វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហមផ្តោតលើប្រធានបទ ៖ «ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងភាពជាអ្នកដឹកនាំរបស់យុវជនជំនាន់ក្រោយ» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ចំនួន១១នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ «ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» និង «ភាពជាអ្នកដឹកនាំរបស់យុវជនជំនាន់ក្រោយ»។ គោលបំណងនៃវេទិកាថ្នាក់រៀននេះ គឺជំរុញឱ្យសិស្សា​នុសិស្សស្វែងយល់បន្ថែមពីព្រឹត្តិការណ៍ដែលនាំឱ្យកើតមានអំពើប្រល័យពូជសាសន៍ខ្មែរក្រហម​ ដែលបានសម្លាប់មនុស្សអស់ប្រមាណជាងពីរលាននាក់ ត្រឹមតែក្នុងរយៈពេលជាងបីឆ្នាំនៃការកាន់អំណាចរបស់ខ្លួន។ វេទិកានេះបានផ្តល់ឱកាសដល់សិស្សានុសិស្ស សិក្សាពីគន្លឹះសំខាន់ៗ និងចាំបាច់មួយចំនួន ដើម្បីតម្រង់ទិសនិងអភិវឌ្ឍន៍សមត្ថភាពខ្លួន ទៅជាយុវជនឆ្នើម និងជាអ្នកដឹកនាំនាពេលអនាគត។

វេទិកាថ្នាក់រៀន បានចាប់ផ្ដើមដោយការពិភាក្សារវាងគ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ជាមួយសិស្សានុសិស្ស ទាក់ទងនឹងរបបខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានរៀបរាប់ថា នៅសល់តែរយៈពេលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ គឺត្រូវជាខួបលើកទី៥៦ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ ឆ្លៀតឱកាសនេះ លោក ផេង ពង្សរ៉ាស៊ី បានសួរសំណួរទៅកាន់សិស្សទាក់ទងនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដើម្បីឱ្យសិស្សនៅក្នុងថ្នាក់ពិភាក្សាគ្នា។

បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី ចាប់ផ្តើមពន្យល់ពីមូលហេតុដែលនាំឱ្យកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយលើកឡើងថា បណ្តាលមកពីស្ថានភាពយោធា គឺវត្តមានកងទ័ពវៀតណាមខាងជើង និងកងទ័ពវៀតកុងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម, កត្តាសេដ្ឋកិច្ច (គោលនយោបាយជាតូបនីយកម្មធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ អតិផរណា អំពើពុករលួយ) និង កត្តានយោបាយ (ក្រុមស្តាំនិយម និងក្រុមឆ្វេងនិយមចង់ផ្លាស់ប្តូររបបនយោបាយកម្ពុជាឱ្យងាកទៅរកនិន្នាការនយោបាយដែលក្រុមនីមួយៗចង់បាន ក្រៅពីគោលនយោបាយអព្យាក្រឹត)។ លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកឡើងពីឥទ្ធិពលនៃការធ្វើរដ្ឋប្រហារដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនោះ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញពីព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកនាដើមទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានស្ងប់ស្ងាត់ជាង៥០ឆ្នាំកន្លងមកហើយនៅប្រទេសកម្ពុជា ប៉ុន្តែស្លាកស្នាមប្រវត្តិសាស្ត្រនៅតែដិតដាមជាប់ក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច។ លោក ផេង ពង្សរ៉ាស៊ី បានប្រៀបធៀប ដោយបានលើកឡើងពីការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះ ដែលជាការបង្កហេតុដោយភាគីថៃក្នុងសង្គ្រាមឈ្លានពានប្រទេសកម្ពុជា និងបង្កជាវិនាសកម្មសារជាថ្មីម្តងទៀតក្នុងសតវត្សរ៍នៃបច្ចេកវិទ្យា មកលើប្រជាជនកម្ពុជាដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

មុននឹងបញ្ចប់វេទិកាថ្នាក់រៀន​ លោក ផេង ពង្សរ៉ាស៊ី បានលើកឡើងពីផលលំបាករយៈពេលវែងនៃសង្គ្រាមនៅកម្ពុជា ដែលបណ្តាលមកពីរដ្ឋប្រហារ និងការឈ្លានរបស់ថៃ។ រដ្ឋប្រហារ គឺមិនមែនត្រឹមតែជាការផ្លាស់ប្តូរមេដឹកនាំតែប៉ុណ្ណោះទេ ប៉ុន្តែគឺវាជាមូលហេតុដែលអូសទាញប្រទេសកម្ពុជាចូលក្នុងភ្លើងសង្គ្រាម ហើយជាឫសគល់ដែលនាំឱ្យកើតមានរបបប្រល័យពូជសាសន៍នៅកម្ពុជាដែរ។ មូលហេតុនៃឈ្លានពានរបស់ថៃ គឺជាការប៉ុនប៉ងដោយបានគ្រោងទុកជាយូរមកហើយពីសំណាក់សត្រូវ ហើយបានធ្វើឱ្យប្រទេស និងប្រជាជនកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច រាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សមត្ថភាពយោធា ដែលត្រូវចំណាយពេលវេលាវែងក្នុងការស្តារឡើងវិញ។

ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអំពើឈ្លានពាន លោក ផេង ពង្សរ៉ាស៊ីបានណែនាំដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រពីប្រវត្តិសាស្រ្តរបស់ខ្លួន និងត្រៀមខ្លួនទប់ស្កាត់អំពើឃោរ​ឃៅដែលនាំដល់ការកាប់សម្លាប់ប្រជាជន និងការបំផ្លិចបំផ្លាញប្រទេសជាតិ។

ចំណាប់អារម្មណ៍របស់សិស្ស

ខ្ញុំឈ្មោះ ហន លក្ខិណា អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ នៅពេលដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដំបូង ខ្ញុំមានអារម្មណ៍ប្លែក និងទទួលបាននូវបទពិសោធន៍ថ្មីៗ ជាពិសេសទទួលបានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមបានច្រើនជាងមុន។ នៅក្នុងចំណោមមេរៀនដែលគ្រូបានបង្រៀនខ្ញុំនៅថ្ងៃនេះ ខ្ញុំមានការចាប់អារម្មណ៍ទៅលើមេរៀន រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅពេលនោះ សម្តេចព្រះ នរោត្តម សីហនុ កំពុងតែដឹកនាំប្រទេសកម្ពុជា ស្រាប់តែក្រុមឆ្វេងនិយម និងក្រុមស្តាំនិយម បានទាញទម្លាក់ព្រះអង្គចេញពីតំណែង និងឈានដល់ការធ្វើរដ្ឋប្រហារ។ សេនាប្រមុខ លន់ នល់ គឺជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយសារតែមានក្រុមឆ្វេងនិយម និងក្រុមស្តាំនិយម ចោទសម្តេចថា មានទំនាក់ទំនងជាមួយវៀតណាម ដែលជាហេតុធ្វើឱ្យវៀតណាមមករស់នៅលើទឹកដីប្រទេសកម្ពុជាកាន់តែច្រើន។ សេនាប្រមុខ លន់ នល់ បានដឹកនាំប្រទេសមួយរយៈពេលខ្លី ហើយមិនយូរប៉ុន្មានខ្មែរក្រហមបានឡើងដឹកនាំប្រទេសកម្ពុជា។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ប្រជាជនកម្ពុជាជួបការលំបាកវេទនា ដូចជា ធ្វើការងារហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងត្រូវបានសម្លាប់យ៉ាងរង្គាល។ ចំណែកមេរៀនទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់យុវជន ខ្ញុំយល់ថាល្អខ្លាំងណាស់ព្រោះពាក់ព័ន្ធទៅនឹងសង្គមជាក់ស្តែង ឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ត្រូវខិតខំរៀនសូត្រ មានសីលធម៌ល្អក្នុងការរស់នៅ និងចេះគោរពដល់អ្នកដទៃ ព្រោះអ្នកដឹកនាំល្អគឺត្រូវតែមានចំណេះដឹង។ ខ្ញុំនឹងខិតខំសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៅក្នុងអតីតកាល និងបច្ចុប្បន្នដើម្បីជួយសង្គមជាតិទាំងមូលឱ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរជាងនេះ។ ជាចុងក្រោយ ខ្ញុំចង់ផ្តាំផ្ញើទៅប្អូនៗឱ្យខិតខំរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីកុំឱ្យការកាប់សម្លាប់កើតឡើងម្តងទៀត ព្រោះប្រជាជនកម្ពុជាបានជួបការលំបាកច្រើនមកហើយ។

ខ្ញុំឈ្មោះ ថន ស្រីនីត អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែនកំពង់លាវ។ នេះគឺជាលើកទី១របស់ខ្ញុំដែលបានមកសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ខ្ញុំចាប់អារម្មណ៍ខ្លាំងលើរូបថតប្រវត្តិសាស្ត្រ ដែលក្រុមការងារបានពន្យល់ខ្ញុំពីព្រឹត្តិការណ៍នៃផ្ទាំងរូបថតទាំងនេះ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយ និង ប្អូនៗ មកសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដូចខ្ញុំដែរ។ ខ្ញុំសប្បាយរីករាយ និងលាយឡំជាមួយភាពសោកសៅនៅពេលដឹងរឿងរ៉ាវដែលប្រជាជនកម្ពុជាបានជួបប្រទះក្នុងរបបខ្មែរក្រហម។ យាយទួតរបស់ខ្ញុំម្នាក់ត្រូវខ្មែរក្រហមបានបាញ់សម្លាប់។ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា គ្រាប់កាំភ្លើងដែលខ្មែរក្រហមបាញ់សម្លាប់យាយទួតរបស់ខ្ញុំ បានខ្ទាតមកត្រូវយាយរបស់ខ្ញុំម្នាក់ទៀត បណ្តាលឱ្យមានស្លាកស្នាមរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំចង់សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រោះបានធ្វើឱ្យខ្ញុំយល់កាន់តែយល់ច្បាស់បន្ថែមទៀតពីប្រទេសជាតិ ហើយខ្ញុំក៏បានត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាក់ទងនឹងមុខវិជ្ជាប្រវត្តិសាស្ត្រនៅពេលខាងមុខដែរ។  ខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងជួយអភិវឌ្ឍន៍សង្គមជាតិឱ្យបានជឿនលឿន។ ប្រសិនបើមានពេលទំនេរ ខ្ញុំនឹងមកអានឯកសារ និងទស្សនាខ្សែភាពយន្តឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងម្តងទៀត។

អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖