នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សចំនួន៤នាក់ មកពីអនុវិទ្យាល័យត្រពាំងប្រិយ៍ ក្នុងស្រុកអន្លង់វែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀន គឺលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើ វេទិកាថ្នាក់រៀនបានផ្តោតលើប្រធានបទស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្ខំឱ្យកុមារធ្វើការលើសកម្លាំង»។
បន្ទាប់ពីទទួលស្វាគមន៍សិស្សានុសិស្ស និងណែនាំខ្លួនរួច ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានសួរសំណួរស្ទាបស្ទង់ចំណេះដឹងទៅសិស្សានុសិស្សទាំងអស់ ទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ ក្នុងចំណោមសិស្សានុសិស្សទាំង៤នាក់ មានសិស្សឈ្មោះ បៀន ស្រីតី បានលើកឡើងពីការយល់ដឹងតាមរយៈជីតារបស់ខ្លួនប្រាប់ថា «ការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនមានការខ្វះខាតអាហារហូបចុក កុមារមិនទទួលបានការសិក្សារៀនសូត្រ គ្មានសិទ្ធិសេរីភាព និងធ្វើការគ្មានពេលឈប់សម្រាកគ្រប់គ្រាន់»។ រីឯសិស្សានុសិស្សមួយចំនួនទៀតបានលើកឡើងបន្ថែមពីទុក្ខលំបាករបស់សាច់ញាតិខ្លួនដែលបានឆ្លងកាត់របបខ្មែរក្រហមថា «មិនមានមធ្យោបាយធ្វើដំណើរ គ្មានភាពកក់ក្ដៅពីគ្រួសារ បាត់បង់ផ្ទះសម្បែង កុមារត្រូវបានបំបែកចេញពីឪពុកម្ដាយ និងមិនមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន»។
តមកក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានជ្រើសរើសយកប្រធានបទអំពី៖ «ការបង្ខំឱ្យកុមារធ្វើការងារជាទម្ងន់» មកបង្ហាញសិស្ស។ របបខ្មែរក្រហមបានឡើងកាន់អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដោយបានឆក់យកជីវិតកុមារ និងប្រជាជនស្លូតត្រង់ចន្លោះពី១.៧ លាននាក់ ទៅ ២.២ លាននាក់ តាមរយៈការបង្ខំឱ្យធ្វើការងារជាទម្ងន់ ការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ និងជំងឺ។ នៅក្នុងរបបខ្មែរក្រហម កុមារទាំងអស់ត្រូវបានបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅតាមកង និងបង្ខំឱ្យធ្វើការងារហួសកម្លាំង។ ខ្មែរក្រហមបានបិទសាលារៀនដែលជាតម្រូវការចាំបាច់សម្រាប់កុមារក្នុងការកសាងប្រទេសជាតិ។ ការបំបែកកុមារចេញពីឪពុកម្ដាយ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបំបាត់ផ្នត់គំនិតគ្រួសារបែបប្រពៃណី។ ខ្មែរក្រហមបានបំបែកកុមារដែលមានអាយុចាប់ពី៦-៧ឆ្នាំឡើងទៅឱ្យទៅរស់នៅ និងហូបចុកជារួមក្នុងកងកុមារ។ ការធ្វើបែបនេះគឺដើម្បីឱ្យកុមារមានភាពស្មោះត្រង់ជាមួយ «អង្គការ»។ កុមារទាំងអស់ត្រូវបានធ្វើទារុណកម្ម និងគំរាមកំហែង ប្រសិនបើកុមារធ្វើការយឺតយ៉ាវ ខ្ជិលច្រអូស ឬបង្ហាញការនឹករលឹកចំពោះឪពុកម្តាយ។ កុមារខ្លះត្រូវទទួលរងការស្តីបន្ទោស ការកាត់របបអាហារ ឬការវាយដំជាដើម។
ក្រោយរបបខ្មែរក្រហមដួលរលំ កុមារកម្ពុជារាប់សែននាក់បានបាត់បង់ឪពុកម្តាយ ក្លាយជាកុមារកំព្រា និងបាត់បង់ឱកាសសិក្សារៀនសូត្រ។ ជោគវាសនារបស់កុមារបានលិចបាត់ទៅក្នុងអំពើឃោរឃៅរបស់ខ្មែរក្រហម។ ដោយឡែកកុមារកម្ពុជាបច្ចុប្បន្នមិនដូចកុមារកម្ពុជាកាលពី៥០ឆ្នាំមុនឡើយ។ បច្ចុប្បន្ន កុមារទទួលបានការអប់រំល្អ រស់នៅសមរម្យ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងគិតគូរពីអនាគតរបស់ខ្លួននិងប្រទេសជាតិ។
ចុងបញ្ចប់នៃវេទិកាថ្នាក់រៀន សិស្សានុសិស្សទាំងបួននាក់ បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចតទៅ៖
បៀន ស្រីតី ភេទស្រី អាយុ១៤ឆ្នាំ គឺជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ លើកឡើងថា៖ «ខ្ញុំពិតជាមានការអាណិតអាសូរដល់លោកយាយលោកតាដែលធ្លាប់រស់នៅឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំបានដឹងថាអ្នករស់នៅក្នុងរបបខ្មែរក្រហមជួបនូវទុក្ខលំបាកជាច្រើនដូចជា ការហូបចុកមិនបានគ្រប់គ្រាន់ មិនមានដីធ្លីសម្រាប់ធ្វើស្រែចម្ការផ្ទាល់ខ្លួន។ បើប្រៀបធៀបនាពេលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាឆ្ងាយណាស់ ព្រោះសព្វថ្ងៃ ប្រជាជនមានសិទ្ធិសេរីភាព ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ ខ្ញុំយល់ថា យុវជនយុវនារីជំនាន់ក្រោយចាំបាច់ត្រូវតែសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរ ដើម្បីចៀសវាង និងស្វែងរកវិធីទប់ស្កាត់កុំឱ្យរបបនេះកើតមានម្ដងទៀត»។
ថន យឿន ភេទស្រី អាយុ១៤ឆ្នាំ បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ ព្រោះខ្ញុំចង់ស្វែងយល់ពីការគ្រប់គ្រងរបស់មេដឹកនាំ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម។ ខ្ញុំបានដឹងថាប្រជាជនរស់នៅក្នុងរបបផ្ដាច់ការត្រូវទទួលរងនូវភាពអយុត្តិធម៌ជាច្រើនដូចជា ការធ្វើការហួសកម្លាំង ការអត់អាហារ ការបែកបាក់គ្រួសារ និងគ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់។ ចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងរបបខ្មែរក្រហម គឺកុមារគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅ។
ថន វាសនា ភេទស្រី អាយុ១៤ឆ្នាំ បានរៀបរាប់ថា «ខ្ញុំពិតជាស្រណោះដល់កុមារកម្ពុជាទាំងអស់ ដែលធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម។ កុមារទាំងនោះមិនបានសិក្សារៀនសូត្រ ខ្វះភាពកក់ក្ដៅពីគ្រួសារ និងបាត់បង់សេរីភាពក្នុងការរស់នៅជាមូលដ្ឋាន។ កុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានស្ថានភាពខុសពីកុមារបច្ចុប្បន្ន ព្រោះកុមារសព្វថ្ងៃមានសិទ្ធិសេរីភាពក្នុងការរស់នៅពេញលេញ ទទួលបានការអប់រំទាំងភាសាជាតិ និងអន្តរជាតិ ព្រមទាំងមានអាហារហូបចុកគ្រប់គ្រាន់ សម្លៀកបំពាក់សមរម្យ ជាពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ»។
នូ ដានី ភេទស្រី អាយុ១៤ឆ្នាំ បង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំបានដឹងកាន់តែច្បាស់ពីការរស់នៅរបស់កុមារក្នុងរបបខ្មែរក្រហមដូចជា គ្មានការលេងកម្សាន្ត និងគ្មានការសម្រាកលំហែ។ ការលេងសើចត្រូវបានចាត់ទុកថាជា សកម្មភាពខ្ជះខ្ជាយពេលវេលា។ កុមារហូបតែបបររាវៗជាមួយអំបិល និងមិនគ្រប់គ្រាន់ឡើយ។ កុមារភាគច្រើនបានធ្លាក់ខ្លួនឈឺ ដោយសារខ្វះអាហារូបត្ថម្ភ។
អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










