ម្នាស់ទឹកឃ្មុំនៃខេត្តស្ទឹងត្រែង នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ

ដំណាំម្នាស់នៅប្រទេសកម្ពុជាគឺជាផលិតផលសក្តានុពលសម្រាប់កសិឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រទេសកម្ពុជាមានអាកាសធាតុត្រូពិច (ក្ដៅសើម) និងដីសម្បូរជីវជាតិ ដែលជាកត្តាអំណោយផលល្អប្រសើរសម្រាប់ការដាំដុះម្នាស់។ បើទោះបីជាម្នាស់អាចដាំដុះបាននៅលើដីគ្រប់ប្រភេទយ៉ាងណាក៏ដោយ ម្នាស់អាចលូតលាស់ល្អបំផុតនៅលើដីទួលដែលមានប្រព័ន្ធរំដោះទឹកល្អ ដូចជា ខេត្តស្ទឹងត្រែង។ ម្នាស់ជាច្រើនប្រភេទត្រូវបានដាំដុះនៅប្រទេសកម្ពុជា ដែលក្នុងនោះរួមមានម្នាស់ទឹកឃ្មុំ ម្នាស់ស្ករ និងម្នាស់កែវ ជាដើម។

ម្នាស់ (ឈ្មោះវិទ្យាសាស្ត្រ «Ananas comosus») គឺមិនមែនជាដំណាំកសិកម្ម ដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែម្នាស់បានក្លាយជាផ្នែកមួយដ៏សំខាន់នៃវិស័យកសិកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៌ម្ហូបអាហាររបស់ប្រទេសកម្ពុជាអស់រយៈពេលរាប់សតវត្សរ៍មកហើយ។ ផ្អែកតាមការសិក្សាស្រាវជ្រាវផ្នែករុក្ខជាតិវិទ្យា ម្នាស់គឺមានដើមកំណើតនៅតំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ)។ ម្នាស់ត្រូវបាននាំចេញពីតំបន់អាមេរិកខាងត្បូង តាមរយៈការធ្វើដំណើររបស់លោក Christopher Columbus ទៅកាន់តំបន់អឺរ៉ុប។ ក្រោយមកទៀត ជនជាតិអេស្ប៉ាញ និងព័រទុយហ្គាល់ បាននាំយកម្នាស់ចូលមកកាន់តំបន់អាស៊ី នៅអំឡុងសតវត្សរ៍ទី១៦។ ប្រទេសកម្ពុជា ចាប់ផ្តើមស្គាល់ និងដាំដុះម្នាស់ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយជនជាតិអឺរ៉ុប និងចិន នៅសម័យក្រោយអង្គរ។

ម្នាស់ត្រូវបានដាំដុះជាលក្ខណៈគ្រួសារនៅតាមភូមិឋាន។ រហូតមកដល់សម័យសង្គមរាស្រ្តនិយម សម្ដេចព្រះ នរោត្តម សីហនុ បានចាប់ផ្ដើមកសិឧស្សាហកម្មកែច្នៃនៃដំណាំម្នាស់។ នៅឆ្នាំ១៩៦៥ សម្ដេចព្រះ នរោត្តម សីហនុ បានដាំដុះម្នាស់សម្រាប់ផលិតផលកសិឧស្សាហកម្មកែច្នៃ នៅស្រុកចំការលើ ខេត្តកំពង់ចាម និងខេត្តកំពត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាក់ស្ដែង ម្នាស់កម្ពុជាត្រូវបាននាំចេញទៅផ្គត់ផ្គង់ទីផ្សារនៅប្រទេសសិង្ហបុរីជាបន្តបន្ទាន់។ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) ដំណាំម្នាស់ ស្ទើរតែបាត់បង់ប្រវត្តិនៅក្នុងវិស័យកសិកម្ម និងមិនត្រូវបានដាំដុះឡើងវិញនោះទេ ដោយហេតុថាមិនមានទីផ្សារនិងមិនមានប្រព័ន្ធកសិកម្មគ្រប់គ្រាន់ ។  សព្វថ្ងៃនេះប្រជាកសិករកម្ពុជាចាប់ផ្ដើមដំាដុះម្នាស់ឡើងវិញ នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ឱជារសរបស់ម្នាស់ ប្រែប្រួលពីជូរអែមទៅជាផ្អែមមុត ទៅតាមកត្តាដី និងអាកាសធាតុ។ម្នាស់មួយប្រភេទក្នុងចំណោមម្នាស់ទាំងអស់ដែលមានឱជារសគួរឱ្យកត់សម្គាល់បំផុតនោះគឺ«ម្នាស់ទឹកឃ្មុំ» ដែលដាំដុះនៅខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។

ម្នាស់ទឹកឃ្មុំនៃខេត្តស្ទឹងត្រែង ត្រូវបានទទួលស្គាល់ពីលក្ខណៈសម្បត្តិពិសេសនោះគឺំំរសជាតិផ្អែមមុតដូចទឹកឃ្មុំ ក្លិនក្រអូប និងសាច់ពណ៌លឿងដុំៗដូចមាស។ ម្នាស់ទឹកឃ្មុំនៃខេត្តស្ទឹងត្រែង ក្លាយជាផលិតផលកសិកម្មសរីរាង្គដ៏សំខាន់មួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិត ទឹកម្នាស់ ស្រាម្នាស់ ម្សៅម្នាស់សរីរាង្គ និងម្នាស់ស្ងួត ដើម្បីផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ការបន្តដាំដុះ និងការនាំចេញម្នាស់គឺមិនត្រឹមតែជួយពង្រឹងវិស័យកសិឧស្សាហកម្មរបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីកេរដំណែលនៃវិស័យកសិកម្មនៅសម័យសង្គមរាស្ត្រនិយម និងការវិលត្រឡប់មកវិញនៃមូលដ្ឋានគ្រឹះកសិឧស្សាហកម្ម នៅប្រទេសកម្ពុជា ក្រោយពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ម្នាស់កម្ពុជាគឺជាផលិតផលមួយដ៏លេចធ្លោនិងមានសក្ដានុពលខ្ពស់សម្រាប់អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

អត្ថបទ ៖ ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖