ស្រុកបុរីអូរស្វាយ សែនជ័យ គឺជាស្រុកមួយរបស់ខេត្តស្ទឹងត្រែង ដែលមានជីវៈចម្រុះ និងសត្វស្លាបទឹកដ៏សម្បូរបែបជាច្រើនប្រភេទ និងបំពេញមុខងារយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងនោះលោក ស្រេង លីដា គឺជាបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំសាខាខេត្តស្ទឹងត្រែង បានធ្វើការសិក្សាស្រាវជ្រាវពីវដ្ដជីវិត និងការបម្លាស់ទីរបស់សត្វក្អែកទឹក។ សត្វក្អែកទឹក គឺជាសត្វស្លាបមួយប្រភេទដែលមានភាពវៃឆ្លាត និងមានភាពបត់បែនក្នុងការរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ស្របទៅតាមការបម្លាស់ទីរបស់ហ្វូងត្រី។ ជារៀងរាល់ឆ្នាំ ក្អែកទឹក តែងតែធ្វើការបម្លាស់ទីទៅមកចន្លោះពីតំបន់បឹងទន្លេសាប និងតំបន់ទន្លេមេគង្គលើ ដែលបង្កើតឡើងនូវភាពបត់បែនក្នុងការរស់នៅរបស់សត្វស្លាបប្រភេទនេះ»។
ក្អែកទឹក គឺជាសត្វស្លាបទឹកមួយប្រភេទដែលមានរូបរាងស្រដៀងនឹងសត្វទា ប៉ុន្តែមានទំហំតូចជាងបន្តិច។ ក្អែកទឹកមានលក្ខណៈសម្គាល់ងាយមើលដឹង តាមរយៈមានរោមពណ៌ខ្មៅរលោង ចំពុះវែងពណ៌ប្រផេះ ភ្នែកខ្មៅ និងមានប្រអប់ជើងជាប់គ្នាដូចជើងទា ដែលជាអំណោយផលយ៉ាងប្រសើរសម្រាប់ការហែលទឹក។ លក្ខណៈពិសេសរបស់ក្អែកទឹក គឺមានសមត្ថភាពទាំងការហោះហើរលើអាកាស និងការជ្រមុជទឹកបានយ៉ាងជ្រៅ និងរហ័ស ដើម្បីដេញចាប់ត្រីធ្វើជាចំណី។ បន្ទាប់ពីចាប់ត្រីបានហើយ ក្អែកទឹកតែងតែហើរទៅទុំនៅលើមែកឈើងាប់ៗ ដែលដុះតាមដងទន្លេមេគង្គ, ស្ទឹង ឬតំបន់ឆ្នេរ ដើម្បីសម្រាក និងលាតស្លាបរបស់ខ្លួនហាលថ្ងៃឱ្យស្ងួត។
លោក ស្រេង លីដា បានបន្ថែមថា «តាមរយៈការអង្កេតនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ជារៀងរាល់ឆ្នាំ ក្អែកទឹក តែងតែបម្លាស់ទីចាកចេញពីតំបន់ទំនាបជុំវិញបឹងទន្លេសាប ឡើងមកកាន់តំបន់ទន្លេមេគង្គលើ ក្នុងតំបន់រ៉ាមសារ (ដីសើម) នៃស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ការរំកិលខ្លួនមកកាន់តំបន់រ៉ាមសារ គឺធ្វើឡើងស្របពេលដែលហ្វូង«ត្រីរៀល» និងត្រីតូចៗដទៃទៀត បម្លាស់ទីឡើងមកកាន់ខ្សែទឹកខាងលើដូចគ្នា។ ត្រីរៀលជាចំណីដ៏មានឱជារស និងងាយស្រួលចាប់បំផុតសម្រាប់ក្អែកទឹក»។
ក្អែកទឹក បន្តរស់នៅ និងរកចំណីយ៉ាងកុះករនៅតាមដងទន្លេមេគង្គ ពិសេសនៅក្នុងតំបន់រ៉ាមសារ ក្នុងស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ដែលបង្កលក្ខណៈងាយស្រួល និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាកម្សាន្ត។
នៅរដូវវស្សាឆ្នាំនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានឃើញហ្វូងក្អែកទឹកជាច្រើន ចាប់ផ្តើមធ្វើដំណើរត្រឡប់មកកាន់តំបន់បឹងទន្លេសាបវិញ ដោយហេតុផល ដូចជា៖
១) នៅក្នុងខែកក្កដានេះ ទឹកទន្លេមេគង្គចាប់ផ្តើមឡើងខ្លាំង និងមានសភាពល្អក់កករ ដែលធ្វើឱ្យក្អែកទឹកពិបាកមើលធ្លុះទៅក្នុងទឹក ដើម្បីជ្រមុជចាប់ចំណី។
២) នាដើមរដូវវស្សានេះ គឺជាពេលវេលាដែលហ្វូងត្រីរៀល ត្រូវធ្វើដំណើរត្រឡប់មកវិញ គឺវិលត្រឡប់មកទន្លេសាប បន្ទាប់ពីទម្លាក់ពង-កូន នៅតំបន់រ៉ាមសាររួចរាល់។
៣) ការវិលត្រឡប់ទៅកាន់បឹងទន្លេសាបវិញ មិនត្រឹមតែដើម្បីភាពងាយស្រួលក្នុងការស្វែងរកចំណីតែប៉ុណ្ណោះទេ ប៉ុន្តែជារដូវកាលដ៏សំខាន់ដែលក្អែកទឹកត្រូវកសាងសម្បុក ដើម្បីបន្តពូជ និងពងកូន។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា




















