ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបង្ហាញពិព័រណ៍រូបថតប្រវត្តិសាស្រ្ត ផែនទី ផ្ទាំងគំនូរ ដល់គណៈប្រតិភូនៅថ្ងៃរំឭកខួប ទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចំនួន១៨៨នាក់ អញ្ជើញចូលរួម     ទស្សនាពិព័រណ៍រូបភាពផែនទី និង ផ្ទាំងគំនូរ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានជម្រាបប្រតិភូអំពីសាវតារនៃការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ទីតាំងមជ្ឈមណ្ឌលឯកសារកោះថ្មជាផ្លូវការ គឺក្នុងថ្ងៃរំឭកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ថ្ងៃ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម គឺចង់លើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងនឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងជំរុញយុវជនកុំឱ្យបំភ្លេចនូវសោកនាដកម្មដ៏រន្ធត់នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ដើម្បីសម្រេចគោលបំណងខាងលើមជ្ឈមណ្ឌលឯកសារកោះថ្មបាន និងកំពុងអនុវត្តនូវសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១) តាំងបង្ហាញរូបភាព ផែនទី ផ្ទាំងគំនូរទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានាដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។

២) លើកកម្ពស់សន្តិភាព និងការទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងការទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរដែលជាឱកាសសម្រាប់យុវជននៅតំបន់កោះថ្ម ក៏ដូចជាយុវជននៅតាមតំបន់ជនបទនានាឱ្យបានចូលរួម។

៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឱ្យចែករំលែក និងអប់រំយុវជនជំនាន់ក្រោយដែលជាកូនចៅរបស់ខ្លួនអំពីបទពិសោធន៍នៅក្នុងរបបខ្មែរក្រហម។

៤) ប្រមូលចងក្រងឯកសារអំពីទីតាំងប្រព្រឹត្តបទឧក្រិដ្ឋ និងសាច់រឿង ឬបទពិសោធន៍អ្នករស់រានមានជីវិត ដែលបានឆ្លងកាត់ក្នុងអំឡុងរបបខ្មែរក្រហម។

៥) ចូលរួមថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចស្ទៀងនៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ទាប់មក លោក ឡុង ដានី បាននាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើរទស្សនាពិព័រណ៌នៃបណ្តុំរូបថតចំនួន១៣៣ផ្ទាំង និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់  ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូប ចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

បន្ទាប់ពីទស្សនាពិព័រណ៍នៅមជ្ឈមណ្ឌលឯកសារកោះថ្មចប់ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើដំណើរដោយថ្មើរជើងចម្ងាយ១០គីឡូម៉ែត្រ ពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ដោយប្រើពេលវេលា២ម៉ោងនិង១០នាទី។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖