំ និងគ្រួសារ ទៅទេ និងបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ភូមិនៅខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ខ្ញុំ និងគ្រួសារ ចាប់ផ្តើមប្រកបរបរកសិកម្ម ដោយបានដាំបន្លែ និងតម្បាញក្រមាលក់ ដើម្បីរកចំណូលចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។

ប៊ុន ចាន់ថុល ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ប៊ុន ចាន់ថុល ភេទស្រី អាយុ៦២ឆ្នាំ អតីតកងចល័តនារី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានពិពណ៌នាអំពីរយៈពេលមួយថ្ងៃធ្វើការនៅការរដ្ឋានទំនប់។ ចាន់ថុល នៅតែចងចាំអំពីថ្ងៃដែលខ្លួនធ្វើការគ្មានពេលសម្រាក និងម្ហូបគ្រប់គ្រាន់។ ខ្ញុំកើតនៅឆ្នាំ១៩៦០ នៅភូមិចំការសំសែប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ។ ខ្ញុំរៀនត្រឹមថ្នាក់ទី១០។ ១ខែក្រោយពីមានរដ្ឋប្រហារនៅខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានកើតមានឡើង។ ក្នុងស្ថានភាពច្របូកច្របល់បែបនេះ ខ្ញុំសម្រេចចិត្តឈប់រៀន និងនៅផ្ទះជួយឪពុកម្តាយ។ ក្រោយមកទៀង កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិ។ បន្ទាប់មក ការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះឡើងជាញឹកញាប់។ គ្រួសាររបស់ខ្លុំ រត់ភៀសខ្លួនចេញពីភូមិដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព គឺនៅជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ នៅពេលនោះ ខ្ញុំមានអាយុប្រហែល១២ឆ្នាំ។ ខ្ញុំបន្តរៀនសូត្រនៅតំបន់រំដោះខ្មែរក្រហម។ សមមិត្ត ប៊ូ បង្រៀនសិស្សប្រហែល២០នាក់នៅក្រោមផ្ទះរបស់អ្នកភូមិ។ សិស្សទាំងអស់ រៀនអក្សរនិងលេខនៅពេលព្រឹក ខណៈពេលដែលមិនមានការបង្រៀនអ្វីពេលរសៀលនោះឡើយ។ នៅចុងឆ្នាំ១៩៧៣ គ្រួសារវិលត្រឡប់មករស់នៅភូមិចំការសាមសិបវិញ។ ភូមិចំការសាមសិប ត្រូវបានទាហាន លន់ នល់ ទម្លាក់គ្រាប់បែកជាច្រើន។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមវាយផ្ដាច់យកបានទីរួមខេត្តកំពង់ចាមនៅនៅចុងឆ្នាំ១៩៧៣ អ្នកភូមិជាច្រើនបានវិលត្រឡប់មកវិញ។ នៅឆ្នាំ១៩៧៤ ខ្ញុំរស់នៅក្នុងផ្ទះ និងធ្វើស្រែចំការ។ បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំឃើញប្រជាជនថ្មីជាច្រើនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ដើរតាមផ្លូវនៅមុខផ្ទះ។ ប្រជាជនជម្លៀសខ្លះបានសុំអ្នកភូមិស្នាក់នៅមួយយប់ ខណៈដែលប្រជាជនជាច្រើនផ្សេងទៀតបន្តដំណើរទៅមុខទៀត។ នៅចុងឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១៣ឆ្នាំ។ ខ្ញុំត្រូវបានចាត់ឲ្យធ្វើការនៅកងចល័តស្រុក ដែលមានមនុស្សប្រហែល៣០០នាក់។ សមមិត្ត នីន គឺជាប្រធានកងចល័តស្រុក ខណៈពេលដែលសមមិត្ត ផា គឺជាប្រធានកងតូច។ ចាប់ពីឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ ខ្ញុំបានត្រូវផ្ទេរទៅធ្វើការនៅការរដ្ឋាន និងទំនប់ រួមមានៈ ល្ពាក ត្រួយចេក និងព្រៃទទឹង។ ខ្ញុំអាចចងចាំការងារពេញមួយថ្ងៃដែលខ្ញុំបានធ្វើនៅពេលនោះដូចតទៅ៖

-ប្រហែលម៉ោង៣ព្រឹក សមមិត្ត ផា ផ្លុំកញ្ចែដាស់ និងក្រោកឈរតម្រង់ជួរ។ នៅក្នុងកងតូច មានសមមិត្តប្រហែល៣០នាក់។

– ប្រហែលម៉ោង៣:៣០នាទីព្រឹក សមមិត្ត ផា ណែនាំឲ្យខ្ញុំ និងអ្នកគ្រប់គ្នាសម្រេចផែនការការងារ ជីកដី៣ម៉ែត្រការ៉េ និងទៅយកសម្ភារៈធ្វើការ។

– ប្រហែលម៉ោង៣:៤០នាទីព្រឹក យើងទាំងអស់គ្នាដើរទៅការរដ្ឋានធ្វើការ។ នៅយប់ខ្លះ ខ្ញុំមើលមុខគ្នាមិនស្គាល់នោះឡើយ។

– ប្រហែលម៉ោង៤ព្រឹក ខ្ញុំចាប់ផ្ដើមកាប់ និងរែកដី។

– ប្រហែលម៉ោង៦ព្រឹក ខ្ញុំកាប់ដីបានប្រហែលកន្លះម៉ែត្រការ៉េ។

– ប្រហែលម៉ោង៦:៤៥នាទីព្រឹក សមមិត្ត ផា ផ្លុំកញ្ចែដើម្បីឲ្យអ្នកគ្រប់គ្នាសម្រាកបន្តិច។ បន្ទាប់ពីសម្រាករួចហើយសមមិត្ត ផាផ្លុំកញ្ចែម្តងទៀតដើម្បីឲ្យសញ្ញាដល់អ្នគ្រប់គ្នាបន្តការងាររហូតដល់ពេលសម្រាកបាយថ្ងៃត្រង់។

– នៅម៉ោង១១ព្រឹក ខ្ញុំហូបបបររាវមួយចាន និងសម្រាក។

– ម៉ោង១២ថ្ងៃត្រង់ អ្នកគ្រប់គ្នាត្រូវត្រឡប់មកទីតាំងធ្វើការ និងធ្វើការរហូត់គ្រប់ផែនការកំណត់ត្រឹមម៉ោង៥ល្ងាច។

– បើមិនទាន់គ្រប់ផែនការកំណត់ទេ ខ្ញុំត្រូវបន្តធ្វើការរហូតដល់ម៉ោង៦ឬ៧ល្ងាច។ អ្នកដែលបានកាប់ និងលើកដីគ្រប់តាមផែនការកំណត់អាចទទួលបានរបបអាហារបាន។

– ចាប់ពីម៉ោង៩ដល់ម៉ោង១០យប់ ខ្ញុំត្រូវយាមនៅកន្លែងសម្រាក។ បន្ទាប់ពីយាមរួចរាល់ ខ្ញុំអាចចូលដេក។

សកម្មភាពការងារពេញមួយថ្ងៃ គឺនៅតែស្ថិតក្នុងការចងចាំរបស់ខ្ញុំ។ គ្រាមួយ ដែលខ្ញុំយល់ថាបាត់បង់អ្វីៗគ្រប់យ៉ាងនោះគឺនៅពេលដែលឪពុករបស់ខ្ញុំត្រូវបាន ចាប់យកទៅសម្លាប់។ សមមិត្ត ស្រ៊ុន បានប្រាប់ខ្ញុំ ថាឪពុកខ្ញុំត្រូវបានបណ្ដើរទៅកន្លែងសម្លាប់នៅខាងទួលស្រែ។ ខ្ញុំបានរត់ទៅជួបគាត់ជាលើកចុងក្រោយ។ ខ្ញុំឃើញគាត់ត្រូវបានបណ្ដើរដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីទៅខាងទួលស្រែ។ ពេលនោះគឺជាលើកចុងក្រោយដែលខ្ញុំបានឃើញគាត់។ នៅពេលដែលកងទ័ពវៀតណាមចូលជិតមកដល់ ខ្ញុំបានរត់គេចខ្លួនត្រឡប់មកភូមិវិញ។ ខ្ញុំបានបន្តធ្វើស្រែចំការ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនមានកម្លាំងធ្វើស្រែចំការបានទៀតទេ។ ខ្ញុំនៅផ្ទះ និងតែងតែចងចាំថ្ងៃដែលខ្ញុំធ្វើការនៅតំបន់ទំនប់ និងវេលាពេលចុងក្រោយដែលខ្ញុំបានឃើញឪពុករបស់ខ្ញុំ។

អេង ស្រ៊ី ភេទស្រី អាយុ៦៧ រស់នៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អេង ស្រ៊ី ភេទស្រី អាយុ៦៧ឆ្នាំ អតីតកងចល័ត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរំឭកអំពីដំណើរជីវិតក្នុងរបបខ្មែរក្រហម។ ខ្ញុំកើតនៅឆ្នាំ១៩៥៥ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម។ ខ្ញុំជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រុសស្រីទាំអស់ចំនួន៧នាក់។ កាលពីនៅវ័យក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាដំបងដែក។ ខ្ញុំរៀនត្រឹមថ្នាក់ទី១១ចាស់ ប៉ុន្តែក្រោយមកទៀត ខ្ញុំឈប់រៀន។ នៅពេលនោះ ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ ខ្ញុំជួយឪពុកម្ដាយនៅផ្ទះ។ បន្ទាប់ពីមានរដ្ឋប្រហារនៅដើមឆ្នាំ១៩៧០ និងការផ្ទុះឡើងសង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម គ្រួសាររបស់ខ្ញុំភៀសខ្លួនចេញពីភូមិ។ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ គ្រួសាររបស់ខ្ញុំ រត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ រួមមាន ភូមិទួលស្រែ ភូមិរមាស ភូមិរកាគយ ភូមិដីឥដ្ឋ ភូមិទន្លូង និងភូមិមហាខ្ញូង។ អ្នកភូមិម្នាក់ប្រាប់គ្រួសារខ្ញុំថា ផ្ទះរបស់យើងត្រូវបានឆេះអស់ដោយសារតែការទម្លាក់គ្រាប់បែក។ នៅចុងឆ្នាំ១៩៧៣ ខ្ញុំដឹងថា ទីរួមខេត្តកំពង់ចាមត្រូវបានវាយបែក។ ក្រោមមកទៀត គឺនៅឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏ត្រូវបានកាន់កាប់ដោយកងទ័ពរំដោះខ្មែរក្រហម។ បន្ទាប់មក ខ្ញុំនិងក្រុមគ្រួសារបានត្រឡប់មកភូមិវិញ និងសង់កូនខ្ទមមួយសម្រាប់រស់នៅ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅក្នុងសហករណ៍។ ខ្ញុំធ្វើការនៅក្នុងកងចល័តស្រុក ដោយបានទៅលើកទំនប់ និងជីកប្រឡាយនៅទីតាំងផ្សេងៗ រួមមានទំនប់ឡាពាក ខាងជើងព្រៃ ទំនប់ស្ទឹងជីនិត និងខាងស្ទឹងត្រង់។ ខ្ញុំធ្វើការពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាច។ ចំណែកឯ របបអាហារវិញគឺខ្ញុំទទួលបានតែបបររាវមួយចាន។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានផ្លាស់ទៅលើកទំនប់ឡាពាក។ ចុងឆ្នាំ១៩៧៨ ខ្ញុំរៀបការប្ដី ដោយមានការរៀបចំរបស់អង្គការ។ នៅពេលនោះ មានគ្នាប្រហែល៣០គូដែលរៀបចំដោយអង្គរការ។ ពិធីរៀបការនៅពេលនោះ គឺមានតែរយៈពេលប្រហែលមួយម៉ោងតែប៉ុណ្ណោះ។ នៅពេលនោះ ខ្ញុំបា្រប់អង្គការថា ខ្ញុំស្ម័គ្រចិត្តរៀបការ តាមការរៀបចំរបស់អង្គការ។ នៅថ្ងៃបន្ទាប់ ប្តី និងខ្ញុំ និងប្តីប្រពន្ធ៤គូរទៀតត្រូវបានបញ្ជូនត្រឡប់ទៅរស់នៅភូមិក្រឡាវិញ។ អ្វីៗទាំងអស់គឺស្ថិតនៅក្រោមការរៀបចំរបស់អង្គការតែប៉ុណ្ណោះ។ នៅពេលដែលកងទ័ពវៀតណាមចូលជិតមកដល់នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងប្ដីវិលត្រឡប់មកភូមិវិញ និងប្រកបរបរជាកសិកររហូតមកដល់បច្ចុប្បន្ននេះ។

សាន់ ហឿង រស់នៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សាន់ ហឿង ភេទប្រុស អាយុ៦២ឆ្នាំ អតីតកងចល័តស្រុក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចែករំលែកបទពិសោធ និងរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់នៅក្នុងរបបខ្មែរកហម។ នៅឆ្នាំ១៩៧៩ ខ្ញុំ ឃើញរថក្រោះ និងកងទ័ពវៀតណាមស្ថិតនៅត្រើយទន្លេបិទបានបាញ់ផ្លោងមកលើកងទ័ពខ្មែរក្រហម។ នៅពេលនោះ ខ្ញុំត្រូវបានជម្លៀសទៅភ្នំហាន់ជ័យ និងល្ពាក។ ដោយដឹងអំពីស្ថានភាពមិនស្រួល ខ្ញុំលួចរត់មកផ្ទះវិញ បន្ទាប់ពីបានដេក១យប់។ ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចំការ។ ខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារកសិករនេះ។ ឪពុករបស់ខ្ញុំមានឈ្មោះ សាន់ ធុយ និងម្ដាយមានឈ្មោះ ថន លុច។ ខ្ញុំរៀបការជាមួយ បួន ចាន់ថុល និងមានកូនប្រុសស្រីចំនួន៣នាក់។ នៅវ័យកុមារ ខ្ញុំរៀនថ្នាក់ទី១០នៅសាលាបឋមសិក្សា គគរ។ ខ្ញុំអាចសរសេរ និងអានអក្សរបានបន្តិចបន្តួច។ នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេចឪនៅដើមឆ្នាំ១៩៧០ ខ្ញុំឈប់រៀន និងមកជួយធ្វើការងារផ្ទះឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តធ្វើជាកងឈ្លបឃុំ ដែលមានគ្នាទាំងអស់ចំនួន១០នាក់ក្នុងមួយក្រុម។ ភូមិចំការសាមសិប គឺជាសមរភូមិក្ដៅរវាងទហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ នៅពេលដែលសមរភូមិនៅកោះរកាផ្ទុះឡើង ខ្ញុំត្រូវបានបញ្ជូនទៅលីសែងអ្នករបួសយកមកព្យាបាលនៅមន្ទីរពេទ្យដែលស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមត្រូវបានបញ្ជូនមកភូមិដើម្បីទៅប្រយុទ្ធនៅខ្សែត្រៀមជួរមុខ ដើម្បីវាយផ្ដាច់យកទីរួមខេត្តកំពង់ចាម។ នៅចុងឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤ កងទ័ពរំដោះខ្មែរក្រហមវាយបែកបន្ទាយទាហានលន់ នល់ និងបន្តទៅទីរួមខេត្តកំពង់ចាម។ នៅក្នុងសមរភូមិវាយផ្ដាច់នេះ ខ្ញុំក៏ត្រូវបានបញ្ជូនទៅសែងអ្នករងរបួសដើម្បីព្យាបាលនៅមន្ទីរពេទ្យស្រុករការគយ និងខ្មោចកងទ័ពដែលបានស្លាប់នៅក្នុងសមរភូមិ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់មកកងចល័តស្រុកវិញម្ដង។ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨ ខ្ញុំទៅធ្វើការនៅកងចល័តជាច្រើនកន្លែងរួមមាន៖ – ​ឆ្នាំ១៩៧៦៖ ខ្ញុំផ្លាស់ទៅធ្វើការដកស្ទូង និងកាប់ព្រៃនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ។ ខ្ញុំចាប់ផ្ដើមធ្វើការចាប់ពីវេលម៉ោង៧ព្រឹកដល់វេលាម៉ោង១១ថ្ងៃត្រង់ និងចូលធ្វើការវិញចាប់ពីវេលាម៉ោង១ដល់វេលាម៉ោង៥ល្ងាច ទើបឈប់។ – ឆ្នាំ១៩៧៧៖ ខណៈពេលខ្ញុំផ្លាស់មកធ្វើការនៅទំនប់ត្រួយចេក ខ្ញុំកើតមានជំងឺគ្រុនចាញ់ និងត្រូវបានបញ្ជូនមកព្យាបាលនៅក្នុងវិហារចាមស្ថិតនៅភូមិកំពង់ក្របី។ ខ្ញុំទទួលបានថ្នាំលេប១ថ្ងៃ២ដង និងព្យាបាលជិត២ខែ។ បន្ទាប់ពីធូរស្រាលបន្តិច ខ្ញុំត្រូវបានចាត់តាំងឲ្យទៅមើលគោចំនួន២០០ក្បាល។ – ឆ្នាំ១៩៧៨៖ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការឡឥដ្ឋ ស្ថិតក្រោមការគ្រប់គ្រងដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចំនួន២នាក់។ ខ្ញុំមិនចាំឈ្មោះរបស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីទាំងនេះទេ។នៅឆ្នាំ១៩៧៩ ខ្ញុំ ឃើញរថក្រោះ និងកងទ័ពវៀតណាមស្ថិតនៅត្រើយទន្លេបិទបានបាញ់ផ្លោងមកលើកងទ័ពខ្មែរក្រហម។ នៅពេលនោះ ខ្ញុំត្រូវបានជម្លៀសទៅភ្នំហាន់ជ័យ និងល្ពាកដេក។ ដោយដឹងអំពីស្ថានភាពមិនស្រួល ខ្ញុំលួចរត់មកផ្ទះវិញ បន្ទាប់ពីបានដេក១យប់។

ទូច វ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទូច វ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ អតីតកុមារមូលដ្ឋាន និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរំឭកអំពីការចងចាំពីកុមារភាពនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំឈ្មោះ ទូច វ៉ា កើតនៅឆ្នាំ១៩៦៦ នៅភូមិរមួល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំឈ្មោះ ងិច ទូច និង ម្ដាយឈ្មោះ ងាន គឹន។ ខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ និងមិនមានរៀនសូត្រអ្វីនោះឡើយ ពីព្រោះភូមិរបស់ខ្ញុំត្រូវបានប្រែក្លាយទៅជាសមរភូមិរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បន្ទាប់ពីមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ឪពុកម្ដាយបានពរខ្ញុំរត់ចេញពីភូមិ ដើម្បីរកកន្លែងសុវត្ថិភាព។ នៅឆ្នាំ១៩៧៤ ខ្ញុំ និងគ្រួសារ បានវិលត្រឡប់ចូលភូមិវិញ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់នៅក្នុងកងកុមារ ដើម្បីរើសលាមកសត្វ កាត់ទន្រ្ទានខែត្រធ្វើជីដាក់ស្រែ។ ខ្ញុំរែកសំណាបយកទៅឲ្យអ្នកស្ទូងនៅវាលស្រែគោកតាងួន។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការនៅរោងចញ្ចិមមាន់។ នៅពេលនោះ មានកុមារទាំងអស់សរុបចំនួន១០នាក់ ដើម្បីមើលថែ និងសម្អាតរោងមាន់។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់ប្ដូរទៅ រោងបាយ ដោយបានដើរបេះត្រួយអំពិលសម្រាប់ចុងភៅដាំស្លរ។ នៅពេលនោះ ខ្ញុំហូបតែបបរមួយកូនចាននោះទេ។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅហ្វឹកងហ្វឺនសឹក ដើម្បីត្រៀមវាយទប់កងទ័ពវៀតណាម។ នៅក្នុងមួយក្រុម មានកងទ័ពហ្វឹកហ្វឺនចំនួន២០នាក់។ នៅដើមឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមទទួលរងបរាជ័យដោយកងទ័ពវៀតណាមនៅមាត់ទន្លេមេគង្គ។ ខ្ញុំលួចរត់មកផ្ទះដើម្បីជួបជាមួយឪពុកម្ដាយនិងបងប្អូនវិញ។

ភួង ស៊្រន់ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ភួង ស៊្រន់ ភេទស្រី អាយុ៥៣ឆ្នាំ អតីតកុមារមូលដ្ឋាន និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិយាយប្រាប់អំពីការចងចាំពីកុមារភាពរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម។ ខ្ញុំ កើតនៅឆ្នាំ១៩៦៩ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបជាមួយប្ដីឈ្មោះទូច វ៉ាន់ និងមានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ភួង ផន និងម្ដាយឈ្មោះ ផ្លុក លី។ ខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ កាលពីវ័យកុមារ ខ្ញុំរៀនសូត្រត្រឹមថ្នាក់ទី៩ចាស់នៅសាលាបឋមសិក្សាដំបងដែក។ ក្រោយមកទៀត ខ្ញុំឈប់រៀន ពីព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ បន្ទាប់ពីបានឈប់រៀន ខ្ញុំមកជួយការងារឪពុកម្ដាយនៅផ្ទះវិញ។ នៅពេលនោះ ខ្ញុំប្រកបរបរជាអ្នកលក់ទឹកអំពៅ ដើម្បីយកកម្រៃផ្គត់ផ្គង់ភាពខ្វះខាតនៅក្នុងគ្រួសារ។ នៅពេលនោះ ខ្ញុំមានអាយុជិត១០ឆ្នាំ។ ខាងក្រោមនេះគឺជាការចងរបស់ខ្ញុំអំពីការផ្ទុះឡើងនូវសង្រ្គាម និងរបបខ្មែរក្រហម៖

– ឆ្នាំ១៩៧០៖ ខ្ញុំដឹងខ្លះអំពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចឪ

– ឆ្នាំ១៩៧១៖ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ក្នុងភូមិ។

– ឆ្នាំ១៩៧៣៖ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង។ ការបាញ់ផ្លោងគ្រាប់ ការទម្លាក់គ្រាប់បែក បណ្ដាលឲ្យផ្ទះរបស់អ្នកភូមិឆេះ។ គ្រួសារខ្ញុំបានរត់ចេញពីភូមិ តាមរទេះគោទៅដល់ភូមិថ្មីក្រោម ដែលជាតំបន់រំដោះរបស់ខ្មែរក្រហម។

– ឆ្នាំ១៩៧៥៖ គ្រួសារខ្ញុំវិលត្រលប់មកភូមិវិញ។ នៅចុងឆ្នាំ១៩៧៥ដដែរល ឪពុកម្ដាយរបស់ខ្ញុំ ត្រូវបានចាត់តាំងធ្វើការកងចល័តសហករណ៍។ បងប្អូនរបស់ខ្ញុំត្រូវទៅធ្វើការនៅតាមកងចល័តរៀងៗខ្លួន។ ចំណែកឯ ខ្ញុំត្រូវចូលធ្វើការនៅកងកុមារ ដើម្បីដើរកាប់ស្លឹកឈើ និងរើសអាចម៍គោធ្វើជីដាក់ស្រែ។ មិនយូរប៉ុន្មាន ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារតែការហូបអាហារមិនគ្រប់គ្រាន់ និងគ្មានថ្នាំ។

– ឆ្នាំ១៩៧៦៖ ភូមិដំបងដែកត្រូវបានទឹកជំនន់ជន់លិច។ គ្រួសាររបស់ខ្ញុំត្រូវបានបញ្ជូនទៅភូមិទួលស្រែ។

– ឆ្នាំ១៩៧៧៖ ម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវទៅធ្វើការងារ រួមមាន៖ កាប់ឆ្ការព្រៃដើម្បីពង្រីកផ្ទៃដីដាំដុះស្រូវ និងភ្ជួររាស់ដីដាំស្រូវ។ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ គ្រួសារខ្ញុំត្រូវបានបញ្ជូនមកភូមិវិញ។

– ឆ្នាំ១៩៧៨៖គ្រួសារខ្ញុំត្រូវបានផ្លាស់ទៅរស់នៅ និងលើកទំនប់ព្រែកជីក អស់រយៈពេល៣ខែ។

– ឆ្នាំ១៩៧៩៖ ខណៈពេលដែលគ្រួសារខ្ញុំធ្វើការនៅការដ្ឋានទំនប់ព្រែកជីក កងទ័ពវៀតណាមចូលមកដល់។ នៅពេលនោះគ្រួសាររបស់ខ្ញុំរួចផុតពីសេចក្ដីស្លាប់ និងធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ស៊ាង ចិន្តា, ទូច វណ្ណេត, អេង វណ្ណីកា, ផល សំភស់ និងមេន នឿន ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖