សិស្សានុសិស្សនៅតាមបណ្តាកោះ នៃស្រុកបុរីអូរស្វាយសែនជ័យ ធ្វើទស្សនកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សិស្សានុសិស្សដែលរស់នៅតាមបណ្ដាកោះនានា នៃស្រុកបុរីអូរស្វាយសែនជ័យ មកទស្សនកិច្ចសិក្សានៅទីតាំង អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) តាមរយៈមធ្យោបាយដឹកជញ្ជូនតាមទូកចម្លងសហគមន៍អូរស្វាយ ឧបត្ដម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ច គឺធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សស្វែងយល់អំពីបេសកកម្មការងាររបស់ នៃអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត, អត្ថប្រយោជន៍នៃការប្រើប្រាស់ទូកចម្លងសហគមន៍ និងផែរង់ចាំ (បណ្ណាល័យបណ្ដែតទឹក)។

ជាកិច្ចចាប់ផ្ដើមនៃដំណើរទស្សនកិច្ច សិស្សានុសិស្ស ត្រូវបានស្វាគមន៍តាមរយៈជំនួបប្រជុំពីចម្ងាយជាមួយលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោក ស៊ាង ចិន្តា បានចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងប្រវត្តិសាស្រ្តសហគមន៍បុរីអូរស្វាយជូនទៅកាន់សិស្សានុសិស្ស។ ជាកិច្ចបន្ត លោក ស្រេង លីដា គឺជាបុគ្គលិកប្រចាំការិយាល័យ បានដឹកនាំសិស្សានុសិស្សទៅទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខ និងកម្រងឯកសារប្រវត្តិសាស្ត្រដ៏កម្រអំពីព្រះរាជជីវប្រវត្តិសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលនានា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់មានអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។

សូមរំឭកឱ្យដឹងថា កន្លងមករាល់ការធ្វើដំណើររបស់សិស្សានុសិស្សនៃស្រុកបុរីអូរស្វាយសែនជ័យ ដែលរស់នៅតាមកោះដាច់ស្រយាល ទៅកាន់សាលារៀន គឺដោយថ្មើរជើង ជិះកង់ និង ម៉ូតូ ក្រៅពីនោះគឺសិស្សានុសិស្សទាំងអស់ត្រូវជិះទូកឆ្លងកាត់ចរន្តទឹកទន្លេមេគង្គដែលពោរពេញទៅដោយហានិភ័យ និងចំណាយថវិកាច្រើន។ ទាំងនេះគឺជាមូលហេតុចម្បងដែលនាំឱ្យសិស្សានុសិស្សមួយចំនួនធំត្រូវបោះបង់ការសិក្សា។

ចំពោះបញ្ហាប្រឈមខាងលើនេះ ត្រូវបានដោះស្រាយ តាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានផ្តល់សេវាដឹកជញ្ជូនតាមទូកដោយឥតគិតថ្លៃ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅតាមបណ្ដាកោះឱ្យកាន់តែមានភាពប្រសើរជាងមុន។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិស្សានុសិស្សនោះទេ ប៉ុន្តែថែមទាំងធានាបាននូវការទៅសិក្សាជាប្រចាំ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សានុសិស្សកាន់តែល្អប្រសើរ។

បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សាបានបញ្ចប់ សិស្សានុសិស្សបានចូលរួមចែករំលែកបទពិសោធន៍ និងទស្សនយល់ឃើញរបស់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ កិន ហៀ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យបុរីអូរស្វាយសែនជ័យ។ បន្ទាប់ពីខ្ញុំបានស្ដាប់ការរៀបរាប់អំពីប្រវត្តិសាស្ត្រសហគមន៍បុរីអូរស្វាយរួចមក ខ្ញុំមានក្ដីស្រមៃចង់ឃើញសហគមន៍នេះរុងរឿង មានការអភិវឌ្ឍន៍ និងរីកចម្រើន ដូចសម័យសង្គមរាស្រ្តនិយម។ ប្រសិនបើមិនមានរបបខ្មែរក្រហម ខ្ញុំគិតថា ប្រទេសកម្ពុជានឹងលូតលលាស់ និងជឿនលឿន។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់សេវាទូកចម្លងដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ខ្ញុំមកសាលារៀន និងលែងមានភាពលំបាកដូចកាលពីមុនទៀត។ ខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកជួយអភិវឌ្ឍន៍សហគមន៍ខ្ញុំ។

ខ្ញុំឈ្មោះ ពីង ទីង រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យបុរីអូរស្វាយសែនជ័យ។ ថ្ងៃនេះខ្ញុំសប្បាយរីករាយ បន្ទាប់ពីបានជួបប្រជុំពីចម្ងាយជាមួយលោក ស៊ាង ចិន្តា ដែលបានធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តសហគមន៍បុរីអូរស្វាយ។ ក្រៅពីនេះ ខ្ញុំបានដឹងអំពីគម្រោងដាំម្នាស់ទឹកឃ្មុំ នៅបរិវេណអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ ខ្ញុំរីករាយ នឹងចូលរួមស្ម័គ្រចិត្តក្នុងកិច្ចការងារដាំម្នាស់នាពេលខាងមុខ ពីព្រោះដំណាំនេះអាចជួយជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់វិស័យកសិឧស្សាហកម្មកម្ពុជា។ ជាចុងក្រោយ ខ្ញុំអរគុណបំផុតចំពោះការយកចិត្តទុកដាក់លើការសិក្សារបស់ខ្ញុំ និងមិត្តភក្តិផ្សេងទៀតដែលរស់នៅតាមបណ្ដាកោះ ជាពិសេសការផ្ដល់សេវាជិះទូកចម្លងសហគមន៍ ដែលជួយខ្ញុំ និងមិត្តភក្តិខ្ញុំផ្សេងទៀតមកសាលារៀនបានទៀងទាត់ និងមានសុវត្ថិភាព។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖