សិស្សវិទ្យាល័យអង្គអណ្តែត សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេទិកាថ្នាក់រៀនមួយ ត្រូវបានរៀបចំឡើងក្នុងបន្ទប់ប្រជុំនៃវិទ្យាល័យអង្គអណ្តែត ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វេទិកានេះមានការចូលរួមពីសិស្សានុសិស្សរៀនថ្នាក់ទី១២ ចំនួន៩៦នាក់។ គោលបំណងនៃវេទិកា គឺផ្តោតលើការពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទីតាំងប្រល័យពូជសាសន៍ខ្មែរក្រហមនៅវត្តភ្នំចចក ស្ថិតក្នុងឃុំតាំងយ៉ាប។ ការប្រព្រឹត្តទៅនៃវេទិកានេះ គឺស្ថិតក្រោមការសហការយ៉ាងជិតស្និទ្ធពីអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស និងវិទ្យាល័យ អង្គអណ្តែត។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការរួមគ្នាដោយផ្ទាល់ជាមួយប្រធានអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្រុកព្រៃកប្បាស និងនាយកវិទ្យាល័យអង្គអណ្តែត ដើម្បីបុព្វហេតុថែរក្សាសន្តិភាព និងការចងចាំជារួមអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានកើតឡើងកាលពី៥០ឆ្នាំមុន។

វេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តខ្មែរក្រហម បានចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹក ដោយមានលោកគ្រូ អៀ សុផល នាយកវិទ្យាល័យអង្គអណ្តែត ផ្ដើមបើកវេទិកាដោយការថ្លែងជារបាយការណ៍ខ្លីអំពីបច្ចុប្បន្នភាពនៃស្ថានភាពវិទ្យាល័យ ចំនួនគ្រូបង្រៀន និងចំនួនសិស្សនៅក្នុងវិទ្យាល័យអង្គអណ្តែត។ បន្ទាប់មក លោក ហុក មួន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ក្នុងនាមជាអ្នកគ្រប់គ្រងយុវជនស្រុក បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលតែងតែផ្តល់ការអប់រំ និងផ្តល់ឱកាសដល់យុវជនស្រុកនូវកិច្ចការងារស្ម័គ្រចិត្តដើម្បីបម្រើដល់សហគមន៍ ជាពិសេសការសន្ទនាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ហុក មួន បានផ្តាំផ្ញើ និងទូន្មានយុវជនជាសិស្សានុសិស្សទាំងអស់ ឱ្យចេះស្រឡាញ់ប្រវត្តិសាស្ត្រ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចៀសវាងពីការប្រើប្រាស់អំពើហិង្សា សេពគ្រឿងញៀន លេងល្បែងដែលរដ្ឋហាមឃាត់ និងសេពគប់ក្មេងទំនើង។ លោកក៏បានសង្កត់ធ្ងន់ពីគន្លឹះសំខាន់ៗមួយចំនួនដែលយុវជនទាំងអស់អាចធ្វើបាន ដើម្បីក្លាយខ្លួនជាយុវជនគំរូសម្រាប់បងប្អូន មិត្តភក្តិ គ្រួសារ គ្រូបង្រៀន និងសហគមន៍។ លើសពីនេះទៀត លោក ហុក មួន បានបន្ថែមថា នៅពេលដែលយុវជនទាំងអស់ក្លាយជាយុវជនគំរូ នោះគ្រួសារ សាលារៀន និងសហគមន៍ក៏ជាគំរូល្អដែរ ហើយទង្វើទាំងអស់នេះពិតជាបានចូលរួមក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

បន្ទាប់មក គឺជាការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជានាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងព្រៃវែង។ ដំបូងលោក ផេង ពង្សរ៉ាស៊ីបានថ្លែងអំណរគុណចំពោះការសហការដ៏ជិតស្និទ្ធរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងនាយកវិទ្យាល័យអង្គអណ្តែត ដែលបានផ្តល់ពេលវេលាសម្រាប់ការចូលរួមធ្វើបទបង្ហាញ រួចហើយលោកក៏បានចាប់ផ្តើមធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទីតាំងប្រល័យពូជសាសន៍នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។ ដើម្បីជាភាពងាយស្រួលលោក ផេង ពង្សរ៉ាស៊ី បានលើកយកសំណួរចំនួនពីរសួរទៅកាន់សិស្សានុសិស្សគឺ៖ ១) តើមានប្រជាជនកម្ពុជាប៉ុន្មានលាននាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម? និង ២) តើលោកយាយលោកតាធ្លាប់បាននិយាយប្រាប់ពីរឿងរ៉ាវ និងបទពិសោធន៍របស់គាត់ឆ្លងកាត់របបខ្មែរក្រហមដែរឬទេ? ផ្សាភ្ជាប់សំណួរខាងលើ លោក ផេង ពង្សរ៉ាស៊ី បានអធិប្បាយពីគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម ដែលនាំដល់ការបង្អត់អាហារ ធ្វើការងារហួសកម្លាំង បែកបាក់ក្រុមគ្រួសារ ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ យុវជនម្នាក់បានសួរសំណួរថា «តើមូលហេតុអ្វីបានជារបបខ្មែរក្រហមដួលរលំ?» លោក ផេង ពង្សរ៉ាស៊ី បានឆ្លើយសំណួរនេះយ៉ាងក្បោះក្បាយ និងបានលើកទឹកចិត្តឱ្យយុវជនដទៃទៀតសួរសំណួរបន្ថែម។

ចុងបញ្ចប់នៃការធ្វើបទបង្ហាញលោក​ ផេង ពង្សរ៉ាស៊ី បានឆ្លើយនឹងសំណួរដែលសួរថា «តើមានប្រជាជនកម្ពុជាស្លាប់ប៉ុន្មានលាននាក់ក្នុងរបបខ្មែរក្រហម?» សិស្សានុសិស្សទាំងអស់ បានកត់ត្រាពីចំនួនអ្នកស្លាប់ចាប់ពី១លាន៧សែននាក់ ទៅ២លាន២សែននាក់ ចូលក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួនទាំងអស់គ្នា។

វេទិកានេះ បានបញ្ចប់នៅម៉ោង១១កន្លះថ្ងៃដដែល ប្រកបដោយលទ្ធផលផ្លែផ្កា។ សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញ បានចាកចេញពីបន្ទប់វេទិកាទាំងទឹកមុខញញឹមញញែម និងបង្ហាញពីការកើនឡើងនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងចំណេះដឹងមួយចំនួនទៀតដែលផ្តល់ឱ្យដោយវាគ្មិន នាយក និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ នាយកវិទ្យាល័យ និងគ្រូបង្រៀនខ្លះទៀត ដែលបានចូលរួម និងស្តាប់ការធ្វើបទបង្ហាញនៅក្នុងវេទិកាថ្នាក់រៀន បានបង្ហាញពីភាពរួសរាយរាក់ទាក់យ៉ាងកក់ក្តៅ និងនៅជាមួយយើងរហូតដល់ទីបញ្ចប់នៃវេទិកា។ លោក ហុក មួន មិនត្រឹមតែបានផ្តល់នូវការស្វាគមន៍យ៉ាងល្អដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាតាំងពីដើមរហូតដល់បញ្ចប់វេទិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវទំនុកចិត្តខ្ពស់ដល់យើងក្នុងការអនុវត្តសកម្មភាពអប់រំដោយរលូន រហូតឈានដល់ការសម្រេចលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាព។

នៅចុងបញ្ចប់ ផេង ពង្សរ៉ាស៊ី បានថ្លែងអំណរគុណជាថ្មីម្តងទៀត សម្រាប់ការសហការយ៉ាងល្អប្រសើរ និងបានលើកឡើងពីក្តីសង្ឃឹមសម្រាប់ការសហការនាពេលអនាគតលើវិស័យអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យនានាក្នុងស្រុកព្រៃកប្បាស។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖