ខ្ញុំឈ្មោះ ប៉ែន រិទ្ធី អាយុ៦១ឆ្នាំ កើតនៅស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិជោគជ័យ (អតីតជំរំណងចាន់) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅឆ្នាំ១៩៨៩ ខ្ញុំបានចេញពីភូមិកំណើតក្នុងគោលបំណងមករកស៊ី និងរស់នៅជំរំណងចាន់ (បច្ចុប្បន្នភូមិជោគជ័យ)។ ដំបូងជំរំណងចាន់ ស្ថិតក្រោមការគ្រប់គ្រងដោយទាហានប៉ារ៉ា។ នៅឆ្នាំ១៩៩១ ខ្ញុំបានចូលធ្វើទាហានប៉ារ៉ាប្រចាំនៅជំរំណងចាន់។ នៅឆ្នាំ១៩៩១ ដដែល ខ្ញុំបានរៀបការប្រពន្ធ និងបានសង់ផ្ទះរស់នៅក្នុងជំរំណងចាន់ជាមួយប្រជាជនដទៃទៀត។ បន្ទាប់ពីបោះឆ្នោតសកលឆ្នាំ១៩៩៣ ខ្ញុំ និងទាហានប៉ារ៉ាដទៃទៀតត្រូវបញ្ចូលទៅក្នុងកងពលលេខ១២ នៃកងយោធពលខេមរភូមិន្ទ រហូតដល់ខ្ញុំចូលនិវត្តន៍នៅឆ្នាំ២០១២។
បើតាមខ្ញុំនៅចង់ចាំប្រវត្តិភូមិជោគជ័យមានដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៩៩២ អង្គការសហប្រជាជាតិ បានជិះឧទ្ធម្ភាគចក្រចំនួន២គ្រឿងមកចុះចតនៅក្នុងវត្តជំរំណងចាន់។ បន្ទាប់មក អង្គការសហប្រជាជាតិបានសាងសង់សាលារៀនមួយខ្នងអំពីឈើ ដោយដាក់ឈ្មោះថា សាលាបឋមសិក្សាភូមិជោគជ័យ។ ចាប់តាំងពីពេលនោះមកជំរំណងចាន់ត្រូវហៅជាផ្លូវការថា ភូមិជោគជ័យ ចំណុះឱ្យឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ១៩៩២ ប្រជាជនបានជ្រើសរើសឈ្មោះ វឿន ដែលជាទាហានប៉ារ៉ាប្រចាំនៅជំរំណងចាន់ ឱ្យធ្វើជាមេភូមិជោគជ័យ។
នៅឆ្នាំ១៩៩៤ ប្រជាជនភូមិជោគជ័យ បានជ្រើសរើស ឈ្មោះ គង់ ឆន ដែលជាអតីតទាហានប៉ារ៉ានៅជំរំណងចាន់ម្នាក់ទៀត មកធ្វើមេភូមិជោគជ័យជំនួសឈ្មោះ វឿន ដែលបានផ្លាស់ទៅធ្វើទាហាននៅក្នុងកងពល១២ នៅកូនដំរី ស្រុកអូរជ្រៅវិញ។
នៅឆ្នាំ១៩៩៤ កងទ័ពខ្មែរក្រហមនៅភ្នំឆ័ត្របានមកវាយដុតផ្ទះប្រជាជនឆេះអស់មួយចំនួន ដោយ សារតែកងទ័ពរាជរដ្ឋាភិបាលកម្ពុជាបានទៅវាយកងទ័ពខ្មែរក្រហមនៅភ្នំឆ័ត្រ។ បន្ទាប់មកប្រជាជនត្រឡប់មករស់នៅក្នុងភូមិជោគជ័យកាន់តែច្រើន គឺមានចំនួនជិត៣០០គ្រួសារ ក្នុងចំណោមនោះមានអតីតជនភៀសខ្លួននៅជំរំណងចាន់មានប្រមាណ៣៥ភាគរយ។
នៅឆ្នាំ១៩៩៥ លោក មាស សំអុល បានឡើងធ្វើមេភូមិជោគជ័យជំនួស លោក គង់ ឆន ដែលបានលាឈប់ពីតួនាទី។ នៅឆ្នាំ១៩៩៦ ភូមិជោគជ័យត្រូវបានផ្ទេរពីឃុំនិមិត្តមកស្ថិតនៅក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅវិញ។ នៅឆ្នាំ២០០៩ លោក សៅ សាម៉េត បានឡើងធ្វើមេភូមិជោគជ័យបន្តពីលោក មាស សំអុល។ ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ លោក សួន សឿន គឺជាមេភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នខ្ញុំ ប៉ែន រិទ្ធី គឺជាមេភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃ ប្រជាជនរស់នៅភូមិជោគជ័យមានចំនួសរុប៧៣២គ្រួសារស្មើនឹង២៥៥៤នាក់ ក្នុងនោះមានស្រ្តីមានចំនួន១៣២២នាក់។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបានចូលមកដាក់លួសបន្លាហ៊ុមព័ទ្ធយកផ្ទះប្រជាជនចំនួន៦គ្រួសារ៖ ទី១) គ្រួសារលោក តុល ដាវី ទី២) គ្រួសារលោក ចាន់ បូនី ទី៣) គ្រួសារលោក ស្រី ទាវ ទី៤) គ្រួសារលោក មាស សាវឿន ទី៥)គ្រួសារលោក អ៊ុន ដា និងទី៦) គ្រួសារលោក តុល សាវី ។ ផ្ទៃដីសរុបដែលទាហានថៃបានចូលមកដាក់លួសបន្លាហ៊ុមព័ទ្ធ យកនៅភូមិជោគជ័យមានចំនួនជាង៤២ហិកតា។
ចំពោះសកម្មភាពដែលទាហានថៃបានចូលមកដាក់លួសបន្លាហ៊ុមព័ទ្ធយកផ្ទះ និងដីប្រជាជននៅភូមិជោគជ័យនេះ គឺជាអំពើរំលោភច្បាប់អន្តរជាតិ ពីព្រោះជាដីរបស់ប្រទេសកម្ពុជា។ ខ្ញុំបាទតំណាងឱ្យប្រជាជនភូមិជោគជ័យសូមឱ្យអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមហាអំណាចជួយរកយុត្តិធម៌ដល់ប្រជាជនភូមិជោគជ័យផង។ ខ្ញុំសូមឱ្យអស់លោកវិនិច្ឆ័យមើលថា តើថៃ ឬកម្ពុជាជាជនរងគ្រោះនៃអំពើឈ្លានពាននេះ? បច្ចុប្បន្នប្រជាជនភូមិជោគជ័យរងផលប៉ះពាល់ទាំងផ្លូវចិត្ត និងជីវភាពរស់នៅ។ ប្រជាជនមានការព្រួយបារម្ភខ្លាចបាត់បង់ដី និងផ្ទះ មិនហ៊ានចេញទៅប្រកបការងារនៅទីឆ្ងាយ សម្រាប់ចិញ្ចឹមជីវិត ប្រចាំថ្ងៃឡើយ។ ពេលយប់ទាហានថៃបានចាក់សំឡេងខ្មោច សំឡេងស៊ីរ៉េន សំឡេងរំខានផ្សេងៗមិនឱ្យអ្នកភូមិសម្រាកឡើយ។ ប្រសិនបើបញ្ហានេះចេះតែអូសបន្លាយកាន់តែយូទៅៗ អ្នកភូមិជោគជ័យកាន់តែរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅៗ។
អត្ថបទ ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



