នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចំនួន៦នាក់ បានមកទស្សនកិច្ចសិក្សានៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្នុងគោលបំណងសិក្សាស្វែងយល់ពីប្រវត្តិមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហម និងការប្រតិបត្តិនៅក្នុងមន្ទីរស-២១ តាមរយៈការទស្សនាផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ និងឯកសារខ្មែរក្រហម។
ថុន ស្រីពេជ្រ បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំសិស្សានុសិស្សឱ្យទស្សនាផ្ទាំងរូបភាពពិព័រណ៍ទាំងក្នុង និងក្រៅការិយាល័យ ព្រមទាំងបានចែករំលែកចំណេះដឹងអំពីប្រវត្តិមេដឹកនាំជាន់ខ្ពស់ ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងប្រវត្តិមន្ទីរ ស-២១។ ស្រីពេជ្រ បានលើកឡើងដោយសង្ខេបថា ប្រជាជននៅក្នុងរបបខ្មែរក្រហម ត្រូវរស់នៅយ៉ាងលំបាកវេទនា ខ្វះខាតទាំងសម្លៀកបំពាក់ និងអាហារហូបចុក និងត្រូវបានបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ ដូចជា ដក ស្ទូង ច្រូតកាត់ ធ្វើជីលាមកមនុស្ស ជីកប្រឡាយ លើកទំនប់ និងត្រូវធ្វើការហួសកម្លាំងទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាកឡើយ។ សិស្សានុសិស្សបានចាប់អារម្មណ៍ខ្លាំងលើផ្ទាំងពិព័រណ៍ដែលមានរូបថតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម អមដោយប្រវត្តិសង្ខេបរបស់អ្នកទាំងនោះ។ បន្ទាប់ពីបានទស្សនា និងស្តាប់ការពន្យល់រួចមក សិស្សានុសិស្សបានចូលទៅក្នុងការិយាល័យដើម្បីទស្សនាផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ និងអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិថ្នាក់ដឹកនាំសំខាន់ៗនៃរបបខ្មែរក្រហម។
សិស្សម្នាក់បានអានមេរៀន «មន្ទីរស-២១» និងចាប់អារម្មណ៍បន្ថែមទៀតលើជំពូកផ្សេងទៀតនៃប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់មក ស្រីពេជ្រ បានពន្យល់ត្រួសៗអំពីមេរៀន «មន្ទីរ ស-២១» ដោយផ្តោតលើការឃុំឃាំង ធ្វើទារុណកម្ម និងការសម្លាប់អ្នកទោស ប្រាប់ដល់សិស្សទាំងអស់ ព្រមទាំងបានឆ្លើយសំណួររបស់សិស្សដូចខាងក្រោម៖
១) តើអ្នកទោសដែលត្រូវបានចាប់យកទៅដាក់នៅគុកទួលស្លែង សុទ្ធតែជាអ្នកក្បត់មែនឬទេ?
២) ហេតុអ្វីបានជាអ្នកទោសនៅគុកទួលស្លែង ចាំបាច់ត្រូវថតរូបទុក?
៣) តើកម្មាភិបាលខ្មែរក្រហមដែលបម្រើការឱ្យអង្គការ ត្រូវតែថតរូបខ្លួនឯងដែរឬទេ ហើយថតដើម្បីអ្វី?
ចុងបញ្ចប់សិស្សានុសិស្ស បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
ឆន ស្រីនីត អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២C នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ៖ «បន្ទាប់ពីបានសិក្សាស្វែងយល់អំពីប្រវត្តិកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃនេះ ខ្ញុំ មានចំណេះទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមច្រើនជាងមុន។ ការទស្សនាផ្ទាំងរូបភាពពិព័រណ៍អចិន្ត្រៃយ៍ បានធ្វើឱ្យខ្ញុំស្គាល់មុខមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម រួមមាន ប៉ុល ពត, នួន ជា, ខៀវ សំផន តាម៉ុក និងជាពិសេសគឺប្រធានគុកទួលស្លែងឈ្មោះ ឌុច។ ក្រៅពីនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពឆ្អឹង និងសាកសព ក្រោយពេលដួលរលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩។ ប្រជាជនបាននាំគ្នាគាស់យកអដ្ឋិធាតុមកធ្វើបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់អ្នកដែលបានបាត់បង់ជីវិតទៅ»។
ម៉ៅ សុខណា អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២C នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ «ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍រីករាយដែលបានយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ តាមរយៈការទស្សនារូបភាពពិព័រណ៍ ខ្ញុំបានស្គាល់មេដឹកនាំខ្មែរក្រហម និងសង្កេតឃើញថា មេដឹកនាំទាំងនោះមានសម្លៀកបំពាក់ថ្មីស្អាតបាត មានស្បែកជើងកង់ឡានពាក់ មានមួកកាតឹប និងមានក្រមាបង់ក។ ចំណុចទាំងនេះខុសស្រឡះពីប្រជាជន ដែលមានត្រឹមតែសម្លៀកបំពាក់ចាស់រហែក គ្មានមួក និងស្បែកជើងពាក់ដូចក្រុមកម្មាភិបាលខ្មែរក្រហមឡើយ»។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា








