អាជ្ញាធរមូលដ្ឋាន និងមន្រ្តីមកពីក្រសួងសុខាភិបាល រៀបចំកម្មវិធី «វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីលុបបំបាត់ ជំងឺឆ្លងព្រូនស៊ីស្តូ ឬជំងឺព្រូនធំពោះ និងជំងឺផ្សេងៗក្នុងសហគមន៍ នៅអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានសហការជាមួយអាជ្ញាធរឃុំអូរស្វាយ ផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី «វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីសហគមន៍ដឹកនាំអនុវត្តការប្រើប្រាស់ទឹកស្អាត បង្គន់ និងអនាម័យ ដើម្បីឈានទៅលុបបំបាត់ជំងឺស៊ីស្តូ»។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីវាគ្មិនលោកបណ្ឌិត ខៀវ វីរៈ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល និង កញ្ញា វ៉ាន់ ម៉ូលីដែន ប្រធានផ្នែកដង្កូវព្រូន ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រែង អាជ្ញាធរឃុំអូរស្វាយ បុគ្គលិកមណ្ឌលសុខភាពកំភុន បុគ្គលិកមណ្ឌលសុខភាពព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ និងតំណាងអង្គការសុខភាពពិភពលោក (WHO)។

ស្ថានភាពជំងឺព្រូនស៊ីស្តូ (ជំងឺព្រូនធំពោះ) និងវដ្តនៃការចម្លង

ក្នុងឱកាសនេះ លោកបណ្ឌិត ខៀវ វីរៈ បានគូសបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនប្រមាណ ៨០,០០០ នាក់ រស់នៅក្នុងភូមិនានាចំនួន១១៤ភូមិ តាមបណ្តោយដងទន្លេ និងដៃទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ កំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺព្រូនស៊ីស្តូ ឬជំងឺព្រូនធំពោះ។ ជំងឺព្រូនស៊ីស្តូ ឬជំងឺព្រូនធំពោះ នេះ កើតមាននៅក្នុងស្រុកចំនួន២ នៃខេត្តចំប៉ាសាក់របស់ប្រទេសឡាវ  គឺស្រុកស៊ីផាន់ដន និង ស្រុកមឿងលះប្រម៉ូក។ លោកបានពន្យល់អំពីវដ្តនៃការចម្លងនៃជំងឺព្រូនធំពោះថា៖

ទី១) ការបញ្ចេញមេរោគព្រូនស៊ីស្តូ៖ នៅពេលដែលមនុស្សម្នាក់ដែលមានផ្ទុកមេរោគព្រូនស៊ីស្តូ បត់ជើងធំពាសវាលពាសកាល ឬជុះចូលក្នុងទឹកទន្លេមេគង្គ លាមករបស់អ្នកជំងឺដែលមានពងព្រូនស៊ីស្តូនឹងហូរចូលទៅក្នុងទឹក។

ទី២) ការលូតលាស់របស់ពងព្រូនស៊ីស្តូនៅក្នុងខ្ចៅ៖ នៅពេលពងព្រូនទាំងនោះបានជ្រៀតចូលទៅក្នុង «ខ្ចៅខ្លា» រួចវិវិត្ដខ្លួនទៅជាកូនដង្កូវទឹកព្រូនស៊ីស្តូ ហើយហែលចេញមកក្នុងទឹកទន្លេវិញ។

ទី៣) ការជ្រាបនៃកូនដង្កូវព្រូនស៊ីស្តូចូលខ្លួនមនុស្ស៖ នៅពេលប្រជាជនណាម្នាក់ចុះហែលទឹក ឬមុជទឹក ឬបោកគក់ ឬនេសាទត្រី នៅក្នុងទន្លេមេគង្គ កូនដង្កូវព្រូនស៊ីស្តូទាំងនេះនឹងជ្រៀតចូលតាមស្បែកមនុស្ស។

ទី៤) ការបំផ្លាញសុខភាព៖ ពេលចូលទៅដល់ក្នុងរាងកាយ វានឹងធ្វើដំណើរតាមចរន្តឈាមទៅកាន់ពោះវៀន រួចលូតលាស់ជាព្រូនពេញវ័យ និងបង្កើនកូនចៅនៅក្នុងពោះវៀនហើយបញ្ចេញសារជាតិពុលដល់ថ្លើម។

ប្រសិនបើមានបរិមាណព្រូនច្រើនក្នុងរាងកាយ អ្នកជំងឺនឹងចេញរោគសញ្ញា ក្អូតចង្អោរ រាករូស ស្គមស្គាំង និងទាចទឹក (ធំពោះ) ដែលជាផលវិបាកបណ្តាលមកពីក្រិនថ្លើម។ លោកបណ្ឌិត ខៀវ វីរៈ បានបញ្ជាក់ថា ប្រសិនមានប្រជាជនមានរោគសញ្ញាដូចខាងលើ សូមប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុត ដើម្បីប្រឹក្សាពិគ្រោះយោបល់ និងធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

មណ្ឌលសុខភាពអូរស្វាយ គឺជាព្រះរាជទានដ៏ឧត្តុង្គឧត្តម និងក្លាយជាគ្រឹះស្ថានសុខាភិបាលសាធារណៈផ្ទាល់ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម ពិនិត្យ សម្រាលកូន ពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងផ្តល់ការអប់រំសុខភាពដល់ប្រជាជន។

ជាមួយគ្នាដែរ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមបំពេញតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ កន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ និងការថែទាំយ៉ាងយកចិត្តទុកដាក់ដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប្រហែល៦០០នាក់ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ អ្នករស់រានមានជីវិតទាំងនោះ ភាគច្រើនមានអាយុចន្លោះពី៦០ ដល់៨០ឆ្នាំ កំពុងប្រឈមមុខនឹងជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្ត។ ការគាំទ្រឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានសេវាសុខភាព និងសេវាសង្គមបានទាន់ពេលវេលា គឺជាបេសកកម្មចម្បងដើម្បីឱ្យជនរងគ្រោះអាចរស់នៅបានយូរអង្វែង មានសុខភាពល្អ និងអាចចែករំលែកបទពិសោធន៍រឿងរ៉ាវប្រវត្តិសាស្ត្រដល់មនុស្សជំនាន់ក្រោយ។ ការកត់ត្រា និងចងក្រងរឿងរ៉ាវទាំងនេះ មានសារសំខាន់សម្រាប់ប្រវត្តិសាស្ត្រជាតិ។

ជាងនេះទៅទៀត អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភពីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិតួកគី ស្ថានទូតតួកគីប្រចាំកម្ពុជា និងសម្របសម្រួលដោយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រ និងការងារសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជំងឺព្រូនស៊ីស្តូ (ជំងឺធំពោះ) តាមរយៈការរៀបចំឱ្យមាន បង្គន់អនាម័យសាធារណៈ សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការថែរក្សាបរិស្ថានជុំវិញឱ្យមានអនាម័យស្អាតជាប្រចាំ និងមានទឹកស្អាតសម្រាប់បរិភោគ។ អគារមរតកសង្គមរាស្ត្រនិយមបានដើរតួជា «គំរូអនាម័យនៅក្នុងសហគមន៍» ក្នុងការចូលរួមធ្វើការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាជន ដែលអាចឱ្យសហគមន៍បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងចូលរួមបង្កើតបរិស្ថានរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានានៅក្នុងសហគមន៍។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការចុះសិក្សាប្រមូលទិន្នន័យដើម្បីបង្កើតគម្រោង អភិវឌ្ឍន៍សាកល្បងនៅលើ «កោះឈើទាលធំ»