“ប្រទេសថៃត្រូវតែទទួលខុសត្រូវ ហើយការដាក់ឲ្យទទួលបន្ទុកចំពោះអំពើរបស់ខ្លួន ត្រូវតែភ្ជាប់ទៅនឹងការផ្តល់សំណង”
បទឈប់បាញ់គឺជាអ្វីដែលគួរឱ្យស្វាគមន៍ ហើយកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយគឺជាអ្វីដែលគួរឱ្យស្វាគមន៍ទៅទៀត ប៉ុន្តែសម្រាប់ទស្សនៈរបស់ប្រទេសកម្ពុជានិងសហគមន៍អន្តរជាតិ អ្វីដែលសម្រេចបានទាំងនេះ គឺប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ជម្លោះនេះមិនបានចាប់ផ្តើម ហើយក៏មិនត្រូវបានអូសបន្លាយដោយប្រទេសកម្ពុជាដែរ។ ខណៈពេលដែលការបញ្ចប់ជម្លោះគឺជាគោលដៅបន្ទាន់ ប៉ុន្តែវាគឺមិនមែនជាគោលដៅសំខាន់ចុងក្រោយនោះទេ។
វាហាក់ដូចជាមានជំនឿកាន់តែច្រើនឡើងថា បទឈប់បាញ់ រួមទាំងសន្តិភាពនឹងមិនអាចកែប្រែអ្វីឡើយ កុំថាឡើយធ្វើឱ្យធូរស្រាលឡើងវិញនូវវិបត្តិមនុស្សធម៌ដ៏មហន្តរាយដែលកើតមានឡើងទាំងសងខាងព្រំដែននៃប្រទេសទាំងពីរ។ វាប្រហែលជាមិនសមរម្យនោះទេ ក្នុងការមើលរំលងនូវការពិត ដែលមានភស្តុតាងជាក់ស្ដែងបញ្ជាក់ថា ជម្លោះនេះត្រូវបានបង្កឡើងដោយរបៀបវារៈរបស់ក្រុមជាតិនិយមថៃមួយចំនួន ហើយភាគច្រើនគឺក្រុមយោធាថៃ។
ខ្ញុំគិតថាបទឈប់បាញ់ដែលបានស្នើឡើងនេះនឹងមិនឋិតថេរនោះទេ ប៉ុន្តែប្រសិនបើវាគឺជាការពិតវិញនោះ ខ្ញុំយល់ឃើញថាវាគឺជាជំហានមួយឈានទៅមុខ។ ខ្ញុំសូមកោតសរសើរដល់មន្ត្រីទាំងអស់ដែលទទួលខុសត្រូវក្នុងការអនុវត្ត តំណាងឱ្យរដ្ឋមួយដែលមានភាពចាស់ទុំ។ ខ្ញុំគិតបន្ថែមទៀតថាបទឈប់បាញ់បណ្ដោះអាសន្នណាមួយគឺមិនអាចនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។ ប្រទេសថៃមិនអាចមានសន្តិភាពជាមួយប្រទេសកម្ពុជាបានទេ លុះត្រាតែប្រទេសថៃមានសន្តិភាពសម្រាប់ខ្លួនឯង ហើយសន្តិភាពនេះនឹងមិនកើតមានឡើងទេ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ២០២៦។ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ក៏ដោយ ខ្ញុំមិនយល់ឃើញថាវាគ្រប់គ្រាន់នោះទេ។
ប្រទេសថៃត្រូវតែទទួលខុសត្រូវនូវរាល់សកម្មភាពរបស់ខ្លួន រួមទាំងការផ្តល់សំណងដល់ប្រជាជនខ្មែរដែលទទួលរងផលប៉ះពាល់ដោយវិបត្តិសង្គ្រាម។ បន្ថែមពីនេះ វាគួរតែមានគណៈកម្មការស្វែងរកការពិតមួយដែលឯករាជ្យ និងដឹកនាំដោយសង្គមស៊ីវិល បង្កើតឡើងសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។ ជាការពិតណាស់ ប្រសិនបើប្រទេសកម្ពុជាមិនបានអនុវត្តតាមកម្រិតស្តង់ដារអន្តរជាតិឱ្យបានពេញលេញទេ បញ្ហាទាំងនេះក៏គួរតែស្ថិតក្រោមការតាមដាននិងត្រួតពិនិត្យដោយគណៈកម្មការនេះដែរ។
នេះគឺមិនមែនជាលក្ខខណ្ឌមួយសម្រាប់ស្វែងរកសន្តិភាពទេ ប៉ុន្តែវាគឺជាលក្ខខណ្ឌមួយដើម្បីទប់ស្កាត់សង្គ្រាមនាពេលបច្ចុប្បន្ន និងទៅអនាគត។ សន្តិភាពក៏ដូចជាសង្គ្រាមដែរ គឺទាមទារឱ្យមានការដឹកនាំដ៏ឆ្នើម ហើយការស្វែងរកសន្តិភាពរវាងប្រជាជាតិនិងប្រជាជាតិ គឺត្រូវទាមទារឱ្យមានការទទួលខុសត្រូវនៅក្នុងជម្លោះនេះ ដែលមិនស្ថិតក្រោមភាពចង្អៀតចង្អល់នៃជាតិនិយមឡើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្តាញសារព័ត៌មានកម្ពុជា



