នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាពិភាក្សាស្ដីពី «ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ជាមួយសិស្សានុសិស្សរៀនថ្នាក់ទី៨ ចំនួន១០នាក់ នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ គោលបំណងនៃវេទិកាពិភាក្សានេះ គឺ ដើម្បីចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាជាពិសេសប្រវត្តិសាស្រ្តអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ចង់ឱ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្ត និង ផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងសិស្សានុសិស្ស តាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។
កិច្ចចាប់ផ្តើមវេទិកាពិភាក្សា គឺបុគ្គលិករបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ឈ្មោះ មឿន ស្រីណុច ធ្វើការណែនាំខ្លួន និងសង្ខេបអំពីទិសដៅការងារដែលបានបំពេញកន្លងមក និងនៅពេលអនាគត។ បន្ទាប់មក ស្រីណុច ដឹកនាំសិស្សានុសិស្សទស្សនាផ្ទាំងរូបថតប្រវត្តិសាស្រ្ត សៀវភៅនិងឯកសារផ្សេងៗទាក់ទងនឹងរបបខ្មែរក្រហមដែលតម្កល់នៅក្នុងការិយាល័យ និងខ្សែភាពយន្តឯកសារក្នុងរបបខ្មែរក្រហម។ តមក ស្រីណុច បានសួរសំណួរស្ទាប់ស្ទង់ចំណេះដឹងទៅកាន់សិស្សានុសិស្សថា តើប្អូនៗទាំងអស់គ្នាធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះទាក់ទងនឹងរបបខ្មែរក្រហម? តើប្អូនៗបានដឹងថា របបខ្មែរក្រហមបានរំលោភសិទ្ធិ និងពលកម្មរបស់កុមារ យ៉ាងដូចម្ដេចខ្លះ?
បន្ទាប់មក ស្រីណុច បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម មិនមានសាលារៀនជាផ្លូវការនោះទេ។ កុមារត្រូវបានបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ គ្រូភាគច្រើន គឺជាកសិករក្រដែលអាចអាន និងសរសេរបានបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីជាការអប់រំនៅតាមតំបន់មួយចំនួនមានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ (កុមារទទួលបានការសិក្សាថ្នាក់បឋម ចន្លោះពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ) ប៉ុន្តែនៅតែមិនទាន់មានសាលារៀនដែលដំណើរការពេញលេញសម្រាប់សិក្សាទេ។ ខ្មែរក្រហមនិយាយថា «អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ»។ «ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍»។ ស្របពេលកុមារត្រូវបានបង្ហាត់បង្រៀនឱ្យចេះអាន និងសរសេរអក្សរបន្តិចបន្តួច ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្ដោតទៅលើការអប់រំនយោបាយ។ ក្មេងៗត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គហ្វឹកហ្វឺនមនោគមវិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ព កងការពារ ឬនីរសារបាន។ ក្មេងៗត្រូវបានចាត់តាំងឱ្យធ្វើការងារជាច្រើនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការងាររបស់កុមារ គឺដើរដើររើសអាចម៍គោ កាត់ដើមទន្រ្ទានខែត្រ ប្រមូលលាមកមនុស្សដើម្បីយកទៅធ្វើជីលេខមួយ និងដឹកជញ្ជូនអាវុធទៅសមរភូមិ។ ជួនកាលកុមារទទួលរងគ្រោះថ្នាក់ ឬ ត្រូវគ្រាប់កាំភ្លើងស្លាប់ជាដើម។ ជាងនេះទៅទៀត កុមារ ត្រូវបំបែកចេញពីឪពុកម្ដាយ ធ្វើឱ្យកុមារមិនទទួលបានភាពកក់ក្ដៅក្នុងគ្រួសារឡើយ។
បន្ថែមពីនេះ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចាន់ ណារិទ្ធ បានលើកយករឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឈិត ឆេង ដែលជាកុមាររស់នៅក្នុងរបបខ្មែរក្រហម ឱ្យសិស្សានុសិស្សអានរយៈពេល៣០នាទីរៀងៗខ្លួន។ ក្រោយបញ្ចប់ការអាន សិស្សានុសិស្សបានចែករំលែកការយល់ឃើញរបស់ខ្លួនទាក់ទងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចខាងក្រោម៖
ហាយ សុខណា ចាប់អារម្មណ៍ថា មុនពេលខ្មែរក្រហមចូលមកក្នុងភូមិទួលគ្រួស ជនជាតិដើមភាគតិចព័រនៅប្រណិប័តន៍ប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ហើយយាយ ឆេង និងកុមារក្នុងភូមិទាំងអស់រស់នៅដោយភាពសប្បាយរីករាយ។ ប៉ុន្តែក្រោយមក យាយ ឆេង និងកុមារទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការងារទាំងយប់ទាំងថ្ងៃមិនមានពេលវេលាសម្រាក ថែមមិនមានអាហារហូបគ្រប់គ្រាន់ទៀត។ ខ្ញុំមិនធ្លាប់បានដឹងថា កុមារត្រូវបានអង្គការប្រើឱ្យធ្វើការធ្ងន់ធ្ងរទេ ព្រោះខ្ញុំធ្លាប់តែឮយាយរបស់ខ្ញុំប្រាប់ថា ចាស់ៗត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការងារច្រើន។ បន្ទាប់ពីអានរឿងរ៉ាវរបស់យាយ ឆេង ទើបខ្ញុំដឹងថា គាត់បានខិតខំធ្វើការងារខ្លាំងណាស់ ទាំងដែលគាត់នៅវ័យក្មេងនៅឡើយ ព្រោះតែមិនចង់ឱ្យខ្មែរក្រហមផ្ដាច់របបអាហារ។ ខ្ញុំអាណិតយាយ ឆេង ដោយសារគាត់បានបែកពីឪពុកម្ដាយ បងប្អូន រយៈពេលជិត៣ឆ្នាំ។ ក្រោយមក គាត់ត្រូវបាត់បង់ឪពុក និងប្អូនប្រុសរបស់គាត់ថែមទៀត។
យីម សុផាន់ណា រៀបរាប់ថា បន្ទាប់ពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្ញុំបានដឹងរឿងរ៉ាវច្រើនទាក់ទងរបបខ្មែរក្រហម។ នៅថ្ងៃនេះ ខ្ញុំបានអានរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឈិត ឆេង គឺជាជនជាតិដើមភាគតិចព័រ ទើបខ្ញុំយល់ច្បាស់អំពីការតស៊ូ និងការស៊ូទ្រាំនឹងភាពអត់ឃ្លានទម្រាំបាននៅរស់ជីវិតរហូតមកដល់សព្វថ្ងៃ។
អួន វណ្ណា លើកឡើងថា ខ្ញុំពិតជាអាណិតអ៊ំ ឈិត ឆេង ខ្លាំងណាស់ ព្រោះគាត់ត្រូវបានខ្មែរក្រហមដាក់ផែនការឱ្យធ្វើការងារធ្ងន់ៗ ដូចជា លើកទំនប់ លើកភ្លឺស្រែ និងជីកប្រឡាយ ។ ចំណែកឪពុក និងប្អូនប្រុសរបស់គាត់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែឈឺគ្មានថ្នាំព្យាបាល និងអត់អាហារ។
ស៊ីនៀន សុធារិទ្ធ និយាយថា ក្រោយពីខ្ញុំបានអានរឿងរ៉ាវរបស់យាយ ឈិត ឆេង ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរគាត់ខ្លាំងណាស់ ពីព្រោះអ៊ំស្រីបានជួបការលំបាកជាច្រើនដោយសារការបង្ខិតបង្ខំ ឱ្យធ្វើការងារហួសកម្លាំង ការបង្អត់អាហារពេលដែលធ្វើការងារមិនគ្រប់តាមគោលការណ៍របស់ខ្មែរក្រហមកំណត់។
អត្ថបទ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា













