នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយមានការចូលរួមពីសិស្សានុសិស្សសិស្សថ្នាក់ទី១២ ចំនួន៧នាក់ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ គោលបំណងនៃវេទិកាថ្នាក់រៀននេះ គឺចង់ឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពីព្រឹត្តិការណ៍សំខាន់ៗនៃរបបខ្មែរក្រហម, ចេះធ្វើការសហការគ្នាជាក្រុម និងចុងក្រោយគឺសិស្សានុសិស្សចេះវាយតម្លៃការសិក្សារបស់ខ្លួន។
ជាកិច្ចចាប់ផ្ដើម បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ ឈ្មោះ ជឹម សុខគា បានធ្វើការណែនាំខ្លួន និងប្រាប់អំពីប្រធានបទដែលត្រូវលើកយកមកសិក្សាថ្ងៃនេះ តាមរយៈវិធីសាស្ត្របង្រៀន ខេ-ដាប៊ែលយូ-អិល KWL (K គឺចំណេះដឹងពីមុនរបស់សិស្ស, W គឺចំណុចដែលសិស្សចង់រៀនបន្ថែម និង L គឺចំណេះដឹងថ្មីៗរបស់សិស្សចេញពីមេរៀនក្នុងថ្ងៃនេះ)។
បន្ទាប់មក សិស្សម្នាក់បានឡើងចែករំលែកចំណេះដឹងរបស់ខ្លួន តាមរយៈយាយរៀបរាប់ប្រាប់ថា « ការរស់នៅក្នុងរបបខ្មែរក្រហមយាយខ្ញុំមានភាពលំបាកវេទនាខ្លាំងណាស់ ខ្មែរក្រហមបានប្រើគាត់ឱ្យធ្វើការហួសកម្លាំង និងបង្អត់អាហារ ដោយឱ្យត្រឹមហូបតែបបររាវៗហូបតែប៉ុណ្ណោះ»។ រីឯសិស្សម្នាក់ទៀត បានឡើងរៀបរាប់ថា «ខ្ញុំបានដឹងតាមរយៈការអានសៀវភៅ គឺមានការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហម និងការបង្ខំប្រជាជនឱ្យធ្វើការទាំងហួសកម្លាំង»។
បន្តមកទៀត សិស្សានុសិស្សទាំងអស់ បានអានមេរៀនត្រង់ជំពូកទី៨ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយយ្យ» រៀងៗខ្លួន ដោយស្ងៀមស្ងាត់ក្នុងរយៈពេលវេលា៣០នាទី។ មុននឹងចាប់ផ្តើមអាន សុខគា បានណែនាំសិស្សឱ្យកត់ត្រាចំណុចសំខាន់ៗ ពាក្យពិបាកៗដែលសិស្សពុំទាន់យល់ និងកត់ត្រាអំពីចំណេះដឹងថ្មីចេញពីមេរៀន។ សិស្សទាំងអស់បានអានមេរៀននៅក្នុងជំពូកទី៨រហូតដល់ចប់។ សិស្សទាំងអស់បានចំណាយពេល៣០នាទីទៀត ដើម្បីសង្ខេបពីចំណុចដែលខ្លួនរៀនសូត្រ។
នៅក្នុងឱកាសនោះ សុខគា សួរសំណួរដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្សមួយចំនួន ដូចជា៖ ១) តើសហករណ៍មានន័យយ៉ាងដូចម្ដេច? ២) ហេតុអ្វីបានខ្មែរក្រហម បង្កើតសហករណ៍? ៣) តើការងារមួយថ្ងៃក្នុងរបបខ្មែរក្រហមមានរយៈពេលប៉ុន្មានម៉ោង ហើយប៉ុន្មានថ្ងៃក្នុងមួយសប្ដាហ៍? ៤) ហេតុអ្វីបានជាខ្មែរក្រហមរៀបចំពិធីបេ្ដជ្ញា(រៀបការ)រួម? ៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧ និង១៩៧៨ តើខ្មែរក្រហមបានប្រព្រឹត្តអំពើអ្វីខ្លះទៅលើប្រជាជនក្នុងភូមិភាគបូព៌ា?
ខាងក្រោមនេះ គឺជាចម្លើយរបស់សិស្សានុសិស្សឆ្លើយតបទៅនឹងសំណួរខាងលើ៖
សៅ សារិទ្ធ អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ បានឆ្លើយថា៖ ១) ពាក្យ សហករណ៍ មានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបរួមគ្នា និងការចែករំលែកការកម្សាន្ដជាសមូហភាព។ ២) បានជាខ្មែរក្រហមបង្កើតសហករណ៍ គឺខ្មែរក្រហមចង់លុបបំបាត់កម្មសិទ្ធិឯកជន របបមូលធននិយម និងពង្រឹងវណ្ណៈកម្មករ កសិករ។ ៣) ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការលើស១២ម៉ោងក្នុងមួយថ្ងៃ។ ៤) បានជាខ្មែរក្រហមប្រើប្រាស់ពិធីរៀបការរួម គឺមកពីខ្មែរក្រហមចង់ចំណាយពេលវេលាតិច ព្រោះខ្មែរក្រហមផ្តោតសំខាន់ទៅលើការងារសហករណ៍ ឬជាអ្វីដែលខ្មែរក្រហមបានហៅថា «បដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ»។ ៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាម នៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តទៅលើប្រជាជនក្នុងភូមិភាគបូព៌ា ដោយចោទប្រកាន់ប្រជាជន និងអតីត កម្មាភិបាលភូមិភាគបូព៌ាថា បានចូលដៃចូលជើងជាមួយវៀតណាម បណ្តាលឱ្យខ្មែរក្រហមចាប់ខ្លួនអ្នកទាំងនោះបញ្ជូនយកទៅសម្លាប់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់អ្នកដែលស្មោះត្រង់នឹងខ្លួន និងដៃគូនយោបាយជើងចាស់ ដូចជា សោ ភឹម ជាដើម។
រដ្ឋា លីជី អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ បានឆ្លើយថា៖ ១) ពាក្យថា សហករណ៍ មានន័យថាប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។ ២) បានជាខ្មែរក្រហមបង្កើតសហករណ៍ឡើង ព្រោះជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន លុបបំបាត់របបមូលធននិយម ហើយដើម្បីពង្រឹងវណ្ណៈ កម្មករ និងកសិករ។ ៣) ការងារក្នុងរបបខ្មែរក្រហម មានរយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ ហើយ៧ថ្ងៃក្នុងមួយសប្ដាហ៍។ ៤) បានជាខ្មែរក្រហមប្រើប្រាស់មង្គលការរួម ព្រោះមង្គលការរួមចំណេញពេលវេលា ដូច្នេះពេលវេលាដែលនៅសល់ត្រូវចំណាយលើការងារសហករណ៍។ ខ្មែរក្រហមបានហៅថា បដិវត្តន៍ «មហាលោតផ្លោះ មហាអស្ចារ្យ» ដែលពាក្យស្លោកនេះចម្លងចេញពីកម្មុយនីស្ដចិន។ ៥) បន្ទាប់ពី ការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ប្រជាជន និងអតីតកម្មាភិបាលនៅក្នុងភូមិភាគបូព៌ាថា បានសហការជាមួយវៀតណាមដែលឈានដល់ការចាប់ខ្លួន និងសម្លាប់អ្នកទាំងនោះអស់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់ដៃគូស្មោះត្រង់របស់ខ្លួនអស់ជាច្រើននាក់ទៀត។
ប៊ុន ស្រីពេជ្រ អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ បានឆ្លើយថា៖ ១) ពាក្យ សហករណ៍មានន័យថា ប្រជាជនរស់នៅរួមគ្នា ហូបចុករួមគ្នា ធ្វើការរួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។ ២) បានជាខ្មែរក្រហម បង្កើតសហករណ៍នេះឡើង ដើម្បីឱ្យមនុស្សចេះជួយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដ៏ទៃ។ ៣) ចំពោះការធ្វើការងារក្នុងរបបខ្មែរក្រហម មានរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ ៤) បានជាខ្មែរក្រហមប្រើប្រាស់ពិធីមង្គលការរួម ព្រោះបុរសនារីភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យរើសគូស្រករដោយខ្លួនឯងឡើយ។ ការរៀបចំគូស្រករនីមួយៗ ត្រូវបានចាត់តាំងឡើងដោយអង្គការ ដែលអះអាងថាជាឪពុកម្ដាយ ហើយការរៀបការពុំមានសាច់ញាតិណាម្នាក់បានចូលរួមឡើយ។ គូស្រករមួយចំនួនពុំដែលស្គាល់មុខអនាគត ប្ដី ឬប្រពន្ធខ្លួនទេ គឺស្គាល់នៅថ្ងៃដែលខ្មែរក្រហមរៀបការឱ្យតែម្ដង។ ៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តអំពើឃោរឃៅទៅលើប្រជាជនក្នុងភូមិភាគបូព៌ាដោយចោទថា បានសហការជាមួយវៀតណាម ហើយឈានដល់ការចាប់ខ្លួន។ ខ្មែរក្រហមបានសម្លាប់យោធា កម្មាភិបាល និងប្រជាជនភូមិភាគបូព៌ាអស់ជាច្រើននាក់ ហើយថែមទាំងសម្លាប់អ្នកដែលស្មោះត្រង់នឹងខ្លួនអស់ជាច្រើននាក់ទៀត។
ចុងបញ្ចប់នៃវេទិកាថ្នាក់រៀនរយៈពេលមួយព្រឹក សុខគា បានផ្តាំផ្ញើសិស្សឱ្យខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែម តាមរយៈការអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម ទស្សនាវដ្ដី និងសួរនាំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាសាច់ញាតិ និងអ្នកដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា ។
អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









