សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែង ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរ ផ្ទះតាម៉ុក ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តពិតក្នុងតំបន់របស់ខ្លួនរស់នៅ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែង ដោយមានការដឹកនាំពីបុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើទស្សនកិច្ចសិក្សាយ៉ាងសកម្មទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រផ្ទះតាម៉ុក។ សារមន្ទីរ ផ្ទះតាម៉ុក គឺជាអតីតទីបញ្ជាការដ្ឋាន និងលំនៅឋានរបស់អតីតមេទ័ពខ្មែរក្រហម ឈិត ជឿន ហៅ តាម៉ុក ប្រចាំទិសស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និងធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់អំពីអតីតកាលស្រុកកំណើតរបស់ខ្លួន។

ដំណើរទស្សនកិច្ចសិក្សាប្រវត្តិសាស្រ្ត មិនត្រឹមតែជាការស្វែងយល់តែប៉ុណ្ណោះទេ ប៉ុន្តែវាជាថ្នាក់រៀនប្រវត្តិសាស្ត្រដ៏រស់រវើកមួយ នៅក្រៅកម្មវិធីសិក្សាជាផ្លូវការរបស់សាលា។ យុវជនជំនាន់ក្រោយដែលភាគច្រើនជាកូនចៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានឱកាសឈានជើងចូលទៅក្នុងទីតាំងប្រវត្តិសាស្ត្រពិតជាក់ស្តែង ដើម្បីផ្សាភ្ជាប់អ្វីដែលសិស្សានុសិស្សបានអាននៅក្នុងសៀវភៅ ទៅនឹងភស្តុតាងជាក់ស្តែង។

នៅក្នុងអំឡុងពេលទស្សនកិច្ច សិស្សានុសិស្សបានស្តាប់ការរៀបរាប់យ៉ាងលម្អិតពីមគ្គុទ្ទេសក៍ និងបានពិនិត្យមើលរូបថត ពិព័រណ៍ឯកសារ ក៏ដូចជាសំណង់អគារបេតុងប្រវត្តិសាស្ត្រដែលនៅសេសសល់។ ការទស្សនាផ្ទាំងរូបថត និងសម្ភារប្រើប្រាស់នានា ជួយឱ្យសិស្សានុសិស្សងាយយល់ និងទទួលយកការពិតនៃប្រវត្តិសាស្ត្រប្រកបដោយការពិចារណា និងការយល់ដឹងកាន់តែស៊ីជម្រៅ ចៀសវាងការចងចាំត្រឹមតែទ្រឹស្តី។

គួររំឭកដែរថា វិទ្យាល័យអន្លង់វែង ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រវត្តិសាស្ត្រតំបន់ចុងក្រោយនៃរបបខ្មែរក្រហម ដោយសារតែបរិវេណសាលាបច្ចុប្បន្ន ធ្លាប់ជាអតីតទីបញ្ជាការនយោបាយ និងជាទីតាំងសំចតរថពាសដែករបស់កងទ័ពខ្មែរក្រហម ដែលមានអគារសិក្សាមួយខ្នងកម្ពស់៣ជាន់ និងមានចំនួន១២បន្ទប់ គឺជាសមិទ្ធផលបន្សល់ទុកពីរបបខ្មែរក្រហម។ វិទ្យាល័យអន្លង់វែង ត្រូវបានសាងសង់ឡើងពីឥដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៣ ក្នុងសម័យកាលដែលតំបន់អន្លង់វែងស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាខ្មែរក្រហម។ ក្រោយមកទៀត នៅអំឡុងចុងឆ្នាំ១៩៩៤ និងដើមឆ្នាំ១៩៩៥ សាលារៀននេះបានចាប់ផ្តើមដំណើរការបើកបង្រៀនកុមារ និងយុវជនក្នុងតំបន់។ ការផ្លាស់ប្តូរពីទីតាំងសឹកសង្គ្រាមមកជាថ្នាលបណ្តុះបណ្តាលចំណេះដឹង លំនៅឋានមេដឹកនាំ ទៅជាសារមន្ទីរផ្ទះតាម៉ុក ដើម្បីឱ្យសិស្សចូលទស្សនា និងរៀនសូត្រ គឺជាសក្ខីភាពមួយបង្ហាញពីតម្លៃនៃសន្តិភាព និងការអប់រំ។

តាមរយៈការចុះស្វែងយល់ផ្ទាល់ពីសំណាក់សិស្សានុសិស្ស គឺមិនត្រឹមតែទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះស្មារតីស្រឡាញ់សន្តិភាព ការផ្សះផ្សាជាតិ និងការរួមចំណែកថែរក្សាការពារសមិទ្ធផលប្រវត្តិសាស្ត្រនៅក្នុងសហគមន៍របស់ខ្លួន ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

អំឡុងរដូវវស្សាឈានចូលមកដល់ ផ្ទៃមេឃពណ៌ប្រផេះចាប់ផ្តើមបង្អុរតំណក់ទឹកភ្លៀងចុះមកឥតដាច់ ដែលធ្វើឱ្យព្រៃប្រឹក្សា និងវាលស្មៅនៅស្រុកអន្លង់វែង ប្រែពណ៌ទៅជាខៀវស្រងាត់។ ស្របពេលជាមួយគ្នានេះ ជំនន់ទឹកភ្លៀងបានហូរចាក់បំពេញតាមដងស្ទឹង បឹងបួ ថ្លុក និងស្រះនានា ជាពិសេសគឺ «បឹងតាម៉ុក» ដែលជាបេះដូងនៃស្រុកអន្លង់វែង។ សម្រាប់ប្រជាជននៅក្នុងតំបន់ វត្តមាននៃរដូវវស្សាមិនត្រឹមតែនាំមកនូវភាពត្រជាក់ត្រជុំសម្រាប់ការងារប្រជាកសិករបង្កបង្កើនផលស្រូវនោះទេ ប៉ុន្តែវាជាពេលវេលាដ៏មមាញឹកក្នុងការប្រកបរបរនេសាទត្រីជាលក្ខណៈគ្រួសារ។

នៅព្រឹកព្រលឹមស្រាងៗប្រជាជនទាំងចាស់ទាំងក្មេង បានរៀបចំសម្ភារនេសាទរៀងៗខ្លួន ដើម្បីឆ្ពោះទៅកាន់ប្រភពទឹក។ ឧបករណ៍នេសាទដែលប្រជាជនប្រើប្រាស់ភាគច្រើនជាឧបករណ៍បែបប្រពៃណី លក្ខណៈគ្រួសារ ដូចជា មង សំណាញ់ លប ទ្រូ និងសន្ទូចជាដើម។ នៅក្នុងបឹងតាម៉ុក និងតាមដងអូរតូចៗ ទឹកដែលធ្លាប់តែស្រកនារដូវប្រាំងបានឡើងពេញប្រៀប និងនាំមកនូវហ្វូងត្រីចម្រុះពណ៌ជាច្រើន ដូចជាត្រីរ៉ស់ ត្រីឆ្តោ ត្រីអណ្តែង ត្រីកំភ្លាញ និងត្រីចង្វា ដែលហែលបណ្តែតខ្លួនតាមចរន្តទឹកភ្លៀង។

សកម្មភាពនេសាទនៅរដូវវស្សាឆ្នាំ២០២៦ បង្ហាញពីទិដ្ឋភាពដ៏រស់រវើក និងពោរពេញទៅដោយក្តីសង្ឃឹម។ បុរសៗដែលមានកម្លាំងមាំមួន តែងតែនាំគ្នាអុំទូកតូចៗ ឬដើរលុយទឹកទៅបង់សំណាញ់ និងបណ្តែតមងយ៉ាងស្ទាត់ជំនាញ ចំណែកឯស្ត្រី និងកុមារតូចៗ ជួយប្រមូលត្រី និងដោះត្រីចេញពីមងនៅតាមមាត់ច្រាំង។ សំឡេងសើចក្អាកក្អាយ និងការជជែកគ្នាលេងយ៉ាងស្និទ្ធស្នាល បានបន្លឺឡើងពេញផ្ទៃទឹក។ ផលត្រីដែលរកបានទាំងនេះ គឺមានសារសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្រុកអន្លង់វែង។ ផលត្រីមួយផ្នែកធំ ត្រូវបានរក្សាទុកសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃនៅក្នុងគ្រួសារ ដែលជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំ។ ចំណែកឯត្រីដែលនៅសល់ក្នុងបរិមាណច្រើន ត្រូវបាននាំយកទៅលក់នៅទីផ្សារក្នុងស្រុក ដើម្បីបានកម្រៃមកដោះស្រាយជីវភាព និងទិញសម្ភារសិក្សាឱ្យកូនៗ។ ក្រៅពីនេះ ត្រីខ្លះត្រូវបានច្នៃធ្វើជាប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគពេញមួយឆ្នាំបន្ទាប់។

ជារួមមក របរនេសាទនៅរដូវវស្សារបស់ប្រជាជនស្រុកអន្លង់វែង មិនត្រឹមតែជាសកម្មភាពដើម្បីស្វែងរកអាហាររូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃទំនៀមទម្លាប់ និងរបៀបរស់នៅដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។ ទោះបីជាបច្ចុប្បន្នមានការប្រែប្រួលផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងណាក្តី ប្រពៃណីនេសាទបែបបុរាណក្នុងរដូវមានភ្លៀងធ្លាក់ច្រើន នៅតែរក្សាយ៉ាងខ្ជាប់ខ្លួនមកដល់សព្វថ្ងៃ ដែលឆ្លុះបញ្ចាំងពីភាពអត់ធ្មត់ ការតស៊ូ និងការខិតខំប្រឺងប្រែងដើម្បីជីវភាពដ៏សាមញ្ញរបស់ប្រជាជននៅក្នុងតំបន់ប្រវត្តិសាស្ត្រចុងក្រោយអន្លង់វែង។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖