សិស្សានុសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្តុលផ្សារ ធ្វើដំណើរមកកាន់ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដើម្បីអានសៀវភៅ និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន៤នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុលផ្សារ បានធ្វើដំណើរមកកាន់ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងអានសៀវភៅដើម្បីបង្កើនចំណេះដឹងស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង គឺជាទីតាំងតម្កល់ឯកសារ និងសៀវភៅទាក់ទងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងជាកន្លែងសម្រាប់សាធារណជនប្រើប្រាស់ក្នុងពិធីសាសនា ជាពិសេសការចែករំលែកការចងចាំរវាងមនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ។ សិស្សានុសិស្សអាច អានសៀវភៅដែលរៀបរាប់អំពីការឈឺចាប់ ការតស៊ូ និងការលះបង់ដើម្បីសន្តិភាព។ បន្ទាប់ពីអានសៀវភៅទាំងនេះ សិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ និងតម្លៃនៃសន្តិភាពដែលប្រជាជនកម្ពុជាទទួលបាន។ សៀវភៅនីមួយៗដែលសិស្សានុសិស្សយកមកកាន់អាន បាន​រៀបរាប់ដំណើរជីវិតរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្រ្គាម អំពើឃោរឃៅ ការកាប់សម្លាប់ និងការកសាងប្រទេសជាតិឡើងវិញ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។

សិស្សានុសិស្សបានអានសៀវភៅនៅក្នុងបន្ទប់ដោយស្ងប់ស្ងាត់ អមដោយបរិយាកាសធម្មជាតិ និងដើមឈើធំៗនៅជុំវិញបរិវេណផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ សិស្សានុសិស្សបានអង្គុយលើកន្ទេលកក់ និងបានផ្ដោតអារម្មណ៍យ៉ាងយកចិត្តទុកដាក់លើសៀវភៅប្រវត្តិសាស្ត្រ ឯកសារស្រាវជ្រាវ និងទស្សនាវដ្តីស្វែងរកការពិត។ សិស្សានុសិស្សបានអានស្វែងយល់អំពីការពិតពីអតីតកាល ទោះបីប្រធានបទមួយចំនួនមិនស្ថិតនៅក្នុងការកំណត់នៃកម្មវិធីសិក្សារបស់លោកគ្រូអ្នកគ្រូក៏ដោយ។

ការចូលមកអានសៀវភៅ គឺជាទម្លាប់ដ៏ល្អមួយ ដែលសិស្សានុសិស្សយកពេលវេលាទំនេរពីការសិក្សានៅសាលារៀនមកស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនបានឆ្លងកាត់។ សិស្សានុសិស្សបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើចំណុចដែលចាប់អារម្មណ៍ ហើយការជជែកវែកញែកដោយផ្អែកលើទឡ្ហីករណ៍ និងឯកសារយោង បានធ្វើឱ្យបរិយាកាសនៃការរៀនសូត្រកាន់តែមានភាពរស់រវើក និងសម្បូរបែប។

ចំណេះដឹងពីការអានសៀវភៅនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការទប់ស្កាត់មិនឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតកើតឡើងសាជាថ្មី ព្រមទាំងបំផុសឱ្យចេះស្រឡាញ់ ការពារ និងថែរក្សាសន្តិភាព ព្រមទាំងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក។ វត្តមានរបស់សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ គឺជាភាពវិជ្ជមានដែលបង្ហាញពីការរីកចម្រើននៃទម្លាប់អាន និងការស្រាវជ្រាវក្នុងចំណោមយុវជនកម្ពុជា។ ការអានសៀវភៅមិនត្រឹមតែជាការបំពេញបន្ថែមនូវចំណេះដឹងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការចងចាំនៃប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥- ១៩៧៩)។

បន្ទាប់ពីការអានសៀវភៅ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

ជិន ស្រីល័ក្ខ ៖ «ខ្ញុំសប្បាយរីករាយ ពេលបានមកទស្សនានៅផ្ទះសគមន៍ក្តុលលើ ហើយអ្វីដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនោះ គឺភាពរឹងមាំ និងការតស៊ូដើម្បីរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ការកាប់សម្លាប់ ការបែកបាក់ និងការឈឺចាប់ឥតគណនា។ ការសិក្សាផ្អែកលើឯកសារ ភស្តុតាងប្រវត្តិសាស្ត្រ និងការស្រាវជ្រាវត្រឹមត្រូវ ជួយបញ្ជាក់ការពិត និងចងចាំនូវទុក្ខសោករបស់ជនរងគ្រោះ។ សៀវភៅទាំងនេះបានរំឭកខ្ញុំថា ប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការចងចាំរឿងរ៉ាវឈឺចាប់នោះទេ ប៉ុន្តែវាជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់បច្ចុប្បន្ន និងអនាគត។ ការចងចាំប្រកបដោយការពិចារណា និងការយល់ដឹងអំពីឫសគល់នៃជម្លោះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការកសាងសង្គមមួយប្រកបដោយការអត់ឱន ការគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ ក្នុងនាមជាអ្នកជំនាន់ក្រោយ ការស្វែងយល់ពីប្រវត្តិសាស្ត្រ គឺជាការបំពេញកាតព្វកិច្ចក្នុងការចងចាំ និងជាផ្នែកមួយនៃការស្វែងរកការពិត ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីលើទឹកដីកម្ពុជា និងពិភពលោក»។

ភារៈ លូឌី ៖ «នេះគឺជាលើកទីមួយសម្រាប់ខ្ញុំបានមកដល់ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដែលមានដើមឈើព័ទ្ធជុំវិញ អាកាសធាតុត្រជាក់ និងធ្វើឱ្យខ្ញុំឆាប់ចង់ចាំនៅពេលអានសៀវភៅ»។

ហ៊ន់ អេនឡាយ ៖ «ការអានសៀវភៅនៅក្នុងថ្នាក់រៀនផ្តល់នូវគោលគំនិតទូទៅ ប៉ុន្តែការមកអង្គុយអានសៀវភៅ និងឯកសារដោយផ្ទាល់នៅក្នុងទីតាំងដែលមានតម្កល់ឯកសារប្រវត្តិសាស្ត្រ ផ្តល់នូវអារម្មណ៍ខុសប្លែកគ្នាទាំងស្រុង។ ការបានឃើញរូបថតចាស់ៗ ផែនទី និងកំណត់ត្រាជាក់ស្តែង ធ្វើឱ្យការយល់ដឹងរបស់ខ្ញុំកាន់តែស៊ីជម្រៅ ព្រោះកន្លងមកខ្ញុំធ្លាប់តែឮពាក្យសម្តីតៗគ្នា»។

អាន ស្រីទូច ៖ «ការអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥–១៩៧៩) បានផ្ដល់នូវចំណេះដឹងបន្ថែម មិនត្រឹមតែជាការស្វែងយល់ពីព្រឹត្តិការណ៍អតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីតម្លៃនៃមនុស្សជាតិ យុត្តិធម៌ និងសន្តិភាព។ ពេលខ្ញុំទំនេរពីការសិក្សា ខ្ញុំនឹងមក     ទស្សនា និងអានសៀវភៅនៅទីតាំងផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀងម្តងទៀត។ ជាចុងក្រោយ ខ្ញុំសូមអរគុណបងៗក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានចែករំលែកពីការរៀនសូត្រ និងណែនាំបង្ហាញពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម»។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖