នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ បុរីអូរស្វាយ-សែនជ័យ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បាននាំយករទេះរុញថ្មីមួយគ្រឿងទៅប្រគល់ជូនលោកតា សើង សាវ៉ាង អាយុ៧៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបង្ហាញនូវការដឹងគុណ និងការលើកកម្ពស់សុខុមាលភាពចំពោះចាស់ព្រឹទ្ធាចារ្យដែលជាអ្នកកសាងសហគមន៍ជំនាន់មុន។ អំណោយមនុស្សធម៌នេះ មិនត្រឹមតែជាមធ្យោបាយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃតែប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវការយកចិត្តទុកចំពោះលោតាដែលបានលះបង់ពេញមួយជីវិតលើទឹកដីដាច់ស្រយាលនេះ។
ការកសាងនិគមជនអូរស្វាយ
លោកតា សើង សាវ៉ាង មានស្រុកកំណើតនៅខេត្តកណ្ដាល និងមានឪពុកឈ្មោះ សើង ង៉ាង និងម្ដាយឈ្មោះ យ៉ិប ភៀង។ លោកតា សាវ៉ាង មានបងប្អូនចំនួន៦នាក់ គឺបងស្រីទី១) ឈ្មោះ សើង ធីខេង (ស្លាប់), ទី២) លោកតា ឈ្មោះ សើង សាវ៉ាង, ប្អូនស្រីទី៣) ឈ្មោះ សើង សាវ៉េត, ប្អូនប្រុសទី៤) ឈ្មោះ សើង វ៉ាន់ (ស្លាប់), ប្អូនប្រុសទី៥) ឈ្មោះ សើង សុផល និង ប្អូនស្រីទី៦) ឈ្មោះ សើង សុភា។ ដំណើរជីវិតរបស់លោកតា សាវ៉ាង នៅលើទឹកដីអូរស្វាយ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៦៣ មកម៉្លេះ គឺតាំងពីលោកតាមានអាយុ១១ឆ្នាំ ដែលតំបន់នេះមានព្រៃឈើដុះព័ទ្ធជុំជិត និងសម្បូរជំងឺគ្រុនចាញ់ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើន។
នៅឆ្នាំ១៩៦៤ ពេលលោក ម៉ៅ សង្ឃេម បានដឹកនាំកងទ័ពប្រមាណ៥០០នាក់ មកឈរជើង ការពារព្រំដែន និងអភិវឌ្ឍន៍បុរីអូរស្វាយ ដោយមានការកសាងបន្ទាយ ផ្សារ មន្ទីរពេទ្យ សាលារៀន វត្តអារាម និងបង្កើតវង់តន្ត្រីយោធាភារម្យ ពេលនោះលោកតា សើង សាវ៉ាង និងក្រុមគ្រួសារ គឺប្រជាពលរដ្ឋដំបូងដែលបានចូលរួមយ៉ាងសកម្មក្នុងសហគមន៍នេះ។ គ្រួសារលោកតា សាវ៉ាង បានទទួលដីស្រែទំហំ៥ហិកតា ដីផ្ទះទំហំ៤០ម៉ែត្រការ៉េ និងប្រាក់ឧបត្ថម្ភ៧៥០រៀលក្នុងមួយខែ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ លោកតា សាវ៉ាង បានទទួលក្រណាត់សប៉ាក់ពាក្យ «សង្គមរាស្ត្រនិយម» ដោយផ្ទាល់ព្រះហស្តពីសម្ដេចព្រះ នរោត្តម សីហនុ ក្នុងដំណើរយាងចុះមកសួរសុខទុក្ខប្រជាជននៅបុរីអូរស្វាយ កាលពីឆ្នាំ១៩៦៨។
សង្គ្រាម និងទុក្ខលំបាកលើសុខភាពបន្ទាប់ពីរបបខ្មែរក្រហម
ឆ្លងកាត់សម័យសង្គ្រាមទម្លាក់គ្រាប់បែកក្នុងរបប លន់ នល់ បានបង្ខំឱ្យអ្នកភូមិអូរស្វាយត្រូវជីកលេណដ្ឋានរាងអក្សរ «A» ដើម្បីការពារខ្លួន រហូតចូលដល់របបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលនោះ ខ្មែរក្រហមបានជម្លៀសលោកតា សាវ៉ាង ទៅធ្វើការនៅក្នុងកងចល័តនៅតំបន់ «អូរននោង»។ លោកតា សាវ៉ាង ត្រូវធ្វើការធ្ងន់ធ្ងរ ដូចជា កាប់គាស់ និងរានព្រៃឈើធំៗ ដោយគ្មានអាហារហូបគ្រប់គ្រាន់។ ការស្រេកឃ្លានធ្វើឱ្យលោកតា សាវ៉ាង ប្រថុយជីវិតលួចជីកមើមពោន មើមរកា និងមើមក្ដួចយកមកហូបបន្ថែម។ លោកតា សាវ៉ាង បានបាត់បង់បងស្រីបង្កើតឈ្មោះ សើង ធីខេង ដែលត្រូវខ្មែរក្រហមបោកបញ្ឆោតថាយកទៅជួសជុលទូក ប៉ុន្តែធាតុពិតគឺយកទៅសម្លាប់ចោល។
ការធ្វើពលកម្មធ្ងន់ធ្ងរតាំងពីនៅក្មេង រួមផ្សំជាមួយវ័យកាន់តែចាស់ជរា បានបណ្តាលឱ្យលោកតា សាវ៉ាង មានជំងឺប្រចាំកាយរហូតមកដល់សព្វថ្ងៃ។ លោកតា សាវ៉ាង ធ្លាប់ឈឺសន្លាក់ក្បាលជង្គង់ និងឈឺចង្កេះយ៉ាងខ្លាំង ធ្វើឱ្យការដើររបស់គាត់លែងមានភាពរហ័សរហួនដូចមុន។ ថ្មីៗនេះ លោកតា សាវ៉ាង បានជួបឧបទ្ទវហេតុរអិលដួលបណ្ដាលឱ្យប៉ះពាល់ និងរងរបួសត្រង់ដៃ និងស្មាផ្នែកខាងស្ដាំបណ្តាលឱ្យគាត់ឈឺចុកចាប់យ៉ាងខ្លាំង។ លោកតា សាវ៉ាង មានគម្រោងធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីតាមដានស្ថានភាពរបួសរបស់គាត់ឱ្យបានច្បាស់លាស់។
ការសម្រាលទុក្ខលំបាកតាមរយៈការជិះរទេះរុញ
ចំពេលលោកតា សាវ៉ាង ឈឺជើង និងស្មាខាងស្តាំ គាត់បានទទួលរទេះរុញមួយគ្រឿង ពីក្រុមការងារអគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ បុរីអូរស្វាយ-សែនជ័យ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃរបស់គាត់។ រទេះរុញនេះមិនត្រឹមតែជួយសម្រួលដល់ការចល័តក្នុងផ្ទះតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដ៏សំខាន់សម្រាប់កូនចៅលោកតា សាវ៉ាង ប្រើប្រាស់ពេលជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនាពេលខាងមុខ។
ទឹកមុខរបស់លោកតា សាវ៉ាង ដែលធ្លាប់តែស្រពោនដោយសារការឈឺចាប់ បានប្រែជាមានសង្ឃឹម និងពោរពេញដោយក្តីរំភើបពេលគាត់បានអង្គុយលើរទេះរុញថ្មី។ លោកតា សើង សាវ៉ាង បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល ព្រមទាំងបង្ហាញនូវក្តីសង្ឃឹម និងការដឹងគុណយ៉ាងជ្រាលជ្រៅថា៖
«ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ និង ប្រោសប្រណីដល់កូនចៅដែលរស់នៅតំបន់ដាច់ស្រយាល។ កូនចៅដែលបានមករស់នៅអូរស្វាយ និងឆ្លងកាត់សម័យសង្គមរាស្ត្រនិយម របប លន់ នល់ របបខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ន សុទ្ធតែមានវ័យជរា បាក់កម្លាំង និងមានជំងឺឈឺញាំញី ប៉ុន្តែហ្លួងម៉ែតែងតែគិតគូរដល់សុខទុក្ខ និងសុខភាពរបស់ប្រជានុរាស្ត្រ ជានិច្ច តាមរយៈការឧបត្ថម្ភសម្ភារប្រើប្រាស់ដ៏មានតម្លៃ ដូចជា រទេះរុញនេះ។ ជាពិសេសហ្លួងម៉ែតែងតែយកព្រះទ័យទុកដាក់ដល់ការអភិវឌ្ឍន៍ក្នុងតំបន់បុរីអូរស្វាយ ដោយបានផ្តួចផ្តើមឱ្យមានការកសាង អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីតម្កល់ និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រសម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ»។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា





