ទៃអង្ករ ៖ គោលនយោបាយស្បៀងអាហាររបស់ខ្មែរក្រហម

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងទទួល «ទៃ» សម្រាប់ដាក់អង្ករពីអតីតកងទ័ពខ្មែរក្រហមឈ្មោះ អ៊ូច ខុម អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិអូរគរគីលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលបានខិតខំថែរក្សាជាច្រើនឆ្នាំមកហើយ។ ទៃ នេះមានរាងទ្រវែង និងដេរអំពីក្រណាត់គគីរសម្រាប់ដាក់អង្ករ។ ប្រជាជន និងកងទ័ពនិយមប្រើប្រាស់ទៃ ក្នុងអំឡុងពេលសង្គ្រាម និងពេលរត់ភៀសខ្លួនពីសង្គ្រាម។ ជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហម អតីតកងទ័ពខ្មែរក្រហម និងប្រជាជនបានប្រើប្រាស់ទៃនេះ ព្រោះងាយស្រួលដាក់អង្ករទៅតាមខ្លួន។

«ទៃ» បានផ្ដល់នូវរឿងរ៉ាវជាច្រើន អំពីជីវិតមនុស្ស ដែលមិនអាចទម្លាក់ចោល ទោះឆ្លងកាត់         សង្គ្រាមយ៉ាងណាក៏ដោយ។ ទៃ បានឆ្លុះបញ្ចាំងអំពីបរិបទប្រទេសកម្ពុជាអំឡុងសង្គ្រាម ហើយមានតម្លៃស្មើនឹងជីវិតក្នុងគ្រាអត់ឃ្លាន។ ដូច្នេះ ទៃអង្ករ និងជីវិតគឺមានតម្លៃប្រហាក់ប្រហែលគ្នា ព្រោះខ្មែរក្រហមបានប្រើប្រាស់អង្ករ ឬស្បៀងអាហារ ជាយុទ្ធសាស្រ្ដ ឬគោលនយោបាយជាតិ លើសពីអ្វីដែលយើងបានគិតទៅ    ទៀត។

អង្ករ និងជីវិត

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សចំនួន៤នាក់ ឱ្យមកទស្សនាភាពយន្តឯកសារស្តីពីអន្លង់វែង និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយផ្តោតលើប្រធានបទ «អង្ករ និងជីវិត»។

ការជួបជុំនេះគឺជាពេលវេលានៃការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រកាលពីជិត៥០ឆ្នាំមុន ដែលមានការស្លាប់ដោយសារអត់បាយ។ ចាប់តាំងពីរបបខ្មែរក្រហមគ្រប់គ្រងអំណាចទាំងស្រុងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ គោលនយោបាយអភិវឌ្ឍន៍ជាតិ គឺផ្ដោតសំខាន់ទៅលើវិស័យកសិកម្មដែលជាវិស័យអាទិភាពចម្បងសម្រាប់ប្រែក្លាយសង្គមកម្ពុជា ទៅជាសង្គមមួយដែលគ្មានវណ្ណៈ មានវិស័យកសិកម្មជឿនលឿន និងរុងរឿងមហាលោតផ្លោះមហាអស្ចារ្យ។ ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាសង្គមនិយមមួយខ្លួនទីពឹងខ្លួន។

នៅចន្លោះឆ្នាំ១៩៧៧ ដល់១៩៨០ ជាអំឡុងពេលខ្មែរក្រហមបានដាក់ចេញនូវផែនការបួនឆ្នាំ ដែលផ្ដោតទៅលើការបង្កបង្កើនផលស្រូវដើម្បីសម្រេចនូវគោលដៅរួមនៃបដិវត្ដន៍របស់ខ្លួន។ ជំហានដំបូង ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ លុបបំបាត់ទីផ្សារ រូបិយប័ណ្ណ និងកម្មសិទ្ធិឯកជន ហើយប្រមូលផ្ដុំមនុស្សឱ្យរស់នៅរួម និងធ្វើការងារតាមសហករណ៍។ ខ្មែរក្រហមមានគម្រោងផលិតស្រូវឱ្យបាន២៦,៥៦០,០០០តោន ដោយ១១លានតោនកិនជាអង្ករយកទៅលក់នៅក្រៅប្រទេស។ ចំណែកឯទិន្នផលផ្សេងទៀតទុកសម្រាប់ធ្វើជាស្បៀងអាហារ និងគ្រាប់ពូជ។ ខ្មែរក្រហមបានដាក់ផែនការផលិតស្រូវឱ្យបាន៣ទៅ៤តោនក្នុងមួយហិកតា។ ប្រភេទដីនៅក្នុងប្រទេសកម្ពុជាមិនអំណោយផលទាំងអស់ទេ ដូច្នេះហើយគោលនយោបាយដែលគ្របដណ្ដប់លើផ្ទៃប្រទេសនេះ វាជាចំនួនមួយដ៏លំបាក។

ជាក់ស្ដែងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបានជួបប្រទះការលំបាក ភាពអត់ឃ្លានធ្ងន់ធ្ងរ និងការសម្លាប់ដ៏មហាសោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដ។ ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនកសាងទំនប់ទឹក រែកដី ជីកប្រឡាយ និងធ្វើប្រព័ន្ធធារាសាស្ដ្រដែលសុទ្ធសឹងតែប្រើកម្លាំងមនុស្សទាំងស្រុង។ មានអតីតខ្មែរក្រហមមួយចំនួននៅក្នុងស្រុកអន្លង់វែងបច្ចុប្បន្នបាននិយាយថា ក្នុងសម័យខ្មែរក្រហមមានគ្រឿងចក្រតិចតួចប៉ុណ្ណោះសម្រាប់រុញពង្រាបដីនៅពេលប្រជាជនលើកដីចាក់លើខ្នងទំនប់។ រីឯផលិតកម្មស្រូវ ឬអង្ករ ខ្មែរក្រហមមិនមែនគ្រាន់តែអនុវត្ដជាកសិកម្មធម្មតាៗតែប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយជាឧបករណ៍នយោបាយជាយុទ្ធសាស្រ្ដ ដែលប្រជាជនមិនធ្លាប់ជួបប្រទះតាំងពីប្រពៃណីដូនតារបស់ខ្លួនមក។

នៅក្នុងរបបកម្ពុជាខ្មែរក្រហម (១៩៧៥-១៩៧៩) ពុំមានប្រជាជនណាម្នាក់ទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ប្រជាជនភាគច្រើនហូបតែបបរលាយពោត លាយដើមចេក និងលាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មាភិបាល និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះ ដែលមានបាយហូបគ្រប់គ្រាន់ ឬប្រសើរជាងប្រជាជន។ ការសម្លាប់ និងការធ្វើការងារហួសកម្លាំង គឺជាអ្វីដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចងចាំ និងផ្ដាំតកូនតចៅរហូតដល់សព្វថ្ងៃ។

ក្រោមរបបខ្មែរក្រហម ប្រជាជនប្រហែលប្រាំសែននាក់ត្រូវបានសម្លាប់ដោយការចោទប្រកាន់ពីបទប្រឆាំងនឹងបដិវត្ដន៍ និងអង្គការ។ «ប្រជាជនថ្មី» រាប់ពាន់នាក់ដែលមិនមានបទពិសោធន៍ ឬជំនាញក្នុងការធ្វើស្រែចម្ការបានបាត់ខ្លួន។ ប្រជាជនត្រូវបានយកទៅព្រៃជ្រៅ ឬទីវាលឆ្ងាយពីភូមិស្រុកដើម្បីសម្លាប់ បន្ទាប់ពីអ្នកទាំងនោះបានប្រព្រឹត្ដនូវអំពើដែលខ្មែរក្រហមចាត់ទុកថាជាកំហុសឆ្គង ឬបានបញ្ចេញកាយវិការខឹងសម្បារនឹងកម្មាភិបាលដឹកនាំរបស់ខ្លួន។ ជនរងគ្រោះខ្លះត្រូវបានកប់ទាំងរស់ ហើយស្លាប់ដោយថប់ដង្ហើម។ ការសម្លាប់មនុស្សត្រូវធ្វើឡើងច្រើនបែបច្រើនសណ្ឋាន។ អ្នកខ្លះត្រូវខ្មែរក្រហមចោទថាបានក្បត់នឹងបដិវត្ដន៍ ឬជាខ្មាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរសន្ដិសុខដើម្បីសួរចម្លើយ។ បន្ទាប់មក អ្នកទោសត្រូវបានបញ្ជូនទៅវាលពិឃាត។ អ្នកទោសត្រូវបង្ខំឱ្យលុតជង្គង់នៅមាត់រណ្ដៅ មុននឹងត្រូវសម្លាប់ដោយវាយចំផ្នែកខាងក្រោយនៃក្បាលជាមួយនឹងប៉ែល ចបកាប់ ឬដំបង។

សិស្សានុសិស្សមើលឃើញថា ការកែនប្រជាជនឱ្យធ្វើការគឺជាការបំបាក់កម្លាំង និងគួរឱ្យខ្លាចបំផុត ហើយជាការរំលោភសិទ្ធិរបស់ប្រជាជនម្នាក់ៗ។

ចាន់ វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ យល់ឃើញថា៖ «ខ្ញុំចង់ឱ្យប្រទេសជាតិមានការរីកចម្រើន ហើយឃើញថាសង្គមយើងមានការផ្លាស់ប្ដូរដោយមិនប្រកាន់នូវអាកប្បកិរិយាដូចពីមុនទៀត។ ក្នុងនាមខ្ញុំជាអ្នកជំនាន់ក្រោយ ប្រសិនបើខ្ញុំស្ថិតនៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនអាចតស៊ូនឹងភាពអត់ឃ្លាន និងការងារ​លំបាកបានទេ ពីព្រោះខ្ញុំអាចធ្លាក់ខ្លួនឈឺ»។

ឆេង វ៉ុន ភេទប្រុស អាយុ១៦ឆ្នាំ យល់ឃើញថា៖ «នៅពេលខ្ញុំបានទស្សនាកុននៅមុននេះហើយ ខ្ញុំបានឃើញការឆ្លុះបញ្ចាំងជាច្រើន និងមានក្ដីស្រណោះអាណិតដល់ប្រជាជននៅសម័យខ្មែរក្រហមពីព្រោះប្រជាជនទាំងនោះមិនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនមានកម្លាំងដើម្បីធ្វើការជូនអង្គការខ្មែរក្រហម។ ខ្ញុំមិនចង់ឱ្យមានការរើសអើងប្រជាជននៅអន្លង់វែងទេ ពីព្រោះកាលពីសម័យខ្មែរក្រហម ប្រជាជនត្រូវបង្ខំឱ្យចូលបម្រើក្នុងចលនាបដិវត្ដន៍ ចំណែកឯការរស់នៅក្នុងស្រុកភូមិនាពេលបច្ចុប្បន្ន ខ្ញុំមិនឃើញមានឧក្រិដ្ឋកម្មឃោរឃៅដូចពីមុនទេ ក្រៅពីបញ្ហាសង្គមទូទៅដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬអំពើលួចប្លន់ជាដើម»។

សួត ច័ន្ទថា ភេទប្រុស អាយុ១៦ឆ្នាំ យល់ឃើញថា៖ «វីដេអូដែលចាក់បញ្ចាំងមុននេះ បានឆ្លុះបញ្ចាំងពីសម័យខ្មែរក្រហម ដែលជាសម័យមួយធ្វើឱ្យប្រជាជនមានការលំបាក ហូបចុករួម រស់នៅរួម និងធ្វើស្រែរួម ហើយពុំមានសិទ្ធិសេរីភាពក្នុងការរស់នៅ។ កុមារតូចៗមិនទទួលបានការរៀនសូត្រ និងយកកុមារទៅធ្វើជាទាហានជាដើម។ វីដេអូខាងលើបានផ្សាភ្ជាប់ទៅនឹងសម័យខ្មែរក្រហមដែលពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ហើយវិស័យផ្សេងៗមិនសូវទូលំទូលាយដូចជាវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ប្រជាជនត្រូវខិតខំប្រឹងប្រែងធ្វើការងារ បើមិនដូច្នោះទេ នឹងទទួលរងការធ្វើបាប»។

គោលគំនិតរបស់ជម្ឈមណ្ឌលសន្ដិភាពអន្លង់វែង ចំពោះការចាក់បញ្ចាំងខ្សែភាពយន្ដឯកសារ «អន្លង់វែង» ទៅកាន់សិស្សានុសិស្សក្នុងន័យថា៖ ទិដ្ឋភាពដែលបង្ហាញទាំងនោះ បាន​បង្កប់ទៅដោយអត្ថន័យប្រវត្ដិសាស្រ្ដ និងការវិលទៅរកសេរីភាព និងជីវភាពឯកជនវិញ។ រដូវកាលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការច្រូតកាត់ស្រូវយ៉ាងនឿយហត់។ តែទោះជាយ៉ាងណា ប្រវត្ដិសាស្រ្ដបានបង្រៀនយើងថា ស្បៀងអាហារ គឺជាយុទ្ធសាស្រ្ដស្លាប់រស់របស់ប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សង្គមដែលប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមមួយដ៏រឹងមាំ មានភាពធន់ មានសាមគ្គីភាព មានការអភិវឌ្ឍន៍ និងមានស្ថិរភាពសង្គម។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋជួបប្រទះអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ សង្គមនោះមិនអាចថែរក្សាបាននូវសន្តិភាព និងសុខុមាលភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយបានឡើយ។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖