សិស្សានុសិស្សភាគច្រើន ធ្វើដំណើរទៅសាលារៀនតាមរយៈមធ្យោបាយដូចជា ម៉ូតូ, ឡាន, ឡានក្រុងសាធារណៈ ឬដោយថ្មើរជើង ប៉ុន្តែសិស្សានុសិស្ស រស់នៅតាមបណ្ដាកោះដាច់ស្រយាល ក្នុងស្រុកបុរីអូរស្វាយ សែនជ័យ ត្រូវធ្វើដំណើរឆ្លងកាត់ផ្ទៃជលសានៃទន្លេមេគង្គជារៀងរាល់ថ្ងៃ ដែលជារឿយៗពោរពេញទៅដោយស្ថានភាពគ្រោះថ្នាក់ពីភាពប្រែប្រួលនៃធម្មជាតិ។
នៅក្នុងអត្ថបទនេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានស្វែងយល់អំពីខ្សែជីវិតនៃការតស៊ូសិក្សារបស់យុវតីឈ្មោះ កិន ហៀ។ កិន ហៀ គឺជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យអូរស្វាយ មានផ្ទះស្ថិតនៅលើទឹកដីភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កិន ហៀ បានរៀបរាប់ទាំងស្នាមញញឹម រួមទាំងទឹកភ្នែក ពីភាពលំបាកនៃសិស្សានុសិស្ស និងប្រជាជន ដែលរស់នៅតាមបណ្ដាកោះដាច់ស្រយាល។ ប៉ុន្តែការរៀបរាប់របស់ កិន ហៀ បែរជាបង្ហាញពីការតស៊ូ ព្រមទាំងក្តីសង្ឃឹមក្នុងការទទួលបានការអប់រំ ដើម្បីក្លាយទៅជាធនធានសម្រាប់សហគមន៍របស់ខ្លួន។
ភូមិកោះឈើទាលតូច គឺជាភូមិមួយស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋបាលឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ។ កាលពីដើមមក ភូមិកោះឈើទាលតូច មានឈ្មោះថា កោះសិលា ប៉ុន្តែត្រូវបានផ្លាស់ប្ដូរឈ្មោះឡើងវិញថា «កោះឈើទាលតូច» ដោយមូលហេតុ នៅចំណុចត្រង់ក្បាលកោះ មានដើមឈើទាលដុះជាច្រើន ដែលធ្វើឱ្យអ្នកភូមិជិះឆ្លងកាត់ មានការចំណាំ ហើយហៅតៗគ្នាថា ឈើទាលតូច រហូតមកដល់បច្ចុប្បន្ន។ ភូមិកោះឈើទាលតូច មានប្រជាជនរស់នៅសរុបចំនួន១២៨គ្រួសារ ស្នើនឹងចំនួនមនុស្ស៥៥០នាក់។ មុខរបរចញ្ចឹមជីវិតរបស់អ្នកភូមិកោះឈើទាលតូច គឺការធ្វើកសិកម្ម (ដំាស្រូវ និងដំណាំកសិកម្ម), ការនេសាទតាមដងទន្លេមេគង្គ, ការលក់ដូរនៅផ្ទះ និងការធ្វើចំណាកស្រុក។ ដោយសារតែស្ថានភាពភូមិសាស្ត្រ ជាកោះដាច់ស្រយាល ភូមិកោះឈើទាលតូច មានលទ្ធភាពផ្តល់ការអប់រំត្រឹមតែកម្រិតបឋមសិក្សា គឺសាលាបឋមសិក្សាកោះឈើទាលតូច។ ហេតុដូច្នេះ សិស្សានុសិស្ស ដែលរៀនចប់ថ្នាក់ទី៦ និងចង់បន្តការសិក្សាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គមកកាន់ដីគោកក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីចូលរៀននៅអនុវិទ្យាល័យអូរស្វាយ និងវិទ្យាល័យបុរីអូរស្វាយ សែនជ័យ។ ការធ្វើដំណើរតាមផ្លូវទឹក គឺជាក្តីបារម្ភដ៏ធំមួយ ដែលបណ្តាលឱ្យសិស្សានុសិស្សមួយចំនួនប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែកត្តាសុវត្ថិភាព កម្រិតជីវភាព និងភាពស៊ូទ្រាំ។ ក្រោយពីរៀនសូត្រសិស្សានុសិស្សក្នុងភូមិកោះឈើទាលតូច អាចចូលរួមចំណែកជួយការងារគ្រួសារ ដូចជា រៀបចំសំណាញ់នេសាទ មើលថែទាំចម្ការ និងមើលថែប្អូនតូចៗនៅផ្ទះ។ ការចំណាយលើការធ្វើដំណើរតាមទូក ឬការទិញសម្ភារធ្វើទូក គឺជាឧបសគ្គផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ក្នុងគ្រួសារ ដែលជំរុញឱ្យសិស្សានុសិស្សខ្លះសម្រេចចិត្តបោះបង់ការសិក្សា។
ស្ថានភាពកន្លងមក គឺអាណាព្យាបាលសិស្ស និងសិស្សានុសិស្សផ្ទាល់ តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងហានិភ័យក្នុងការធ្វើដំណើរឆ្លងកាត់ផ្ទៃទន្លេមេគង្គ ដូចជា បញ្ហាចរន្តទឹកហូរខ្លាំង និងការកើតមានភ្លៀងខ្យល់បោកបក់ខ្លាំង។ បើទោះជាយ៉ាងនេះក្តី សិស្សានុសិស្សនៅតែខិតខំប្រឹងប្រែង លះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការពុះពារបន្តការសិក្សា ដោយហេតុថា ការអប់រំនឹងជួយបង្កើតឱកាសសម្រាប់ខ្លួនទទួលបានចំណេះដឹង និងក្លាយជាធនធានដ៏មានតម្លៃសម្រាប់សហគមន៍ទៅថ្ងៃអនាគត។
កិន ហៀ បាននិយាយថា ខ្សែជីវិតនៃការសិក្សារបស់ខ្ញុំ គឺមិនដូចរឿងនិទាន ឬរឿងប្រលោមលោក ដែលតែងតែមានដំណោះស្រាយស្រាប់ដើម្បីនាំផ្លូវនោះទេ ប៉ុន្តែវាជាជីវិតពិតរបស់ខ្ញុំ ដែលត្រូវឆ្លងកាត់ផ្ទៃទឹកទន្លេមេគង្គដោយកម្លាំងចិត្ត និងស្មារតី។ ជារៀងរាល់ព្រឹកព្រលឹម ខ្ញុំត្រូវក្រោកពីដេកនៅម៉ោង៤ព្រឹក និងបំពេញការងារផ្ទះ មានដូចជា ដាំបាយ, ខ្ចប់បាយ និងបោសសំអាតផ្ទះ មុនពេលចុះទូកជិះទៅកាន់ផែរង់ចាំអូរស្វាយ ដើម្បីបន្តទៅសិក្សានៅអនុវិទ្យាល័យអូរស្វាយ។ អ្វីដែលខ្ញុំត្រូវប្រឈម គឺភាពត្រជាក់ក្នុងរដូវវស្សា និងខ្សែទឹកហូរបោកបក់ដែលទាមទារឱ្យមានការតាំងស្មារតី និងសេចក្ដីក្លាហានក្នុងដំណើរឆ្ពោះទៅកាន់ការសិក្សាអប់រំជារៀងរាល់ថ្ងៃ។ នៅថ្ងៃមួយ ខ្ញុំជួបគ្រោះថ្នាក់ ដោយសារតែចរន្តខ្សែទឹកហូរខ្លាំង បណ្ដាលឱ្យទូកតូចរបស់ខ្ញុំហូរទៅបុកគល់ឈើ និងផ្ទាំងថ្ម ហើយស្ទើរតែបាត់បង់លំនឹង។ ប៉ុន្តែសំណាងល្អ ខ្ញុំមិនមានគ្រោះថ្នាក់អ្វីឡើយនៅពេលនោះ។ បើទោះជាយ៉ាងនេះក្ដី សៀវភៅ សម្ភារសិក្សា និងសម្លៀកបំពាក់ បានទទឹកខូចខាតអស់។ បើទោះជាគ្រានោះ ពិបាកខ្លាំងយ៉ាងណា ខ្ញុំមិនព្រមបោះបង់ការសិក្សាទេ ពីព្រោះខ្ញុំតែងតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឪពុកម្ដាយរបស់ខ្ញុំ ហើយរូបខ្ញុំផ្ទាល់មានជំនឿចិត្តយ៉ាងមុតមាំថា «មានតែការអប់រំតែប៉ុណ្ណោះ ទើបអាចជួយគ្រួសារខ្ញុំ និងសហគមន៍របស់ខ្ញុំឱ្យចាកចេញពីភាពលំបាក ដែលខ្ញុំកំពង់តែជួបប្រទះ»។ រហូតមកដល់បច្ចុប្បន្ន ទុក្ខកង្វល់ និងភាពភ័យខ្លាចរបស់ឪពុកម្ដាយ និងខ្ញុំ ត្រូវបានជំនួសមកវិញនូវស្នាមញញឹម និងក្ដីសង្ឃឹម បន្ទាប់ពីទទួលបានទូកចម្លងសហគមន៍ ដែលមានទំហំធំ និងសុវត្ថិភាពខ្ពស់ បំពាក់ទៅដោយអាវការពារសុវត្ថិភាពជាច្រើន ថែមទាំងមិនយកកម្រៃ ក្រោមការឧបត្ថម្ភគាំទ្រពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ បើទោះជាស្ថិតក្នុងស្ថានភាពលំបាកនៃការកើនឡើងតម្លៃប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយសង្គ្រាម ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែបន្តជួយដឹកជញ្ជូនខ្ញុំ និងសិស្សផ្សេងទៀត នៅតាមបណ្ដាកោះដាច់ស្រយាលទៅរៀនជាធម្មតា ដែលផ្ដល់ឱ្យយើងខ្ញុំអាចបន្តការសិក្សាទៅមុខយ៉ាងរលូន ដោយគ្មានការអាក់ខានឡើយ។ ជំនួយមនុស្សធម៌នេះ មិនត្រឹមតែផ្ដល់ឱកាសដល់ខ្ញុំទទួលបានការអប់រំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់យើងខ្ញុំឱ្យលែងមានគំនិតបោះបង់ការសិក្សា។
ខ្សែជីវិត និងការតស៊ូជម្នះឧបសគ្គរបស់ខ្ញុំ ព្រមទាំងសិស្សានុសិស្សនៅក្នុងភូមិកោះឈើទាលតូច គឺបង្ហាញឱ្យឃើញពីតម្លៃនៃការទទួលបានការអប់រំ ដែលមិនអាចមានអ្វីមករារាំងបានឡើយ មិនថាឧបសគ្គភូមិសាស្ត្រ ឬខ្សែទឹកហូរនៃទន្លេមេគង្គ។ ភាពស៊ូទ្រាំ និងការគាំទ្រពីគ្រួសារ និងសហគមន៍ ក្លាយជាកម្លាំងរុញច្រានយ៉ាងមុតមាំដល់ខ្ញុំបន្តដំណើរទៅមុខ។ បន្ថែមលើនេះទៀត វត្តមាននៃទូកចម្លងសហគមន៍ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ មិនត្រឹមតែបានកែប្រែ «សេចក្តីព្រួយបារម្ភ» ឱ្យក្លាយជា «ស្នាមញញឹម និងសុវត្ថិភាព» តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងទៅកាន់ពន្លឺនៃការអប់រំ សម្រាប់សិស្សានុសិស្ស និងយុវជន យុវនារី នៅតាមកោះដាច់ស្រយាលឱ្យក្លាយជាធនធានមនុស្សដើម្បីមកចូលរួមអភិវឌ្ឍន៍សហគមន៍របស់ខ្លួនវិញ។
អត្ថបទ៖ ស៊ាង ចិន្ដា និង ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា




















