គំនុំសងសឹកដែលមិនអាចរំលត់បាន

មិនខុសពីប្រជាជមូលដ្ឋានឯទៀតក្នុងភូមិក្រាំងវែង និងភូមិដទៃទៀតក្នុងឃុំជាងដែកឡើយ សុផល ត្រូវបានដកហូតសិទ្ធិពីប្រជាជនមូលដ្ឋានមកជាប្រជាជនបញ្ញើ បន្ទាប់ពីគាត់បានជាប់ក្នុងមន្ទីរឃុំឃាំងនៅទួលម្រេញអស់រយៈពេលមួយឆ្នាំគត់ គឺពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ ទោសកំហុសនៃការចាប់ខ្លួន គឺ«សន្តិសម្ព័ន្ធ» ដែលសំដៅលើកំហុសឆ្គងសីលធម៌ និងភ្នាក់ងារចារកម្មខ្មាំង (សេ.អ៊ី.អា) របស់អាមេរិក។

សុខ សុផល ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតមកដល់ពេលនេះ សុផល នៅតែចាំមិនភ្លេចឡើយពីបទពិសោធន៍ជីវិតក្នុងមន្ទីរឃុំឃាំង និងនៅតែមានចិត្តខឹងសម្បារជាមួយ ម៉ែន ពុត ជាកងសន្តិសុខស្រុកកំពង់ត្របែក ដែលបានធ្វើទារុណកម្មគាត់ធ្ងន់ធ្ងររហូតបន្សល់ទុកស្លាកស្នាមដល់ពេលបច្ចុប្បន្ន។ ស្ទើរតែគ្រប់ពាក្យដែល សុផល បាននិយាយប្រាប់យើង គាត់នៅតែមានកំហឹងជ្រាលជ្រៅចំពោះកម្មាភិបាលខ្មែរក្រហម ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការចាប់ខ្លួនគាត់មកដាក់ក្នុងមន្ទីរឃុំឃាំងទួលម្រេញ។ គំនុំសងសឹកដែលស្ថិតក្នុងចិត្តគាត់ គឺមិនត្រូវបានរំលត់ឡើយ ទោះបីជា ម៉ែន ពុត ត្រូវបានសម្លាប់កាលពីខែមករា ឆ្នាំ១៩៧៩ រួចមកហើយក៏ដោយ។ សុផល បាននិយាយថា គាត់នៅតែចង់សម្លាប់ ពុត ដោយផ្ទាល់ដៃ។ ប៉ុន្តែគាត់មិនចង់បញ្ចេញគំនុំនេះជាមួយក្រុមគ្រួសារសាច់ញាតិរបស់ ពុត ឡើយ។

សុខ សុផល ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បច្ចុប្បន្ននេះ សុផល នៅតែជាមនុស្សម្នាក់ដែលមានកម្លាំងពលំមាំមួន មិនខុសពីពេលដែលគាត់នៅវ័យក្មេងឡើយ។ សុផល បានជិះកង់ចាស់របស់គាត់កាត់វាលស្រែពីផ្ទះរបស់គាត់ក្នុងភូមិក្រាំងវែង មកជួបយើងនៅភូមិអង្គ្រង ដើម្បីនិយាយរឿងរ៉ាវជីវិតរបស់គាត់។ ជាមួយនឹងកាយវិការធ្វើត្រាប់ពេលដែលគាត់ត្រូវ ពុត ធ្វើទារុណកម្ម សុផល បានរំឭកឡើងវិញយ៉ាងច្បាស់ និងហាក់នៅថ្មីៗ។ «ស្តាយណាស់ដែល អាពុត វាស្លាប់បាត់ កុំអីត្រូវរបស់ខ្ញុំហើយ» នេះជាការលើកឡើងរបស់ សុផល ក្នុងពេលធ្វើសម្ភាសន៍។ អ្នកភូមិពីរបីនាក់ដែលអង្គុយនៅជិតៗ សុផល បានបញ្ចេញយោបល់តិចតួចដែរពីភាពឃោរឃៅរបស់ ពុត ដែលពាក្យសម្តីទាំងអស់នេះអាចបញ្ជាក់បានថា អ្វីដែល សុផល កំពុងរៀបរាប់ គឺជារឿងរ៉ាវពិតដែលមិនអាចលាក់បាំងបានពីសកម្មភាពសាហាវឃោរឃៅនៃកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋាននៅស្រុកកំពង់ត្របែក។

វាលស្រែក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ សុផល ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំង។ ពុត ជាអ្នកសរសេរលិខិតដោះលែងមួយច្បាប់ រួចប្រគល់ឲ្យ សុផល កាន់មកប្រគល់ឲ្យប្រធានភូមិឈ្មោះ ម៉ែន ឃឹម។ និយាយដល់ឈ្មោះនេះ សុផល បានសំដែងឲ្យដឹងពីការផ្ទុះកំហឹងសារជាថ្មីម្តងទៀត។ គាត់និយាយដូច្នេះថា៖ «អា ម៉ែន ឃឹម គឺមនុស្សតែម្នាក់គត់ដែលបានរាយការណ៍ពីទោសកំហុសឆ្គងរបស់ខ្ញុំ ប្រាប់ទៅកងសន្តិសុខស្រុកឲ្យមកចាប់ខ្លួនខ្ញុំយកទៅកាលពីឆ្នាំ១៩៧៤»។ សុផល បានរំឭកទៀតថា គាត់ពិតជាមានចិត្តចង់សងសឹក ម៉ែន ឃឹម ម្នាក់ទៀត ព្រោះ ឃឹម គឺជាដើមចមនៃការចាប់ខ្លួនគាត់។ សុផល និយាយបន្តថា៖ «ពេលដែលខ្ញុំយកសំបុត្រ អាពុត ទៅប្រគល់ឲ្យវា ខ្ញុំពិតជាចង់សម្លាប់ អាឃឹម ចោលក្នុងពេលនោះ តែខ្ញុំទប់ចិត្តទាន់។ មកដល់ផ្ទះ ខ្ញុំបានសម្លៀងកាំបិតផ្គាក់ រួចហើយប្រុងនឹងដើរចេញទៅកាន់ផ្ទះវា។ តែម្តាយឪពុកខ្ញុំឃាត់ខ្ញុំមិនឲ្យទៅទេ ព្រោះគាត់ប្រាប់ថា គ្រួសារយើងអាចស្លាប់ទាំងអស់គ្នា ដោយសារតែខ្ញុំ។ អ៊ីចឹងហើយ! ខ្ញុំចេះតែទ្រាំទាំងលំបាក ទ្រាំរហូតដល់ពេលបែកឆ្នាំ១៩៧៩»

វាលស្រែក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ភ្លាមៗក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងក្នុងពេលដែលស្រុកភូមិកំពុងត្រូវបានរៀបចំឡើងវិញ សុផល បានស្វែងរក ឃឹម និង ពុត។ ប៉ុន្តែគាត់មិនបានជួបអ្នកទាំងពីរដូចបំណងឡើយ។ ឃឹម បានរត់ភៀសខ្លួនទៅរស់នៅកន្លែងផ្សេងបាត់តាំងពីមានការជ្រួលច្របល់នៅក្នុងភូមិនាចុងឆ្នាំ១៩៧៨ ហើយបាត់ដំណឹងសូន្យឈឹងរហូតមកដល់សព្វថ្ងៃ។ ចំណែក ពុត ត្រូវបានបាញ់សម្លាប់ចោលនៅក្នុងទឹកទន្លេមេគង្គ ក្នុងពេលដែល ពុត បានលោតចេញពីទូកចម្លងទាំងដៃជាប់ចំណងចូលទៅក្នុងទឹកទន្លេក្នុងគោលបំណងសម្លាប់ខ្លួន។

វាលស្រែក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខែតុលា ឆ្នាំ២០២១។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រយៈពេលជាង៤២ឆ្នាំនៃការដួលរលំរបបខ្មែរក្រហមបានកន្លងផុតទៅ។ គំនុំសងសឹងរបស់ សុផល នៅតែស្ថិតក្នុងចិត្តគំនិតរបស់គាត់ជានិច្ច។ ស្លាកស្នាមដែលបន្សល់ទុកពីការធ្វើទារុណកម្មរបស់ ពុត នៅតែអាចមើលឃើញយ៉ាងច្បាស់ ហើយស្លាកស្នាមទាំងនេះបានរំឭកគាត់ជារៀងរហូតពីទង្វើររបស់ ពុត និងឃឹម មកលើរូបគាត់។ សុផល បានរំឮកពីការចងចាំរបស់គាត់ប្រាប់យើងដោយក្តីសោមនស្ស ហើយការចងក្រងខ្សែជីវិតរបស់គាត់សម្រាប់ការអប់រំ ក៏ត្រូវបានធ្វើឡើងព្រមគ្នា និងត្រូវបានបង្ហើបប្រាប់គាត់ឲ្យដឹងជាមុនដែរ។ សាច់រឿងជីវិតរបស់ សុផល គឺជាមេរៀនបន្ថែមមួយទៀតសម្រាប់ក្មេងៗជំនាន់ក្រោយ ក្នុងការពិចារណាឲ្យស៊ីជម្រៅពី «គំនុំសងសឹក និងការផ្សះផ្សាដែលមិនអាចខ្វះបាន»។ តើក្មេងៗជំនាន់ក្រោយដែលបានដឹងរឿងរ៉ាវជីវិតរបស់ សុផល គិតយ៉ាងដូចម្តេចចំពោះគំនុំសងសឹកដែលមិនអាចរំលត់បានបែបនេះ?

អត្ថបទ និងរូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖